ភ្នំពេញៈ ការផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ២០ ​ភាគរយ​របស់​សហភាព​អឺរ៉ុប​សម្រាប់​កម្ពុជា​បាន​ចូល​ជាធរមាន​ពីថ្ងៃ​ទី​ ១២ ​សីហា​ ម្សិលមិញ ប៉ុន្តែ​សហភាព​អឺរ៉ុប​នៅតែ​បន្ត​ជជែក​ជាមួយ​កម្ពុជា និង​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស សិទ្ធិ​ការងារ​នៅ​កម្ពុជា​។ តែ​មន្ត្រី​រដ្ឋាភិបាល​ថ្លែងថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​អាទិភាព​របស់​កម្ពុជា​ពេលនេះ​គឺ​ដោះស្រាយ​វិបត្តិ​កូវីដ​ ១៩ ​រក្សា​ឯករាជភាព និង​អធិបតេយ្យ​របស់​ខ្លួន​។

ដូច​ដែល​បាន​គ្រោង​ទុក​គណៈកម្មការ​អឺរ៉ុប​កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា ការផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែង​តែ​អាវុធ​ (EBA) ​បាន​ចូល​ជាធរមាន​ហើយ​កាលពី​ថ្ងៃទី​ ១២ សីហា​។ ការផ្អាក​ EBA ២០ ​ភាគរយ​នេះ​ធ្វើឲ្យ​ទំនិញ​ចំនួន ៤០ ​មុខ​មាន​តម្លៃ​សរុប​ប្រមាណ ១ ​ពាន់​លាន​អឺរ៉ូ​ត្រូវ​បង់ពន្ធ​ពេល​នាំចូល​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​មាន ២៧ ​ប្រទេស​។

គណៈកម្មការ​អឺរ៉ុប​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​បញ្ជាក់ថា​៖ «​ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការដក​ការទទួល​បាន​ទីផ្សារ​មិន​ជាប់ពន្ធ និង​មិន​កំណត់​កូតា​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ពេលនេះ ចូល​ជា​ធរមាន​ហើយ​។ ​ការទទួល​បាន​ការអនុគ្រោះ​របស់​កម្ពុជា​ក្រោម​ប្រព័ន្ធ EBA ពេលនេះ​ត្រូវ​បាន​ដក​ជា​បណ្ដោះអាសន្ន​ដោយសារ​តែ​ក្ដីបារម្ភ​រឿង​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​ដែល​កើតមាន​នៅក្នុង​ប្រទេស​នេះ​។ សហភាព​អឺរ៉ុប​អនុវត្ត​វិធានការ​នេះ ខណៈ​នៅ​តែ​បើកចំហ​ការជជែក​ជាមួយ​កម្ពុជា​លើ​កំណែទម្រង់​ចាំបាច់​នានា​»​។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​ផ្នែក​ពាណិជ្ជកម្ម លោក Phil Hogan បាន​ថ្លែងថា​អឺរ៉ុប​បាន​ផ្ដល់​ឱកាស​ឲ្យ​កម្ពុជា​អភិវឌ្ឍ​ឧស្សាហកម្ម​សម្រាប់​នាំចេញ បង្កើត​ការងារ និង​អឺរ៉ុប​ឈរ​ជាមួយ​កម្ពុជា​ក្នុង​ពេល​ដែល​ពិភពលោក​ប្រឈម​នឹង​ជំងឺ​រាតត្បាត​។

លោក​​ថ្លែង​ថា​៖ «​ទោះ​យ៉ាងណា ការគាំទ្រ​របស់​យើង​មិន​បំភ្លេចចោល​តម្រូវការ​ចាំបាច់​បន្ទាន់ ដែល​កម្ពុជា​ត្រូវ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​។ ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បន្ត​ការជជែក និង​ស្ដារឡើងវិញ​នូវ​ការទទួល​បាន​ទីផ្សារ​អឺរ៉ុប​សម្រាប់​ទំនិញ​ពី​កម្ពុជា​ប្រសិន​បើ​យើង​មើលឃើញ​មាន​ការរីកចម្រើន​សំខាន់ៗ​ក្នុង​កិច្ចការ​នេះ​»​។

