ភ្នំពេញៈ អគ្គស្នងការរងនគបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោកម៉ក់ ជីតូ ពីម្សិលមិញបានណែនាំដល់មន្ត្រី ៥ ចំណុច មុនពេលចុះបង្ក្រាបគ្រឿងញៀន ស្របពេលអាជ្ញាធរសម្រេចលុបចោលអាជ្ញាប័ណ្ណមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដែលអនុវត្តផ្ទុយនឹងកិច្ចសន្យា។
សេចក្ដីណែនាំរបស់លោកម៉ក់ ជីតូ ចុះថ្ងៃទី ៤ មីនា នេះបានបង្ហាញថា៖ «ទី ១-ត្រូវបន្តអនុវត្តតាមវិធានជំនាញ និងសុំការអនុញ្ញាតពីថ្នាក់ដឹកនាំ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន ទី ២-ត្រូវស៊ើបអង្កេតប្រមូលព័ត៌មានជំនាញ និងកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់ ដើម្បីចុះបង្ក្រាប ទី ៣-ពេលចុះបង្ក្រាបរួចហើយ ត្រូវជូនដំណឹងដល់នគរបាលមូលដ្ឋានភ្លាម ទី ៤-មិនអនុញ្ញាតឲ្យចុះប្រតិបត្តិការព្រាវៗមិនច្បាស់លាស់ (ឃាត់ច្រឡំ ឆែកឆេរ រកភ័ស្ដុតាងខុសពីជំនាញ) និងទី ៥-មន្ត្រីដែលអនុវត្តខុសច្បាប់ ល្មើសវិន័យ នឹងត្រូវទទួលទោសតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតមួយជម្រាបទៅលោក គិត ធាង ម្ចាស់អាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ុក (Rock Entertainment Center) ដែលចុះហត្ថលេខាដោយលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០១៩ ដែលទទួលបានពីម្សិលមិញ ស្ដីពីការលុបអាជ្ញាប័ណ្ណលេខ ០៥៨/១៨ អ.ទ.ច ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ។
លិខិតបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញអាជ្ញាប័ណ្ណឲ្យប្រកបអាជីវកម្មខារ៉ាអូខេ នៅមជ្ឈមណ្ឌលកម្សាន្ដរ៉ុក ដោយលោកបានធ្វើការធានាអះអាងថា មិនឲ្យមានការប្រើប្រាស់ ឬជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានអាជីវកម្មខ្លួនឡើយ។
ក្រោយមកលោកបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ដោយសន្យាថា មិនអនុញ្ញាតឲ្យមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងនោះទៀតទេ បើមិនអនុវត្តទៅតាមខ្លឹមសារនៃកិច្ចសន្យា លោកសុខចិត្តឲ្យអាជ្ញាធរបិទអាជីវកម្មទាំងស្រុង និងទទួលខុសត្រូវតាមច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ព្រមទាំងច្បាប់ផ្សេងៗទៀត។
លិខិតនោះបន្ថែមថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ សមត្ថកិច្ចបានបង្រ្កាបបទល្មើសគ្រឿងញៀន ដោយបានរកឃើញគ្រឿងញៀន ចំនួន ៤៨,៨១០ គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ៣១១ នាក់ (ស្រី ៥៦ នាក់)។
លិខិតបញ្ជាក់ថា៖ «ដោយករណីនេះ លោកបានអនុវត្តផ្ទុយពីកិច្ចសន្យារបស់ខ្លួន ដូច្នេះរដ្ឋបាលរាជធានីសម្រេចលុបអាជ្ញាប័ណ្ណនេះចេញ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
ដោយឡែក លោក ងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង កាលពីថ្ងៃទី ៣ ខែមីនា បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះគឹម នៀង ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅ ភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នេះបើតាមរបាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្ហាញពីម្សិលមិញ។
របាយការណ៍បន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាចំនួន ៥ ថង់ធំ និង ១ ថង់តូចស្មើ ៥០០,៦៧ ក្រាម ទូរស័ព្ទដៃ ១ គ្រឿង ទូក្បាលគ្រែ (ទុកគ្រឿងញៀន) ១ គ្រឿង ប្រាក់ចំនួន ១០០.០០០ រៀល ជញ្ជីងសម្រាប់ថ្លឹង ១ គ្រឿង និងពូថៅដៃ។ ក្រោយពេលបង្ក្រាប មន្ត្រីជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងតាមនីតិវិធី។ លោក ងួន ទ្ធីរិទ្ធ កាលពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេ។
