ភ្នំពេញៈ កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ ហើយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​នោះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រឆាំង​ភេរវកម្ម​ និង​បាន​ប្រកាស​ថា​ជា​ «​សករាជ​ថ្មី​» ​មួយ​នៃ​ទំនាក់​ទំនង​ជិតស្និទ្ធ​។

គេ​ក៏​សង្កេត​ឃើញ​មាន​បាតុករ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ឧទ្យាន Hyde Park ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​សុក្រ​​ ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​បុរស​ខ្លាំង​កម្ពុជា​លោក​ ហ៊ុន សែន ដែល​ទើប​តែ​បាន​ទទួល​ជំនួយ​រាប់លាន​ដុល្លារ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​នៅ​មុន​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។

តាម​ការប៉ាន់​ប្រមាណ​មាន​ក្រុម​អ្នក​តវ៉ា​ប្រហែល​ ៣០០ នាក់​ដែល​ភាគច្រើន​នៃ​ពួកគេ​គឺ​មកពី​សហគមន៍​ខ្មែរ-អូស្ត្រាលី​ដោយ​ពួកគេ​បាន​កាន់​បដា​ទាមទារ​ឱ្យ​ដោះលែង​លោក​ កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​។

លោក​ កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា​កន្លង​ទៅ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «​ក្បត់ជាតិ​» ​ហើយ​ការចោទប្រកាន់​នេះ​ត្រូវ​បាន​គេ​គិត​ថា​ជា​រឿង​នយោបាយ​។ ២ ​ខែ​ក្រោយ​មក​គណបក្ស​របស់​គាត់​ដែល​ជា​គូប្រជែង​ដ៏​ពិតប្រាកដ​​តែ​មួយ​គត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការបោះឆ្នោត​នា​ខែ​កក្កដា ឆ្នាំ​ ២០១៨ ​នាពេល​ខាង​មុខ​នេះ​ត្រូវបាន​រំលាយ​ទាំង​បង្ខំ​។

នៅក្នុង​ការតវ៉ា​នោះ​គេ​ឃើញ​វត្តមាន​របស់​ប៉ូលិស​ជាច្រើន​នាក់​ បន្ទាប់ពី​លោក​ ហ៊ុន សែន ​បាន​ធ្វើការ​គំរាម​កំហែង​ថា​នឹង​ទៅ​តាម​វាយ​អ្នក​តវ៉ា​ដែល​ដុត​រូប​ទីងមោង​បិទ​រូបលោក​ដល់​ផ្ទះ​។ ប៉ុន្តែ​គ្មាន​រូប​ទីងមោង​បិទ​រូប​លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ដុត​នៅក្នុង​ការតវ៉ា​នៅ​ឧទ្យាន Hyde នោះ​ទេ ប៉ុន្តែ​រូប​ទីងមោង​មាន​បិទ​រូប​លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​គេ​ដុត​នៅក្នុង​ការតវ៉ា កាលពី​លើក​មុនៗ​។

ឃើញ​មាន​ព្រះសង្ឃ​ជាច្រើន​អង្គ​ស្លៀក​ស្បង់​ជីវរ​ពណ៌​ទឹកក្រូច​បាន​សូត្រធម៌​មុន​ពេល​ស្ងប់ស្ងាត់​មួយ​នាទី​ដើម្បី​គោរព និង​រំឭក​ដល់​ជនរងគ្រោះ​នៃ​អំពើ​ឃាតកម្ម​នយោបាយ​នៅ​កម្ពុជា​រួម​ទាំង​អ្នក​វិភាគ​នយោបាយ​ដ៏ល្បី​មួយ​រូប​គឺ​លោក​ កែម ឡី ផង​ដែរ​។

ភរិយា​លោក​ កែម ​ឡី ​អ្នកស្រី​ ប៊ូ រចនា ដែល​ទើប​តែ​បាន​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង​មែលប៊ន​ប្រទេស​អូស្ត្រាលី​ទាំង​គ្រួសារ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុម​អ្នកគាំទ្រ​ទាំងអស់​។ ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម​ នូ សង (Nou Sorng) ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ជំរុញ​លោក​ ហ៊ុន សែន ​ឲ្យ​គោរព​សិទិ្ធ​មនុស្ស​។

