ភ្នំពេញៈ ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​ក្រសួង​ការពារជាតិ​ប្រគល់​អាវុធ​ប្រភេទ​ CKC ​ចំនួន​ ១ ២១០ ដើម​ ដល់​មន្ទីរ​បរិស្ថាន​រាជធានី-ខេត្ដ​ សម្រាប់​​មន្ត្រី​ឧទ្យាននុរក្ស​ល្បាត ខណៈ​មាន​មន្ដ្រី​ឧទ្យានុរក្ស​ចំនួន​ ៣ ​នាក់​បាន​ស្លាប់​ និង​របួស ​ក្នុង​ពេល​កំពុង​បំពេញ​ការងារ​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ឆ្នាំនេះ​។

រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក ​នេត្រ ​ភក្ដ្រា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​មន្ត្រី​ឧទ្យានុរក្ស​ខ្លះ​រងគ្រោះ​ស្លាប់ និង​របួស​ដោយសារ​តែ​​ជនល្មើស​បាញ់ និង​វាយប្រហារ​ក្នុង​ពេល​ល្បាត​ការពារ​ធនធាន​ធម្មជាតិ ទើប​ក្រសួង​បរិស្ថាន​បានស្នើ​ទៅ​ក្រសួង​ការពារជាតិ និង​ក្រសួងមហាផ្ទៃ​កាលពី​ខែកញ្ញា​ ឆ្នាំ​ ២០១៩ ​ដើម្បី​បំពាក់​អាវុធ​ជា​កាំភ្លើង​វែង​ប្រភេទ CKC ដល់​មន្ត្រី​ឧទ្យានុរក្ស​ប្រមាណ​ ១ ២០០ ​នាក់ ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ប្រើប្រាស់​​ក្នុង​ពេល​ដើរល្បាត​ក្នុង​ដែន​សមត្ថកិច្ច​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការការពារ​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវចម្រុះ​ឱ្យបាន​គង់វង្ស​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ចុងក្រោយ​នេះ មន្ត្រី​ឧទ្យានុរក្ស​ ៣ ​នាក់​ ដែល​រងគ្រោះថ្នាក់​ពេល​បំពេញ​ការងារ​ស្លាប់ ដោយ​ក្រុម​ជនទុច្ចរិត​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ​មាន​ចំនួន​ ១ ​រូប របួស​ ២ ​រូប​ ដោយ​ការបាញ់​របស់​ព្រានព្រៃ​នៅក្នុង​ខេត្តមណ្ឌលគិរី និង​របួស​ដោយ​ការកាប់​របស់​ជនល្មើស​កាប់​រុករាន​ទន្ទ្រាន​ដីធ្លី​នៅ​ខេត្ត​កំពង់ធំ​ចំនួន​ ១ រូប​»​។

តាម​របាយការណ៍​លទ្ធផល​ការងារ​លើ​ការគ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ឆ្នាំ​ ២០១៩ និង​ទិសដៅ​ឆ្នាំ​ ២០២០ ​របស់​ក្រសួង​បរិស្ថាន​ដែល​បង្ហាញ​ក្នុង​សន្និបាត​បូកសរុប​ការងារ​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​ក្រសួង​ការពារជាតិ​ប្រគល់​អាវុធ​ប្រភេទ CKC ចំនួន ១ ២១០ ​ដើម ដល់​មន្ទីរ​បរិស្ថាន​រាជធានី-ខេត្ដ សម្រាប់​មន្ដ្រី​ឧទ្យានុរក្ស​ល្បាត​ការពារ​ធនធាន​ធម្មជាតិ​។

របាយការណ៍​នេះ​បញ្ជាក់ថា​៖ «​ក្រសួង​បរិស្ថាន​ចាត់​បញ្ជូន​មន្ត្រី​ឧទ្យានុរក្ស​ចូល​​រួម​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ការប្រើប្រាស់ ថែទាំ និង​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ តាម​បច្ចេកទេស​ពី​គ្រូបង្វឹក​ជា​យោធាចារ្យ​នៅតាម​បណ្តា​ភូមិសាស្ត្រ​រៀងៗ​ខ្លួន​។ យោធាចារ្យ​បាន និង​កំពុង​បណ្ដុះបណ្ដាល​មន្ដ្រី​ឧទ្យានុរក្ស បង្កើន​សមត្ថភាព​លើ​ការប្រើប្រាស់ ការគ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ និង​ការថែទាំ​អាវុធ​»​។