ស្រដៀងគ្នានេះដែរ តាមរបាយការណ៍ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញ ចុងសប្តាហ៍មុនថា សាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងសាកសួរជនសង្ស័យចំនួន ១៧ នាក់ បន្ទាប់ពីសមត្ថកិច្ចបានចុះធ្វើការបង្ក្រាបក្នុងបទល្មើសជាក់សែ្តងទីតាំងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពាក់ព័ន្ធករណីប្រើប្រាស់ សម្រួល និងចាត់ចែង ដោយខុសច្បាប់នូវសារធាតុញៀនសរុបទម្ងន់ ៤៩,៤៤ គីឡូក្រាម។
ដោយលោកលី សុផាណា ព្រះរាជអាជ្ញាធរងនៃសាលាដំបូងរាជធានីភ្នំពេញ ពីម្សិលមិញប្រាប់ថា លោកកំពុងជាប់រវល់ប្រជុំ មិនអាចនិយាយបានទេ។
ជាមួយគ្នានេះ ជនជាតិចិនចំនួន ១៣ នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរ និងស៊ើបអង្កេតអនុវត្តនីតិវិធីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ប៉ុន្ដែលោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
ក្នុងអំឡុងពេលចុះប្រតិបត្តិការនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរាយការណ៍ថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣១១ នាក់ (ប្រុស ២៥៦ នាក់ និងស្រី ៥៥ នាក់) និងចាប់បានវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។
របាយការណ៍បន្តថា វត្ថុតាងសារធាតុញៀនចាប់យករួមមាន៖ ថ្នាំគ្រាប់អិចស្តាស៊ីគ្រវី ១២ គីឡូក្រាម ២១៩.២៦ ក្រាម កេតាមីន (Ketamine) ៨ គីឡូ-ក្រាម ៩៣៥.០៦ ក្រាម ថ្នាំបន្សាប (Nimetazepam) ៣០៥.១០ ក្រាម មេតំហ្វេតាមីន (ICE) ១.៦ ក្រាម ហេរ៉ូអុីន (Heroine) ០.៦១ ក្រាម ធ្វើតេស្តបឋមមិនច្បាស់លាស់ទម្ងន់ ១៥,១៤គីឡូក្រាម (សង្ស័យធាតុគីមី) សម្បកវេចខ្ចប់ (សម្បកកែវចំនួន ២៤៧ សម្បកកេស និងថង់ផ្លាស្ទីកមួយចំនួន)ទម្ងន់ប្រហែល ១២ គីឡូក្រាម ដោយសរុបជារួមទម្ងន់ ៤៩,៤៤ គីឡូក្រាម។
របាយការណ៍បន្តថា ក្រោយធ្វើការស្រាវជ្រាវលើជនសង្ស័យដែលបានឃាត់ខ្លួននោះ សមត្ថកិច្ចរកឃើញថា ជនសង្ស័យជនជាតិខ្មែរចំនួន ១៧ នាក់ (ប្រុស ១៦ នាក់ និងស្រី ០១ នាក់) និងជនជាតិចិនចំនួន ១៣ នាក់ បានពាក់ព័ន្ធបទល្មើសប្រើប្រាស់ សម្រួល និងចាត់ចែង ដោយខុសច្បាប់នូវសារធាតុញៀន។
ចំពោះមនុស្សចំនួន ២៨១ នាក់ ដោយមានការឯកភាពពីលោកស ថេត និងលោក លី សុផាណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យធ្វើកិច្ចសន្យាត្រឡប់ទៅលំនៅឋានវិញ ដោយមានអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។
លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ថ្លែងថា ករណីគ្រឿងញៀនក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ហាក់គួរឲ្យព្រួយបារម្ភ ដូចករណីនៅមជ្ឈមណ្ឌលកម្សាន្ដរ៉ុក បានធ្វើឲ្យមានការភ្ញាក់ផ្អើលប៉ុន្ដែសមត្ថកិច្ចមិនបានបង្ហាញម្ចាស់ទីតាំងពិតប្រាកដទេ។
លោកបញ្ជាក់ថា៖ «ជារួមយើងចង់ឲ្យសមត្ថកិច្ចទាំងអស់ហ្នឹង ធ្វើការតាមជំនាញឲ្យច្បាស់លាស់ មានវិជ្ជាជីវៈ និងបង្កើនសមត្ថភាពឲ្យខ្លាំងក្លាថែមទៀត យើងឃើញហើយថា បើយើងប្រៀបធៀបនឹងបទល្មើសព្រៃឈើ គេឃើញឡានដឹកឈើធំៗ សមត្ថកិច្ចនៅតែពិបាកក្នុងការទប់ស្កាត់ ចុះទម្រាំតែគ្រឿងញៀនដែលគេដាក់ក្នុងហោប៉ៅតូចៗ តើវានឹងពិបាកទប់ស្កាត់យ៉ាងណា។ ដូច្នេះ ទើបទាមទារឲ្យសមត្ថកិច្ចមានជំនាញត្រឹមត្រូវ បើមិនអ៊ីចឹងទេ វាកាន់តែធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងនៅក្នុងសង្គមយើង»៕