គណៈកម្មការ​អឺរ៉ុប​បញ្ជាក់ថា កម្ពុជា​អាច​នាំចូល​មុខទំនិញ​ដែល​ដក​ ២០ ​ភាគរយ​នេះ​ ដោយ​ត្រូវ​បង់ពន្ធ​ស្របតាម​ប្រទេស​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នានា​អនុវត្ត​។ ​សហភាព​អឺរ៉ុប​នឹង​បន្ត​ជជែក​ជាមួយ​កម្ពុជា ដោយ​ផ្ដោត​សំខាន់​លើ​ការរឹតត្បិត​សេរីភាព​បញ្ចេញមតិ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ក៏ដូចជា​ជម្លោះដីធ្លី សិទ្ធិ​ការងារ​ក្នុង​បរិបទ​នៃ​ការធ្វើ​កំណែទម្រង់​ដែល​កំពុង​បន្ត​។

គណៈកម្មការ​អឺរ៉ុប​បន្តថា កម្ពុជា​​គួរតែ​ចាត់វិធានការ​ដើម្បី​ស្ដារ​សេរីភាព​ផ្នែក​នយោបាយ បង្កើន​នូវ​លក្ខខណ្ឌ​សម្រាប់​គណបក្ស​ប្រឆាំង​បែប​ប្រជាធិបតេយ្យ និង​ដែល​អាច​ជឿទុកចិត្ត​បាន និង​ផ្ដួចផ្ដើម​ដំណើរការ​ផ្សាះផ្សា​ជាតិ​តាមរយៈ​ការសន្ទនា ដែល​ស្មោះត្រង់ និង​បរិយាប័ន្ន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ការរីកចម្រើន​សំខាន់ៗ ជាពិសេស​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ គណៈកម្មការ​ប្រហែល​ជា​ពិនិត្យ​ឡើង​វិញ​ការសម្រេចចិត្ត​របស់​ខ្លួន និង​អាច​ផ្ដល់​ការអនុគ្រោះ​ពន្ធ​ឡើងវិញ​ក្រោម​ប្រព័ន្ធ​គ្រប់​មុខទំនិញ​លើកលែង​តែ​អាវុធ​ដោយ​ស្របតាម​គោលការណ៍​របស់​សហភាព​អឺរ៉ុប​ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​»​។

គណៈកម្មការ​អឺរ៉ុប​ក៏​បាន​ថ្លែងប្រាប់​តាម​អ៊ីមែល​ពី​ម្សិលមិញ​ថា ខ្លួន​ឃ្លាំមើល​យ៉ាង​ដិតដល់​លើ​ការវិវត្ត​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួមទាំង​ការចាប់​ខ្លួន​លោក​ រ៉ុង ឈុន កាលពី​ពេល​ថ្មីៗ​នេះ​ផងដែរ​។

គណៈកម្មការ​អឺរ៉ុប​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​កម្ពុជា​មាន​ចំនួន​ ៥,៦ ​ពាន់លានអឺរ៉ូ​កាលពី​ឆ្នាំ​ ២០១៩​។ សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី​ ២ ​របស់​កម្ពុជា (១១,៩ ​ភាគរយ​) បន្ទាប់ពី​ចិន​ (២៣,៦ ​ភាគរយ​)​។ កម្ពុជា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី​ ៥៤ របស់​សហភាព​អឺរ៉ុប ឬ មាន​កម្រិត​ពាណិជ្ជកម្ម ០,១ ​ភាគរយ​។

អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក មាស សុខសេនសាន បាន​ថ្លែងប្រាប់​ពី​ម្សិលមិញ​ថា កម្ពុជា​បាន​ត្រៀម​​ខ្លួន​លើ​ការដក​នេះ​តាំងពី​ដើម​ឆ្នាំ​ ២០១៩ មុនពេល​មាន​វិបត្តិ​កូវីដ​​ ១៩ ​មកដល់​។ លោក​បាន​​បញ្ជាក់ថា ថវិកា​ដែល​រដ្ឋាភិបាល​បាន​ត្រៀម​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​ ២ ​នេះ​មាន​​ចំនួន ១ ១៦៤ ​លាន​ដុល្លារ​។

លោក​បន្តថា កញ្ចប់​ថវិកា​ដែល​បាន​ត្រៀម ដើម្បី​ឆ្លើយតប​នឹង​ផលប៉ះពាល់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្ដោតលើ​ចំណុច​ធំៗ​ចំនួន​ ៤ រួមមាន ការ​ស្រូប​យក​ការប៉ះទង្គិច ការដោះស្រាយ​បញ្ហា​ជា​រចនាសម្ព័ន្ធ ការពង្រឹង​ភាពធន់​នឹង​វិបត្តិ​លើ​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ ការបង្កើន​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិភាព​នៃ​ស្ថាប័ន​សាធារណៈ​។

