ភ្នំពេញៈ នាយកដ្ឋាន​អន្តោប្រវេសន៍ និង​គយ​សហរដ្ឋអាមេរិក​គ្រោង​នឹង​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​បន្ថែមទៀត​ នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ ដើម្បី​បញ្ជូន​បន្ត​មក​កម្ពុជា​។ នេះ​បើ​យោងតាម​ការប្រកាស​របស់​អង្គការ​ធ្វើការ​ផ្នែក​ច្បាប់ និង​សិទ្ធិមនុស្ស​ឈ្មោះថា​ Asian Ameri- cans Advancing Justice (AAJC)​។

អង្គការ AAJC មាន​មូលដ្ឋាន​នៅ​ទីក្រុង​សានហ្វ្រានស៊ីស្កូ រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តី​ណែនាំ​ក្រើនរំឭក​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​បានប្រកាស​ថា​ពលរដ្ឋ​នៃ​សហគមន៍​ខ្មែរ​ដែល​ធ្លាប់​ទទួល​បាន​ដីកា​សម្រេច​បណ្ដេញចេញ ឬ​ត្រូវ​ចូល​បំភ្លឺ​នៅ​អាជ្ញាធរ​អន្តោប្រវេសន៍ និង​គយ​សូម​ទាក់ទង​អង្គការ​នេះ​ដើម្បី​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់​។

សេចក្ដី​ណែនាំ​បាន​សរសេរ​​ថា​៖ «​បើសិន​ជា​អ្នក​ត្រូវ​ចូល​បំភ្លឺ សូម​នាំ​អ្នក​ណា​ម្នាក់​ទៅជា​មួយ​។ ប្រគល់​កូនសោ​របស់​អ្នក​ ឬ​កាបូប​លុយ និង​ទូរស័ព្ទ​ឲ្យ​អ្នក​ទៅ​ជាមួយ​មុន​ពេល​ចូល​បំភ្លឺ​។ សូម​សរសេរ ឬ​ត្រូវ​ទន្ទេញ​ឲ្យ​ចាំ​នូវ​លេខ​ទូរស័ព្ទ​សំខាន់ៗ​។ បើសិន​ជា​អ្នក​មិន​អាច​ចេញ​មក​វិញ​បាន​ទេ សូម​ឲ្យ​អ្នក​ទៅ​ជាមួយ​ទូរស័ព្ទ​មក​ពួកយើង​ភ្លាម​»​។

អង្គការ AAJC ឲ្យ​ដឹងថា មន្ត្រី​អនុវត្ត​ច្បាប់​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​គយ​អាច​ប្រើប្រាស់ ឡាន​ណា​មួយ​ដែល​មិនមាន​សញ្ញា​ច្បាស់លាស់​ ឬ​អាច​គោះទ្វារ ឬ​ពេលខ្លះ​ពួកគេ​រង់ចាំ​នៅ​កន្លែង​ណាមួយ​រង់ចាំ​ចាប់ខ្លួន​អ្នក​ដែល​គេ​កំណត់​គោលដៅ​បន្ទាប់ពី​អ្នក​ទាំងនោះ​ចេញពី​ធ្វើការ​។

ទោះ​យ៉ាង​ណា​អង្គការ​នេះ​បាន​បញ្ជាក់ថា​៖ «​បើទោះបី​ជា​ឥឡូវនេះ​ជា​ពេលវេលា​គួរ​ឲ្យ​ខ្វល់ខ្វាយ​ក៏ដោយ យើង​ត្រូវ​ដឹងថា សហគមន៍​នឹង​គាំទ្រ​អ្នក​។ វា​អាច​ទៅ​រួច​ក្នុង​ការប្រឆាំង​នឹង​ការបណ្ដេញចេញ​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោកស្រី Aarti Kohli ប្រធាន​អង្គការ AAJC ឬ​អ្នកស្រី Britney Walker មន្ត្រី​ព័ត៌មាន​របស់​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋអាមេរិក​បាន​ទេ​កាលពី​ម្សិលមិញ​។

កាលពី​ខែ​កក្កដា​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ ៣៧ ​នាក់ ​ត្រូវបាន​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​ដោយ​ចាកចេញ​ពី​ទីក្រុង​ដាឡាស រដ្ឋ​តិចសាស់ សហរដ្ឋអាមេរិក​។ នាយកដ្ឋាន​អន្តោប្រវេសន៍ និង​គយ​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​នាពេល​នោះ​ថា ការបណ្ដេញចេញ​ពលរដ្ឋ​កម្ពុជា​បាន​កើនឡើង​ ២៧៩ ​ភាគរយ​ នៅ​ឆ្នាំ​ ២០១៨ ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០១៧​។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​តួលេខ​ប៉ុន្មាន​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៧ ​នោះ​ទេ​។