ព្រះអង្គ​ថ្លែង​ថា​៖​ «​លោក​ ហ៊ុន​ សែន ​តែងតែ​យក​ប្រជាពលរដ្ឋ​របស់​ខ្លួន​ធ្វើ​ជា​ចំណាប់ខ្មាំង​ដោយ​ប្រើ​អំពើហិង្សា និង​បំភិតបំភ័យ​ពួកគេ ហើយ​គាត់​ថែម​ទាំង​គំរាម​កំហែង​ប្រជាពលរដ្ឋ​របស់​ខ្លួន​ថែម​ទៀត​ផង​ ប្រសិន​បើ​ពួកគេ​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ ពួកគេ​នឹង​មិន​អភិវឌ្ឍ​អ្វី​ទេ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

ព្រះអង្គ​បន្ត​ថា​៖ «​យើង​មិន​អាច​រៀបរាប់​ពី​សកម្មភាព​អាក្រក់ៗ​របស់​លោក​ ហ៊ុន សែន ​អស់​ទេ​។ គាត់​ត្រូវ​តែ​ដោះលែង​លោក​​ កឹម សុខា ​និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ធ្វើ​នយោបាយ​វិញ​»​។

បាតុករ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​​​ ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង លោក​ ហ៊ុន សែន នៅ​ឧទ្យាន Hyde Park ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​សុក្រ។ រូបថត AFP

កាលពី​ព្រឹក​ថ្ងៃ​សុក្រ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​ក្រុម​អ្នក​គាំទ្រ​ខ្មែរ-អូស្ត្រាលី​ជាច្រើន​នាក់​នៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ស៊ីដនី​ដោយ​លោក​បាន​ចាប់​ដៃ​ និង​ថតរូប​សែលហ្វ៊ី​ (Selfies) ​ជាមួយ​អ្នកគាំទ្រ​ទាំងនោះ​ផង​ដែរ​។

លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ទើប​តែ​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​។ ហើយ​គេ​បាន​សម្រេច​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​ ៧៨ ​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​នៅ​កម្ពុជា​»​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​កាលពី​ថ្ងៃ​សៅរ៍​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​ឲ្យ​ដឹងថា​៖ «​ជំនួយ​អភិវឌ្ឍន៍​របស់​អូស្ត្រាលី​ដល់​ប្រទេស​កម្ពុជា​គឺ​មិន​មាន​ការផ្លាស់ប្តូរ​នោះ​ទេ​។ គឺ​ចំនួន​ ៨៧.៤ ​លាន​ដុល្លារ​ដដែល​ជា​ជំនួយ​អភិវឌ្ឈន៍​សម្រាប់​ឆ្នាំ​ ២០១៧-២០១៨»​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ក្រៅពី​ផ្តល់​ថវិកា​នេះ អូស្ត្រាលី​ក៏​សន្យា​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ផង​ដែរ​។ ភ្នាក់ងារ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល Fresh News បាន​រាយការណ៍​ថា លោក​ កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អូស្ត្រាលី​បាន​សន្យា​ផ្តល់​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​»​។

ការផ្តល់​ជំនួយ​បែប​ណា​មួយ​គឺ​អាច​ផ្ទុយ​ទៅ​នឹង​ចំណាត់ការ​ពី​អន្តរជាតិ​កាលពី​ពេល​ថ្មីៗ​នេះ​។ ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ដល់​កម្ពុជា​ជាច្រើន​ត្រូវ​បាន​កាត់ផ្តាច់​ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​នៅក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​ទាំងអស់​កាលពី​ខែ​មុន​។