ក្នុង​ការឆ្លើយតប​នេះ កម្ពុជា​នឹង​បង្កើត​ការងារ​ថ្មី​ឲ្យ​បាន​កាន់តែ​ច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​ការផ្លាស់ប្ដូរ​ការងារ​ពី​វិស័យ​កាត់ដេរ​ផ្ដល់​ការបណ្ដុះបណ្ដាល​ជំនាញ​រយៈពេល​ខ្លី បង្កើន​ភាពប្រកួតប្រជែង​កម្ពុជា ជំរុញ​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​។ កម្ពុជា​​ក៏​នឹង​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ អនុវត្ត​ថវិកា​ជំរុញ​កំណើន​កំណត់​ប្រភព​ហិរញ្ញប្បទាន​សម្រាប់​អន្តរាគមន៍ និង​បន្ត​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ និង​ធនាគារ​។ នេះ​បើតាម​លោក មាស សុខសេនសាន ដដែល​។

លោក​បន្តថា ក្រៅពី​នេះ​កម្ពុជា​នឹង​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ក្នុង​ការដឹកនាំ​គ្រប់គ្រង និង​អនុវត្ត បង្កើន​ប្រសិទ្ធភាព​នៃ​ការសម្របសម្រួល​ស្ថាប័ន ឬ​មុខងារ ពង្រឹង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​។

លោក មាស សុខ សេនសាន បាន​បញ្ជាក់ថា​៖ «​បន្ថែម​ពីលើ​នេះ យើង​ក៏​កំពុង​ធ្វើ​ឲ្យ​ប្រសើរ​​ឡើង​យ៉ាងច្រើន​លើ​ការចំណាយ​ផ្នែក​ឡូជីស្ទីក​មិនចាំបាច់ សម្រាប់​ក្រុមហ៊ុន​នានា​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា​លើ​ផ្នែក​ប្រកួតប្រជែង​។

ការចំណាយ​មិនចាំបាច់​របស់​ក្រុមហ៊ុន​គឺជា​បន្ទុក​របស់​រដ្ឋាភិបាល​។ ក្រៅពីនេះ​សម្រាប់​ពេលបច្ចុប្បន្ន​នេះ បញ្ហា​កូវីដ​១៩ គឺជា​បញ្ហា​អាទិភាព​ដែល​រដ្ឋាភិបាល​នានា​កំពុង​ប្រយុទ្ធ​ប្រឆាំង​រួមទាំង​រដ្ឋាភិបាល​កម្ពុជា​ផង​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្ពុជា​បាន​ត្រៀមខ្លួន និង​កំពុង​ធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម ដោយ​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កំពុង​ធ្វើ​កិច្ចការ​ឆ្ពោះទៅរក​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង និង​ជប៉ុន​។

លោក​ថ្លែងថា​៖ «​យើង​មាន​កញ្ចប់​ថវិកា​របស់​យើង​ដើម្បី​ធ្វើកំណែទម្រង់​ជា​កញ្ចប់​សម្រាប់​បង្កើន​ភាពប្រកួតប្រជែង​របស់​សហគ្រិន​ដែល​ជួបប្រទះ​ការបាត់បង់ ២០ ​ភាគរយ​នេះ​។ ការបាត់បង់​ ២០ ​ភាគរយ​នេះ មិន​បាន​សេចក្ដី​ថា យើង​បាត់បង់​ទីផ្សារ​អឺរ៉ុប​ទេ យើង​នៅតែ​មាន​សុពលភាព​ដទៃ​ទៀត ហើយ​យើង​បាន​បង្ហាញ​សមត្ថភាព​មួយទៀត​របស់​កម្ពុជា​ក្នុងការ​បង់ពន្ធ​ដូច​អ្នកដទៃ​ដែរ​។ យើង​កំពុង​រក​ទីផ្សារ​ដទៃទៀត​»​។

