ភ្នំពេញៈ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ អគ្គ​មេបញ្ជាការ​​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កងទ័ព​ជើង​គោក ​និង​ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ជាតិ​ប្រឆាំង​​អំពើ​ភេរវកម្ម ​ត្រូវបាន​អញ្ជីញ​ចូល​រួម​សន្និសីទ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពិសេស​តំបន់​ប៉ាស៊ីហ្វិក​ នៅ​ទីក្រុង ​Honolulu កោះ​ហាវ៉ៃ ​សហរដ្ឋ​អាមេរិក ​នា​សប្តាហ៍​នេះ។

លោក​ស្រី Emily Zeeberg អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ​លោក​ ហ៊ុន ម៉ាណែត​ ចូល​រួម​ក្នុង​សន្និសីទ​រយៈ​ពេល​ខ្លី ​ថ្នាក់​បច្ចេកទេស​ និង​ពហុភាគី​ ដោយ​ផ្ដោត​លើ​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ លោក​ត្រូវ​បាន​អញ្ជើញ​ក្នុង​នាម​ប្រធាន​កង​កម្លាំង​ពិសេស​ជាតិ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ​ហើយ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មេ​បញ្ជា​ការ​ប្រមាណ​​ ៣៦​ នាក់នៃ​កង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ​ពី​បណ្ដា​ប្រទេស​នៅ​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក។

លោក​ស្រី​បន្តថា​ សហរដ្ឋ​អាមេរិក​​ធ្វើ​ការ​ជាមួយ​យោធា​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ នៅ​លើ​បញ្ហា​ឆ្លង​ដែន​នានា​ ដែល​រួម​មាន​ប្រឆាំង​ភេរវកម្ម ​សន្តិសុខ​សមុទ្រ​ ការ​ហ្វឹកហ្វឺន​ទាហាន​សម្រាប់​ប្រតិបត្តិការ​សន្តិភាព ​ការ​ប្រយុទ្ធ​ប្រឆាំង​ការគំរាមកំហែង​លើ​សន្តិសុខ​សមុទ្រ​អន្តរជាតិ ​និង​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​ធម្មជា​តិ ​និង​វិបត្តិ​មនុស្សធម៌។

លោក​ស្រី​ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិកជឿ​ជាក់​លើ​ទំនាក់​ទំនង​យោធា​ដ៏​មាន​ផ្លែផ្កាអាច​ជួយ​ឲ្យ​កម្ពុជា​រក្សា​បាន​នូវ​អធិបតេយ្យ​ភាព​​របស់​ខ្លួន​ ពី​ការ​បង្គាប់​បញ្ជា​ដោយ​សេរី ដើម្បី​ធានា​ពី​សន្តិភាព​របស់​ប្រទេស ភាពរីក​ចម្រើន និង​​ឯក​រាជភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។

​យ៉ាង​ណាក្តី​ លោក​ស្រី Emil​y បញ្ជាក់ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ទន្ទឹង​រង់ចាំ​ការ​ធ្វើ​ឲ្យ​ប្រសើ​រឡើង​នូវ​ទំនាក់​ទំនង​យោធា​ជាមួយ​កម្ពុជា ប៉ុន្តែអាច​ធ្វើ​ឡើង​បាន​ «នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ច្រើន​លើ​ការ​ពង្រឹង​ស្ថាប័ន​ និង​អនុវត្ត​ការកំណែ​ទម្រង់ដែល​រួម​មាន​ការ​ទម្លាក់​បទ​ចោទ​សម្រាប់​លោក ​កឹម សុខា ​និង​ការ​អនុញ្ញាត​ឲ្យសង្គម​ស៊ីវិល​ និង​សារ​ព័ត៌មាន​ដំណើរ​ការ​ដោយ​សេរី»។

យោង​តាម​លិខិត​អញ្ជើញ​របស់​លោក Matthew Mason ប្រធាន​ការិយាល័យ​សហ​ប្រតិបត្តិការ​ការពារ​ជាតិ​នៃកង​ទ័ព​អាមេរិក​ដែល​បាន​សរសេរ​ទៅ​លោក​ ហ៊ុន ម៉ាណែត ​កាលពី​ខែមុន ​ហើយ​ត្រូវ​បាន​ផ្សាយ​ដោយ​​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​​ថា ​គោល​ដៅ​នៃ​សន្និសីទ​នេះ​គឺ​ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់តែមាន​ថា​មពល​ឡើង​វិញ បង្កើត​បាន​នូវ​ការ​ផ្សារភ្ជាប់​កាន់​តែ​ខ្លាំង ​និងពិនិត្យ​នូវ​ប្រសិទ្ធ​ភាព​នៃ​ការ​ព្យាយាម​​ដាច់​ដោយ​ឡែក និង​ជា​រួម ​ក្រោម​ប្រធានបទ​ «ភាព​មិន​ងាយ​ទ្រុឌ​ទ្រោម​ក្នុង​អធិបតេយ្យភាព»។​ សន្និសីទ​នេះ​​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី ​៨​ ដល់​ថ្ងៃទី​ ១២​ ខែ​ មេសា ឆ្នាំ ២០១៩។

