ភ្នំពេញៈ សហភាព​អឺរ៉ុប​បន្ត​លើក​ពី​ការចាប់​ខ្លួន​សកម្មជន​ជាប់​ពាក់ព័ន្ធ​នឹង​អតីត​បក្សប្រឆាំង​ ករណី​លោក កឹម សុខា និង​បញ្ហា​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA នៅ​ក្នុង​ជំនួប​ទ្វេភាគី​ថ្ងៃ​ចុងក្រោយ​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃ​ទី​ ២៧ ​វិច្ឆិកា​ជា​អ្វី​ដែល​​មន្ត្រី​កម្ពុជា​ថា​មិន​មាន​អ្វី​ថ្មី ក៏ប៉ុន្តែ​​បាន​ពន្យល់​តប​វិញ​យ៉ាង​ច្បាស់​ថា វា​ជា​យន្តការ​អនុវត្ត​ច្បាប់។ នេះ​បើ​តាម​លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

កម្ពុជា និង​សហភាព​អឺរ៉ុប​បាន​រៀបចំ​កិច្ចប្រជុំ​រយៈពេល ៣ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​​ ២៥ ដល់ ២៧ ខែ​វិច្ឆិកា ដើម្បី​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៅ​លើ​គ្រប់​វិស័យ។ កិច្ចប្រជុំ​នេះ​គ្រោង​នឹង​បូក​សរុប​នៅថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​កម្ពុជា​បាន​ស្នើសុំ​ពន្យារ​ពេល​ធ្វើការ​បូក​សរុប​ទៅថ្ងៃ​ក្រោយ​វិញ ដោយសារ​តែ​មាន​ការឆ្លង​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​លើកទី​​ ១។ ​កិច្ចប្រជុំ​នេះ​គឺជា​កិច្ចប្រជុំ​ប្ដូរវេន​ដែល​ធ្វើ​ឡើង​ជា​ទៀងទាត់​រៀង​រាល់​ ២ ​ឆ្នាំ​ម្ដង ដើម្បី​ពិនិត្យ​មើល​ទិដ្ឋភាព​នៃ​គ្រប់​កិច្ចសហប្រតិបត្តិការ។ នេះ​បើ​តាម​លោក ជិន ម៉ាលីន។

លោក​ថ្លែង​ដូច្នេះ​ថា៖ «កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ ប្រធានបទ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ការអនុវត្ត​ច្បាប់ និង​អភិបាលកិច្ច​ល្អ។ នៅក្នុង​នោះ​ខាង​សហភាព​អឺរ៉ុប​បាន​លើក​ពី​ក្ដី​កង្វល់​មួយចំនួន​អំពី​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​ទៅ​លើ​សកម្មជន​អតីត​បក្ស​ប្រឆាំង រួម​ទាំង​ករណី​លោក កឹម សុខា លោក រ៉ុង ឈុន និង​ករណី​គណបក្ស​សង្គ្រោះជាតិ​ជាដើម។ ទាំង​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ វា​ជា​អ្វី​គាត់​នៅ​តែ​លើកឡើង​តាំង​ពី​មុន​មក ហើយ​គាត់​នៅតែ​បារម្ភ​ថា ស្ថានភាព​នេះ​ចាត់​ទុក​ថា​ជាការរំលោភ​សិទ្ធិមនុស្ស និង​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ រឹតត្បិត​សិទ្ធិ​សេរីភាព និង​សិទ្ធិ​ផ្នែក​នយោបាយ​ជាដើម»។

លោក​បន្ត​ថា៖ «ប៉ុន្តែ​ភាគី​កម្ពុជា​បាន​ធ្វើ​សេចក្ដី​ពន្យល់​ និង​បកស្រាយ​ឆ្លើយតប​នឹង​ក្ដីកង្វល់​របស់​គាត់​ថា បញ្ហា​ទាំងនេះ​មិនមែន​ជា​ការរឹតត្បិត ឬ​​ជា​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​ការពារ​សិទ្ធិ​មនុស្ស ឬ​ក៏​ជា​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​នោះ​ទេ គឺ​ជា​យន្តការ​នៃ​ការអនុវត្ត​ច្បាប់​សុទ្ធសាធ។ យើង​ក៏​បាន​ធ្វើការ​ពន្យល់​ពី​ទិដ្ឋភាព​ច្បាប់​នៅ​កម្ពុជា​អំពី​ដំណើរការ​នីតិវិធី​របស់​តុលាការ ដើម្បី​បញ្ជាក់​ប្រាប់​គាត់ថា ទាំង​អស់​នេះ​គឺជា​ការអនុវត្ត​ច្បាប់ មិនមែន​រឿង​សិទ្ធិ​មនុស្ស​ទេ»។

