ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) បានផ្ដល់​កុំព្យូទ័រ​ថេប្ល៊ិត​ (Tablet) ​ចំនួន​ ១ ៧០០ ​គ្រឿង ​រួម​នឹង​កញ្ចប់​កម្មវិធី​ (software) ​ដល់​ក្រសួង​ផែនការ ដើម្បី​ជួយ​ធ្វើឱ្យ​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ ខណៈ​ការប្រមូល​ទិន្នន័យ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ជំហាន​ទី​ ២ ត្រូវបាន​បញ្ចប់​នៅត្រឹម​យប់​ថ្ងៃទី​ ១៥ ខែកក្កដា​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​កាលពី​ថ្ងៃទី​ ១៥ ខែ​កក្កដា ស្ដីពី​ការផ្ដល់​ថេប្ល៊ិត​ចំនួន ១៧០០ គ្រឿង និង​កញ្ចប់​កម្មវិធី​ (software) ​ដល់​ក្រសួង​ផែនការ​នេះ​បង្ហាញថា ថេប្ល៊ិត​ទាំងនេះ​នឹង​ជួយ​ឱ្យ​មន្ទីរ​ផែនការ​រាជធានី ខេត្ត ក៏ដូចជា​ឃុំ សង្កាត់ អាច​ចុះឈ្មោះ​គ្រួសារ​ដែល​ត្រូវ​មក​ទទួល​បណ្ណ​សមធម៌​ថ្មី កាន់តែ​លឿន​ដើម្បី​ឱ្យ​ពួកគេ​អាច​ទទួល​បាន​ការឧបត្ថម្ភ​ប្រាក់​ឱ្យបាន​ឆាប់​។

លោក​ ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ទទួល ថេប្ល៊ិត នៅ​ក្រសួង​ផែនការ​នៅ​ថ្ងៃទី​ ១៥ ខែកក្កដា ថា កម្ពុជា​ក៏​ដូចជា​សកលលោក​ទាំងមូល​ដែរ គឺ​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩ ជាពិសេស​ចំពោះ​គ្រួសារ​ក្រីក្រ​។ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន រាជរដ្ឋាភិបាល​បាន​សម្រេច​ជួយឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ដែល​មាន​បណ្ណសមធម៌​។ ប៉ុន្តែ​នៅមាន​គ្រួសារ​ក្រីក្រ​ខ្លះ អវត្តមាន​ពី​ការចុះឈ្មោះ​ទទួល​បណ្ណ​សមធម៌ ហើយ​គ្រួសារ​ខ្លះទៀត​ទើប​ធ្លាក់​ខ្លួន​ក្រ ដោយសារ​បាត់បង់​ចំណូល បណ្តាល​មកពី​វិបត្តិ​កូវីដ​១៩​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ដើម្បី​ពន្លឿន​ការចុះឈ្មោះ​ក្រុមគ្រួសារ​ក្រីក្រ​ទាំងនេះ​នៅ​តាម​ឃុំ-សង្កាត់​បន្ថែមទៀត ក្រសួង​ផែនការ​បានស្នើសុំ​កុំព្យូទ័រ Tablet ចំនួន​ ១៧០០ ​គ្រឿង​ពី​អង្គការ UNDP​។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដោយ​ស្មោះ​បំផុត ចំពោះ UNDP និង​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បានរួម​ចំណែក​គាំទ្រ​តាមរយៈ​ការផ្តល់​នូវ​ថេប្ល៊ិត​ទាំងនេះ​ដល់​ក្រសួង​»​។

លោក Nick Beresford តំណាង UNDP ប្រចាំ​ប្រទេស​កម្ពុជា​ថ្លែង​ថា រដ្ឋាភិបាល​អូស្ត្រាលី និង UNDP បានផ្តល់ Tablet ទាំងនេះ​ដល់​ក្រសួង​ផែនការ​ក្នុង​គោលដៅ​ជួយ​ដល់​ការពង្រីក​វិសាលភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម ដើម្បី​ធានាថា គ្រួសារ​ដែល​បាន​ចុះឈ្មោះ​ទទួល​បាន​បណ្ណសមធម៌​អាច​ទទួល​បានការ​ឧបត្ថម្ភ​សាច់ប្រាក់​។ លោក​ថ្លែងថា​៖ «​វា​ជា​ការចូលរួម​ធ្វើឱ្យ​កិច្ចការ​គាំពារ​សង្គម​របស់​អង្គការ​សហប្រជាជាតិ​កាន់តែ​ធំ​ទូលាយ និង​កសាង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ GIZ ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកសាង​នូវ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ តាម​ប្រព័ន្ធ​ឌីជីថល​ពេញលេញ​មួយ​»​។