លោក ​ឈុំ សុជាតិ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ពី​ម្សិល​មិញ​ថា​ លោក​ ហ៊ុន ម៉ាណែត ​បាន​ចាក​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​តាំងពី​យប់​ថ្ងៃ​អាទិត្យ។​ លោក​បន្ថែម​ថា ​​នេះ​ជាលើក​ទី​១ ​របស់​លោក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេ​រិក ក្នុង​ឆ្នាំនេះ ប៉ុន្តែ​ជា​លើក​ទី​២ ​បន្ទាប់​ពី​កម្ពុជា​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពី​ខែ ​កក្កដា ឆ្នាំ ២០១៨។

លោក​ថ្លែង​ថា​៖ «យើង​ស្វាគមន៍​មិត្ត​ទាំង​អស់។ យើង​ជា​ប្រទេស​អព្យាក្រឹត យើង​មិន​មាន​និន្នាការ​ទៅ​ខាង​ណា​ទេ។ បើ​យើង​មាន​ពេល​វេលា​សមរម្យ ​យើង​នឹង​ចូលរួម»។

លោក ​Carl Thayer អ្នកជំនាញ​កិច្ច​ការ​អាស៊ីអាគ្នេយ៍​ និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ New South Wales ប្រទេស​ អូស្ត្រាលី​ បានថ្លែង​តាម​អីុមែល​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​អញ្ជើញលោក​ឧត្ដមសេនីយ៍​ ហ៊ុន ម៉ាណែត​ ទៅ​ចូល​​រួម​បញ្ជាក់ថា ​ទោះ​បី​ជា​មាន​ការ​ធ្លាក់​ចុះ​​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ដោយ​ការ​លុប​ចោល​នូវ​ការធ្វើសមយុទ្ធ​ដែល​បាន​គ្រោងទុក​កាល​ពី​ឆ្នាំ​ ២០១៧ ក៏​ដោយ ​សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​បង្កើត​ទំនាក់​ទំនង​យោធា​ជាមួយ​កម្ពុជា។

លោក​បន្ត​ថា ​នេះ​ជា​ឱកាស​សំខាន់​សម្រាប់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​កសាង​ទំនាក់ទំនងផ្ទាល់​ខ្លួន​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក ​ក៏​ដូច​ជា​កសាង​ទំនាក់​ទំនង​ជាមួយ​តំណាង​យោធា​នៅ​ទូទាំង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកបាន​ថ្លែង​ថា​៖ «វា​ជា​ប្រយោជន៍​សម្រាប់​កម្ពុជា​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង​យោធា​ជាមួយ​អាមេរិក​តាម​តែ​អាច​ធ្វើ​បាន​ដើម្បី​ចៀស​វាង​ការ​ពឹង​ផ្អែក​ផ្នែក​យោធា​លើ​ចិន​ស្ទើរ​ទាំង​ស្រុង។ ខណៈ​ដែល​មិន​មាន​ការ​រំពឹង​ទុក​ច្រើន​ពី​ស្ថានការណ៍​បច្ចុប្បន្ន​នេះ វា​ជា​ការបាត់​បង់​ឱកាស​សម្រាប់​កម្ពុជា​ ប្រ​សិន​បើ​កម្ពុជា​មិន​ភ្ជាប់​ប្រតិបត្តិការ​យោធា​ជាមួយ​អាមេរិកតាម​តែ​អាច​ធ្វើ​បាន ដូច​ជា​ជំនួយ​ផ្នែក​រក្សា​សន្តិភាព ​ប្រឆាំង​អំពើ​ភេរវកម្ម​ជំនួយ​មនុស្ស ធម៌​និង​គ្រោះ​ធម្មជាតិ​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ដូចជា​សង្គ្រាម​បច្ចេកវិទ្យា​ជាដើម»។

លោក ​Carl Thayer បាន​ថ្លែង​ថា​ ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​អាមេរិក​ និង​កម្ពុជា​ស្ថិត​នៅក្នុង​ដៃ​កម្ពុជា។ ប៉ុន្តែ​លោក​​​បន្ថែម​ថា​ អាមេរិក​ត្រូវ​បានភ្ជាប់​យ៉ាង​ខ្លាំង​ទៅដោយ​ច្បាប់​ដែល​រឹត​ត្បិត​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​រដ្ឋាភិបាល​ដែលធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជាធិប​តេយ្យ​ និង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស។

លោកបាន​​បន្ត​ទៀត​ថា ​ច្បាប់ «The Asia Reassurance Initiative Act of 2018» បាន​បញ្ជាក់​ថា ​មាន​ការ​បារម្ភ​អំពី​នីតិរដ្ឋ និង​សេរីភាព​ស៊ីវិល​នៅ​កម្ពុជា​ ហើយ​បាន​រាំង​ខ្ទប់​ការ​ផ្ដល់​មូលនិធិ​ដែល​មាន​ប្រយោជន៍​ដល់​រដ្ឋាភិបាល​កម្ពុជា៕