លោក​ថ្លែងថា ជាគោលការណ៍​កម្ពុជា​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅពេល​ប្រទេស​នេះ​ចាកចេញ​ពី​ស្ថានភាព​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឬ​នៅពេល​ចំណូល​របស់​ពលរដ្ឋ​មាន​ជាង​ ១ ​ពាន់​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។ ​ដោយ​​ឈរលើ​បញ្ហា​នេះ កម្ពុជា​បាន​ត្រៀម​រៀន​រស់​ខ្លួនឯង​ដោយ​​ការបង់ពន្ធ​ដូច​ប្រទេស​ដទៃទៀត​។ ការដក​ ២០ ​ភាគរយ​នេះ​ បាន​ប៉ះពាល់​ដល់​កម្មន្តសាល​មួយ​ចំនួន​ធំ​ដែល​ពេលនេះ​កំពុង​បិទទ្វារ​ដោយសារ​តែ​មាន​​វិបត្តិ​កូវីដ​១៩​។

លោក​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ការបាត់បង់ ២០ ​ភាគរយ​នេះ គ្រាន់តែ​ជា​ការបាត់បង់​កម្មវិធី​មួយ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ប៉ុន្តែ​ជា​ការពិត​ពិភពលោក​កំពុង​ជួបប្រទះ​នឹង​វិបត្តិ​នេះ​ [​កូវីដ​]​។ ប៉ុន្តែ​យើង​បាន​ត្រៀម​លក្ខណៈ​ថា ពេល​ចំណូល​របស់​ពលរដ្ឋ​យើង​កើន​ដល់​ ១ ៥០០ ​ដុល្លារ វា​ជា​បន្ទាត់​ក្រហម​ដែល​កម្ពុជា​ត្រូវ​បាត់បង់​»​។

ពាក់ព័ន្ធ​នឹង​ការលើកឡើង​​របស់​សហភាព​អឺរ៉ុប​អំពី​ការរំលោភសិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​នៅ​កម្ពុជា លោក ផៃ ស៊ីផាន ថ្លែង​ថា កម្ពុជា​ប្រកាន់​គោលជំហរ​ចង់បាន​សិទ្ធិមនុស្ស​មួយ​ដែល​ស្ថិត​នៅក្រោម​ការគោរព​ច្បាប់​។

កម្ពុជា​យក​សន្តិភាព​ជា​ធំ ព្រោះ​វា​ជា​លក្ខខណ្ឌ​នៃ​ការអភិវឌ្ឍ ហើយ​ឯករាជ្យ និង​អធិបតេយ្យ​កម្ពុជា​ត្រូវតែ​ប្ដូរផ្ដាច់​ថែរក្សា​។

លោក​បញ្ជាក់ថា​៖ «​ការលើកឡើង​របស់​មិត្ត​បរទេស​ថា ធ្វើ​អ៊ីចេះ ធ្វើ​អ៊ីចុះ យើង​អរគុណ ក៏​ប៉ុន្តែ​ការសម្រេច​របស់​កម្ពុជា​គឺជា​សិទ្ធិផ្ដាច់មុខ​របស់​កម្ពុជា​។ ការសម្រេច​នេះ​យើង​យក​តាម​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​ចេញ​មក​បោះឆ្នោត​ជា​សកល​»​។

កាលពី​ម្សិលមិញ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅកាត់​ថា GMAC និង​សមាគម​ស្បែកជើង​កម្ពុជា CFA បាន​ចេញ​ផ្សាយ​ការណែនាំ​សម្រាប់​សមាជិក​របស់ខ្លួន​ក៏ដូចជា អ្នកបញ្ជា​ទិញ មុខទំនិញ​ទាំង​ ៤០ ​មុខ​ដែល​ត្រូវ​បង់ពន្ធ​ពេល​នាំចូល​ទីផ្សារ​អឺរ៉ុប​។

លោក​ កាំង ម៉ូនិកា អគ្គលេខាធិការរង​នៃ GMAC ថ្លែង​ពី​ម្សិលមិញ​ថា ការប្រកាស​ដក​ ២០ ​ភាគរយ​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ តែ​ GMAC នៅតែ​សោកស្ដាយ​ចំពោះ​ការដក​នេះ​។ GMAC បានផ្ដល់​ធាតុ​ចូល​សម្រាប់​រដ្ឋាភិបាល​គឺ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​។ លោក​បាន​ថ្លែងថា​៖ «​បញ្ហា​ចម្បង​នាពេលនេះ​គឺ​កូវីដ​១៩ ដែល​លុប​ទៅលើ​បញ្ហា​បណ្ដាល​មកពី EBA»៕

វីដេអូ៖