នាយកដ្ឋាន​ដដែល​បញ្ជាក់​ថា មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ១ ៩០០ ​នាក់​ ដែល​មាន​ដីកា​បណ្ដេញចេញ​ហើយ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។ ក្នុង​ចំនួន​នេះ​មាន​ ១ ៤០០ ​នាក់​ គឺជា​ឧក្រិដ្ឋជន​ដែល​កាត់ទោស​រួចហើយ​។

យោងតាម AAJC ចាប់ពី​ឆ្នាំ​ ២០០២ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​រវាង​កម្ពុជា-អាមេរិក រួចមក​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ប្រមាណ​ ៨០០ ​នាក់ ​ត្រូវបាន​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ហើយ​រហូត​មក​ដល់​ឆ្នាំ​ ២០១៩ ​នេះ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការបញ្ជាក់​ពី​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​ដែល​ជា​ស្ថាប័ន​រ៉ាប់រង​ការទទួល​ពលរដ្ឋ​ខ្មែរ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក​ ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា ការបណ្ដេញចេញ​ពលរដ្ឋ​ទាំង​នោះ​មក​កម្ពុជា​វិញ​គឺ​ធ្វើ​ឡើង​តាម​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ហើយ​ក៏​អាស្រ័យ​លើ​ច្បាប់​ និង​តុលាការ​របស់​អាមេរិក​ដែរ​។

ទោះ​យ៉ាងណា​លោក​ថា ការបណ្តេញចេញ​ដោយ​បង្ខំ រំលោភ​ទៅលើ​គោលការណ៍​មនុស្សធម៌​ និង​សិទ្ធិមនុស្ស ជាពិសេស​នៅពេល​អ្នក​ដែល​ត្រូវបាន​បណ្ដេញចេញ​នោះ​មិន​អាច​ធ្វើ​សមាហរណកម្ម​ទៅក្នុង​ប្រទេស​ដែល​ជា​ទីកន្លែង​ថ្មី​សម្រាប់​ពួកគេ​បាន​។

លោក​ថ្លែងថា​៖ «​អ្នកខ្លះ​កើត​នៅ​អាមេរិក ពួកគេ​មិន​ទាំង​ចេះ​និយាយ​ខ្មែរ មិន​ស្គាល់​វប្បធម៌​ខ្មែរ ហើយ​មិន​មាន​ក្រុមគ្រួសារ​នៅ​ទីនេះ​ទៀត​។ ដូច្នេះ​ការបណ្ដេញ​ពួកគេ​មក​នេះ​គឺ​ដូច​បញ្ជូន​ពួកគេ​ឲ្យ​មក​រង​ទុក្ខ​នៅ​កន្លែង​ផ្សេង​បន្ថែម​ទៀត​»​។ លោក​បន្ថែម​ថា​រដ្ឋ​ដែល​ធ្វើការ​បណ្ដេញចេញ​នេះ​គួរតែ​ទទួល​រ៉ាប់រង​ការចំណាយ​លើ​សេវា​សម្រាប់​ការធ្វើ​សមាហរណកម្ម​ពួកគេ​ទៅក្នុង​សង្គម​។

លោកស្រី​ ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​យល់​ឃើញ​ថា ខ្មែរ-អាមេរិកាំង​ដែល​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​នៅ​អាមេរិក​រួចហើយ​នោះ​ត្រូវ​បាន​គេ​ដាក់ទោស​ម្ដង​ទៀត​ដោយ​ការបណ្ដេញ​ចេញ​មក​ស្រុក​ខ្មែរ​។

លោកស្រី​ថ្លែង​ថា​៖ «​នៅពេល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំងនោះ​ត្រូវ​បាន​បណ្ដេញចេញ ឋានៈ​ជា​ជនភៀសខ្លួន​របស់​ពួកគេ​មិន​គួរ​ត្រូវ​បាន​បំភ្លេច​ចោល​នោះទេ​។ សិទ្ធិមនុស្ស​សម្រាប់​ជន​ភៀសខ្លួន​ត្រូវតែ​ជា​កត្តា​ចម្បង និង​សំខាន់​ក្នុង​ការកំណត់​ជោគវាសនា​របស់​ពួកគេ​»៕