សហភាព​អឺរ៉ុប​ថ្លែង​ថា ការបារម្ភ​របស់​ខ្លួន​លើ​ការអនុវត្ត​ច្បាប់ គឺ​ដោយសារ​តែ​ការអនុវត្ត​ច្បាប់​នោះ​ធ្វើ​ឡើង​លើ​មនុស្ស​ជាច្រើន​ដែល​ជា​សកម្មជន​បក្សប្រឆាំង​ដែល​មាន​រូបភាព​ជា​ការអនុវត្ត​ច្បាប់​លើ​សកម្មជន​នយោបាយ ហើយ​វា​ក៏​ជាមូលដ្ឋាន​មួយ​នៃ​ការផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ផង​ដែរ។ ប៉ុន្តែ​កម្ពុជា​បាន​ពន្យល់​ច្បាស់​ថា ការ​អនុវត្ត​ច្បាប់​មិន​បាន​សំដៅ​លើ​ក្រុម​ណា​មួយ​ទេ គឺ​អនុវត្ត​លើ​អ្នក​បំពាន​ច្បាប់ ដោយ​មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ។ នេះ​បើ​តាម​លោក ជិន ម៉ាលីន។

សហភាព​អឺរ៉ុប​បាន​សម្រេច​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «គ្រប់មុខ​ទំនិញ​លើក​លែង​តែ​អាវុធ» ឬ EBA ចំនួន ២០ ភាគរយ កាលពី​ខែ​កុម្ភៈ​ហើយ​ការសម្រេច​នេះ​បាន​ចូល​ជា​ធរមាន​កាលពី​ខែ​សីហា។ ទោះ​បី​បញ្ហា​​នេះ​ត្រូវ​បាន​លើក​ឡើង​​ក៏ដោយ​​ ក៏​លោក​​ ម៉ាលីន បញ្ជាក់ថា វា​មិន​ជា​គោលដៅ​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​ទេ។ កិច្ចប្រជុំ​ផ្ដោត​សំខាន់​ទៅ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​តទៅ​មុខ​ទៀត ដែល​រួម​ទាំង​ការរៀប​ចំ​យន្តការ​​នៃ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ យន្តការ​នៃ​ការ​តាក់តែង​ច្បាប់​តាម​គោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ​។ ក្រៅ​ពី​នេះ​មាន​ការពិភាក្សា​គ្នា​លម្អិត​ដើម្បី​បង្កើត​​គម្រោង​បណ្ដុះបណ្ដាល​មន្ត្រី​​នៅក្នុង​យុត្តិធម៌​មួយ​ចំនួន។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​យល់​ថា ចាប់​តាំងពី​មាន​ការផ្អាក​ EBA មក វិធានការ​កៀបសង្កត់​របស់​រដ្ឋាភិបាល​លើ​លោក កឹម សុខា និង​សកម្មជន​បក្ស​ប្រឆាំង វា​ហាក់​ដូចជា​មិន​បាន​ថម​ថយ​ទេ។ ផ្ទុយ​ទៅ​វិញ​បើ​គេ​សន្និដ្ឋាន​ដោយ​យោង​ទៅ​លើ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​និង​មេដឹកនាំ​ទាំង​យោធា និង​ស៊ីវិល​ផ្សេង​ទៀត ដែល​ធ្វើ​ឡើង​ពី​ពេល​ថ្មី​នេះ វិធានការ​ទាំងនោះ​ហាក់ដូចជា បាន​ក្លាយ​ជា​ប្រព័ន្ធ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «បន្ទាប់ពី​មាន​ការជជែក​គ្នា​ជាមួយ​សហភាព​អឺរ៉ុប វា​អាច​ទៅ​រួច ដែល​រដ្ឋាភិបាល​អាច​ពន្យារ​ការកាត់ទោស​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ​​​ ១៣០ ​នាក់​ដែល​ថ្មីៗ​នេះ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​​កោះហៅ»៕