ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​អាមេរិក​​បាន​ទម្លាក់​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស ​កម្ពុជា ​នា​សម័យ​សង្គ្រាម ​​កាល​ពី​ទសវត្សរ៍ ៧០​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​បាន​និយាយ​ថា កាល​ពី​ថ្ងៃ​ពុធ លោក​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​លោក Rune Kristian Dale-Andresen ប្រធាន​អង្គការ Norwegian People''s Aid (​NPA) ​ប្រចាំ​នៅ​កម្ពុជា​ លើ​គម្រោង​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម​ នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស ​កម្ពុជា​ ដែល​មាន​ទឹក​ប្រាក់​ចំនួន ​៤២៥ ​០០០​ ដុល្លារ​អាមេរិក​។ គម្រោង​នេះ គាំទ្រ​ដោយ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​។

លោក​បាន​បន្ត​ថា កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ​ រដ្ឋាភិបាល​អាមេរិក បាន​ផ្ដល់​ជំនួយ ១,៦ លាន​ដុល្លារ​អាមេរិក​​ ដើម្បី​ជួយ​គាំទ្រ​​ដល់​ CMAC លើ​គម្រោង​ស្រាវជ្រាវ និង​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស ​កម្ពុជា ដែល​មាន​រយៈពេល ​១២ ខែ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃទី ​១ ខែ ​មីនា ឆ្នាំ ​២០១៩ ដល់​ថ្ងៃទី ​២៨ ខែ ​កុម្ភ​:​ ឆ្នាំ ​២០២០។

ជំនួយ​ថវិកា​បន្ថែម​តាមរយៈ​អង្គការ​ NPA ​នា​ពេល​នេះ បាន​ធ្វើ​ឲ្យ​ជំនួយ​សរុប​នៅ​ក្នុង​ឆ្នាំ ​២០១៩ របស់​រដ្ឋាភិបាល​អាមេរិក ដល់​ CMAC សម្រាប់​ការ​គាំទ្រ​លើ​គម្រោង​នេះ កើន​ឡើង​រហូត​ដល់​ ២,២៥ ​លាន​ដុល្លារ​។

លោក ​រតនា បាន​បញ្ជាក់​ថា​៖ ​«​គម្រោង​ថវិកា​បន្ថែម​ថ្មី​នេះ​គឺ​សម្រាប់​គាំទ្រ​ដល់​​ការ​ចុះ​សិក្សា​​ស្រាវជ្រាវ និង​បោស​សម្អាត​គ្រាប់​បែក​​​ចង្កោម នៅ​ក្នុង​ភូមិ​គោល​ដៅ​ចំនួន​ ៧៤៤​ ភូមិ​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​កើត​នៃ​ប្រទេស​ កម្ពុជា»​។ ​

នេះ​ជា​ប្រតិបត្តិការ​ឆ្នាំទី២ នៃ​គម្រោង​ស្រាវជ្រាវ និង​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​លើ​ផ្ទៃដី ២ ២០០ ​ហិកតា នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស ​កម្ពុជា ដែល​​កាល​ពី​​ឆ្នាំ ​២០១៨​ កន្លង​ទៅ​នេះ​ CMAC បាន​ទទួល​ជំនួយ​ថវិកា​ចំនួន ​១,៦ ​លាន​ដុល្លារ ​​ពី​រដ្ឋាភិបាល​អាមេរិក។​

សូម​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​មួយ​ដែល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ដើម្បី​​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​កប់​ក្នុង​ដី​កាល​ពី​សម័យ​សង្គ្រាម​។ ក្រៅ​ពី​នេះ ក៏​មាន​ប្រទេស​មួយ​ចំនួន​ក៏​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​សម្រាប់​បោស​​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ផង​ដែរ​ដូច​ជា ប្រទេស ​អូស្ត្រាលី ​បារាំង ជប៉ុន សហភាព​អឺរ៉ុប ​រួម​ទាំង​ទីភ្នាក់ងារ​បរទេស និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត​​៕