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក Pablo Kang ថ្លែងថា រដ្ឋាភិបាល​អូស្ត្រាលី​មាន​មោទនភាព ដែល​ការគាំទ្រ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ រាប់បញ្ចូល​ទាំង​ការឧបត្ថម្ភ Tablet ទាំងនេះ​បាន​ជួយ​កសាង​កម្មវិធី​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ឱ្យ​ក្លាយ​ជា​ប្រព័ន្ធ​ពិតប្រាកដ​មួយ​របស់​កម្ពុជា​។ ការគាំទ្រ​នេះ​ក្លាយ​ជា​ប្រព័ន្ធ​គោល​សម្រាប់​ជួយ​សម្រួល​ដល់​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​គ្រួសារ​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូវីដ​ ១៩​។

លោក​ឯកអគ្គ​រដ្ឋទូត​ថ្លែងថា​៖ «​ក្នុងពេល​ជាមួយ​គ្នា​នេះ វា​ក៏បាន​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​នៅ​កម្ពុជា ដោយ​ប្រើ​លក្ខណវិនិច្ឆ័យ​ប្រកប​ដោយ​តម្លាភាព ដែល​នេះ​ជា​លទ្ធផល​មួយ​ដ៏ប្រសើរ​ប្រកបដោយ​សមធម៌​កើតចេញ​ពី​ការអនុវត្ត​កម្មវិធី​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​អូស្ត្រាលី​ជាច្រើន​ឆ្នាំ​»​។

លោក​ ថេង បញ្ញាធន អគ្គនាយក​ផែនការ​នៃ​ក្រសួងផែនការ​ក៏​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​ថា រហូត​មក​ដល់​ពេលនេះ គ្រួសារ​ក្រីក្រ​ទាំង​ជាង ៥៦ ​ម៉ឺន​គ្រួសារ​បាន​ទៅ​បើក​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល ដែល​បាន​ឧបត្ថម្ភ​បាន​ជាង ៩០ ​ភាគរយ​ហើយ​។

លោក​បញ្ជាក់ថា រឿង​ដែល​សំខាន់​គឺ​ការងារ​ដែល​ត្រូវ​ចុះ​អនុវត្ដ​បន្ត​ចំពោះ​ការដោះស្រាយ​បញ្ហា​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ដែល​ត្រូវ​ទទួលបាន​សាច់ប្រាក់​ឧបត្ថម្ភ​ក្នុង​ជំហាន​ទី​ ២ ឱ្យបាន​ទាន់​ពេលវេលា​។ ពិសេស​តាម​អ្វីដែល​បាន​សម្រេច​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ក្រសួងផែនការ​ត្រូវ​ផ្ដល់​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ជំហាន​ទី​ ២ គឺ​ត្រឹម​ម៉ោង​ ៨ ​យប់​ថ្ងៃទី​ ១៥ ខែ​កក្កដា​។

ប៉ុន្ដែ​លោក​បញ្ជាក់ថា​៖ «​ជា​លទ្ធផល​ដែល​បានទទួល​គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែកក្កដា​ គឺ​មាន​គ្រួសារ​ក្រីក្រ​ថ្មី (​ជំហាន​ទី​ ២) នៅក្នុង​បញ្ជី​ចំនួន​ ៤៦ ១០៥ ​គ្រួសារ​។ ក្នុងចំណោម​គ្រួសារ​ក្រីក្រ​ថ្មី​នេះ​មាន​គ្រួសារ​ក្រីក្រ​នៅក្នុង​តំបន់​ទីប្រជុំជន​ចំនួន​ ៦ ៨២៨ គ្រួសារ​នៃ​គ្រួសារ​ក្រីក្រ​ជំហាន​ទី​ ២ ​សរុប​»​។

ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​ក៏​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ១ ​ដែរ​កាលពី​ថ្ងៃទី​ ១៤ ខែ​កក្កដា ដោយ​​បញ្ជាក់ថា​៖ «​ប្រទេស​អាល្លឺម៉ង់​បាន​ប្រកាស​ផ្ដល់​ថវិកា​ចំនួន ១ ​លាន​អឺរ៉ូ​បន្ថែមទៀត​សម្រាប់​កម្មវិធី​អត្ដសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ (IDPoor) ដើម្បី​ផ្ដល់​ការគាំទ្រ​បច្ចេកទេស ដល់​កម្មវិធី​ផ្ទេរប្រាក់​សម្រាប់​ប្រជាជន​ក្រីក្រ​»៕