បើ​តាម​របាយការណ៍​ដដែល​មាន​មន្ដ្រី​ឧទ្យានុរក្ស​សរុប​ចំនួន​ ១ ៣២៣ នាក់​​ ហើយ​ដែល​បាន​ធ្វើ​សច្ចាប្រណិធាន​​ជា​មន្ដ្រីនគរបាល​យុត្ដិធម៌ និង​ភ្នាក់ងារ​នគរបាល​យុត្ដិធម៌​។ ក្នុង​នោះ​ក្រសួង​ក៏​បាន​សហការ​ជាមួយ​ក្រសួង​ការពារជាតិ​ក្នុង​ការបណ្ដុះបណ្ដាល​មន្ដ្រី​ឧទ្យានុរក្ស​ដើម្បី​ពង្រឹងសមត្ថភាព​លើ​នីតិវិធី​ល្បាត​ប្រើប្រាស់​ និង​ថែទាំ​អាវុធ​នៅ​សាលា​នាយទាហាន​សកម្ម​ត្នាតពង ផងដែរ​។

កាលពី​ខែ​កញ្ញា​ក្រសួង​បរិស្ថាន​បានប្រកាស​ថា តំបន់​ការពារ​ធម្មជាតិ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​នេះ​មាន​ចំនួន ៥៧ កន្លែង​មាន​ទំហំ​ប្រមាណ ៧ ២៤៩ ០២៤ ហិកតា​ក្នុង​នោះ​មាន​ឧទ្យាន​ជាតិ​ចំនួន​ ១២ ​កន្លែង​, ដែនជម្រក​សត្វព្រៃ​ចំនួន​ ២០ ​កន្លែង​,​តំបន់​ការពារ​ទេសភាព​ចំនួន​ ១២ ​កន្លែង​, តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ចំនួន​ ៨ ​កន្លែង​,​ តំបន់​រ៉ាមសារ​ចំនួន​ ៥ ​កន្លែង តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ចំនួន​ ២ កន្លែង និង​របៀង​អភិរក្ស​ជីវសាស្ត្រ​ចម្រុះ​ចំនួន​ ៣ ​កន្លែង​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ក្នុង​ការការពារ និង​​អភរិក្ស​តំបន់​ការពារធម្មជាតិ​ទាំងនេះ​មាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ១ ២២០ ​នាក់​ ដែល​កំពុង​ឈរជើង​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ទាំងនោះ​។ មន្ត្រី​ឧទ្យានុរក្ស​ដែល​កាន់​អាវុធ​ពេល​នេះ​ទទួល​បាន​ការបង្វឹក​ពី​យោធាចារ្យ នៅ​តាម​បណ្តា​ភូមិភាគ ដើម្បី​ប្រើប្រាស់ ថែទាំ និង​គ្រប់គ្រង​អាវុធ​ប្រភេទ​ CKC ។

លោក ជា ហ៊ាន ​ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​បាន​លើកឡើង​ថា ការផ្ដល់​ការបណ្ដុះបណ្ដាល និង​បំពាក់អាវុធ​ដល់​មន្ដ្រី​ឧទ្យានុរក្ស​គឺជា​ការល្អ​ប្រសើ​ដើម្បី​អាច​ឲ្យ​មន្ដ្រី​អាច​ការពារ​ខ្លួន​ពេល​ចុះ​អនុវត្ដ​ការងារ​នៅ​តាម​តំបន់​អភិរក្ស​នានា​បាន​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ការលើក​ទឹកចិត្ដ​ដល់​មន្ដ្រី​ឧទ្យានុរក្ស​ចំពោះ​ការអនុវត្ដ​ការងារ​របស់ខ្លួន​។ ​នៅពេល​ដែល​មន្ដ្រី​ឧទ្យានុរក្ស​ចុះទៅ​ល្បាត​ការពារ​ធនធាន​ធម្មជាតិ​ដោយ​មិនមាន​អាវុធ​នោះ​ជនល្មើស​អាច​នឹង​ធ្វើ​សកម្មភាព​ប្រព្រឹត្ដ​បទល្មើស​​មកលើ​មន្ដ្រី​បាន​» ៕