ស្វាយរៀង: កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនអ្នកបើកបររថយន្តដឹកធ្យូងចំនួន ៨ គ្រឿង (រថយន្តតូច ៣ គ្រឿង) ទៅរដ្ឋបាលព្រៃឈើខេត្តកាលពីម្សិលមិញ បន្ទាប់ពីចាប់ឃាត់នៅក្បែរច្រកទ្វារព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិបុស្សមន ឃុំបុស្សមន ស្រុករំដួលកាលពីថ្ងៃទី ១៣ ខែមេសាខណៈរថយន្តទាំងនេះបម្រុងដឹកធ្យូងឆ្លងដែនខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម។
លោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងកាលពីថ្ងៃចន្ទថា កងរាជអាវុធហត្ថស្រុករំដួលដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានឃាត់រថយន្តដឹកធ្យូងចំនួន ៨ គ្រឿង របស់ឈ្មួញមួយក្រុមមានគ្នា ៨ នាក់ ដែលបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់។
លោកបន្តថា ធ្យូងទាំងនេះផលិតពីឈើមានតម្លៃដោយមិនមែនជាធ្យូងដែលផលិតពីសិប្បនិមិ្មតទេ។ ដូច្នេះការដុតធ្យូងឈើគឺជាការកាប់បំផ្លាញព្រៃឈើខុសច្បាប់ធ្វើឲ្យបាត់បង់ព្រៃឈើ។ បន្ទាប់ពីចាប់ឃាត់ខ្លួនមន្ត្រីជំនាញបានសាកសួរម្ចាស់រថយន្តទាំង ៨ នាក់ហើយបានបញ្ជូនបន្តទៅមន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្វាយរៀងកាលពីម្សិលមិញដើម្បីចាត់ចែងតាមនីតិវិធីច្បាប់។
លោក សែ វុទ្ធី បញ្ជាក់ថា៖ «បើតាមច្បាប់គឺគេអនុញ្ញាតឲ្យធ្វើអាជីវកម្មផលិតធ្យូងសិប្បនិមិ្មត ប៉ុន្ដែចំពោះពលរដ្ឋដែលដុតធ្យូងពីឈើគឺគេអនុញ្ញាតឲ្យផលិតក្នុងកម្រិតទ្រង់ទ្រាយបន្តិចបន្តួចប៉ុណ្ណោះ។ ចំពោះករណីនេះឈ្មួញដឹកតាមរថយន្តទ្រង់ទ្រាយធំគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយបម្រុងឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់ទៀតទើបយើងបង្ក្រាប ហើយចាត់វិធានការតាមច្បាប់តែម្ដង»។
លោក គល់ សុវណ្ណ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្វាយរៀង និងលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេដោយទូរស័ព្ទលោកគ្មានអ្នកទទួល។
លោក មាស ចក់ ស្នងការរងនគរបាលខេត្តស្វាយរៀងបានថ្លែងកាលពីថ្ងៃចន្ទថា លោកមិនទាន់បានទទួលដំណឹងនេះទេ ហើយកម្លាំងលោកក៏មិនបានសហការជាមួយកម្លាំងរាជអាវុធហត្ថខេត្តស្វាយរៀងដែរ។ លោកបញ្ជាក់ថា៖ «បើសិនខាងកម្លាំងអាវុធហត្ថខេត្តស្វាយរៀងចុះបង្ក្រាប ផ្ទាល់គឺប្រហែលជាកម្លាំងគាត់មានកម្លាំងគ្រប់គ្រាន់ហើយ ប៉ុន្ដែបើកម្លាំងគាត់មិនគ្រប់គ្រាន់ គាត់អាចស្នើមកកម្លាំងនគរបាលយើងឲ្យជួយក៏បានដែរ»។
តាមសារព័ត៌មានក្នុងស្រុកមួយបានដកស្រង់សម្ដីមន្ត្រីកងរាជអាវុធហត្ថស្រុករំដួលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនិយាយថា នៅយប់ថ្ងៃទី ១២ ខែមេសា មានរថយន្តចំនួន ៨ គ្រឿង បានដឹកធ្យូងតាមផ្លូវជាតិលេខ ៣១៣ រួចឆ្ពោះទៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ដោយបម្រុងឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនបុស្សមន ឃុំបុស្សមន ស្រុករំដួល។
លោកបន្តថា ក្នុងអំឡុងពេលនោះពួកគេបានទៅទាក់ទងសមត្ថកិច្ចប៉ុស្តិ៍ច្រកព្រំដែនទាំងភាគីកម្ពុជា និងវៀតណាមដើម្បីសុំដឹកធ្យូងចូលទៅប្រទេសវៀតណាមប៉ុន្តែលោកមេប៉ុស្ត៍ភាគីកម្ពុជា មិនអនុញ្ញាតឲ្យឆ្លងដែននៅពេលយប់ដោយគ្មានច្បាប់អនុញ្ញាត ហើយបង្គាប់ឲ្យម្ចាស់រថយន្តត្រឡប់ក្រោយវិញ។
លោកបន្ថែមថា ទោះយ៉ាងណាក្រុមឈ្មួញទាំងនោះមិនបានថយក្រោយ ដោយនាំគ្នាបើករថយន្តមកឈប់នៅតាមផ្លូវថ្នល់ជិតច្រកទ្វារព្រំដែន។ លុះដល់ព្រឹកថ្ងៃទី ១៣ ខែមេសា ទើបកងរាជអាវុធហត្ថខេត្តស្វាយរៀងបានចុះល្បាតឃើញក៏ឃាត់សាកសួរ និងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