ជាមួយ​គ្នា​នេះ​វា​ក៏​ផ្ទុយ​ទៅ​នឹង​ការទាមទារ​ពី​ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង​ និង​ក្រុម​ការពារ​សិទ្ធិមនុស្ស​ទាំង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ និង​កម្ពុជា​ផង​ដែរ ដែល​ពួកគេ​បាន​អំពាវនាវ​លោក​នាយក​រដ្ឋមន្ត្រី Turnbull ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ចាត់វិធានការ​ឆ្លើយតប​ និង​សាកសួរ​កម្ពុជា​ចំពោះ​ការបង្ក្រាប​លើ​បក្ស​ប្រឆាំង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ និង​អង្គការ​សង្គម​ស៊ីវិល​។

លោក Carlyle Thayer អ្នកឯកទេស​ផ្នែក​សន្តិសុខ​ប្រចាំ​តំបន់​នៅ​សាកល​វិទ្យាល័យ New South Wales បាន​សរសេរ​នៅក្នុង​អ៊ីមែល​ថា​៖ «​វា​មិន​មាន​ការសង្ស័យ​ទេពី​សម្ពាធ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ដែល​នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី Turnbull លើក​បញ្ហា​ទាំងនោះ​ជាមួយ​លោក​ ហ៊ុន សែន​» ​។

លោក​បន្ថែម​ថា​៖ «​ការប្រមូលផ្ដុំ​តវ៉ា​ប្រឆាំង​លោក​ ហ៊ុន សែន និង​ការរំលាយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​នៅ​កម្ពុជា​នេះ​គឺ​បាន​ទាក់ទាញ​ការយក​ចិត្ត​ទុកដាក់​ពី​សាធារណជន​ចំពោះ​បញ្ហា​នេះ​ហើយ​វា​ទំនង​មិន​ថមថយ​ទេ​»​។

នាយក​អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស Human Rights Watch ប្រចាំ​ប្រទេស​អូស្ត្រាលី លោកស្រី Elaine Pearson ដែល​បាន​ថ្លែង​នៅឯ​ការតវ៉ា​កាលពី​ថ្ងៃ​សុក្រ​នោះ​បាន​បញ្ជាក់ថា​អស់​ពេល​បី​ទសវត្សរ៍​មក​ហើយ​លោក​ ហ៊ុន សែន ​បាន​ប្រើ​អំពើ​ហិង្សា​នយោបាយ​ការ​គំរាម​កំហែង​ជា​បន្តបន្ទាប់​ក៏​ដូចជា​អំពើ​ពុករលួយ​ដើម្បី​រក្សា​អំណាច​។

លោកស្រី​ថ្លែង​ថា​៖ «​ការប្រើ​អំពើ​ហិង្សា និង​ការគាបសង្កត់​កាលពី​ពេល​ថ្មីៗ​នេះ​គឺ​មាន​សភាព​ខ្លាំងក្លា​ណាស់​។ កុំ​ធ្វើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​បន្ត​បង្ក្រាប​ប្រជាជន​របស់​គាត់​កាន់តែ​ខ្លាំង​ទៀត​ពីព្រោះ​គាត់​មើល​ឃើញ​ថា​វា​គ្មាន​តម្លៃ​ទេ​ចំពោះ​ចំណាត់ការ​ទាំងនេះ​»​។

លោកស្រី​បន្ថែម​ថា​៖ «​ការតវ៉ា​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​។ ហើយ​រដ្ឋាភិបាល​អូស្ត្រាលី​អាច​ព្យាយាម​លើក​យក​បញ្ហា​សិទិ្ធ​មនុស្ស​ចេញពី​កិច្ចប្រជុំ​កំពូល​ពិសេស​នោះ​។ ប្រជាជន​អូស្ត្រាលី​ឈរ​លើ​សាមគ្គីភាព​ជាមួយ​ប្រជាជន​កម្ពុជា​ហើយ​យើង​នឹង​និយាយ​ប្រឆាំង​ការព្យាយាម​លុប​បំបាត់​បក្ស​ប្រឆាំង​របស់​លោក​ ហ៊ុន សែន ដែល​កំពុង​ធ្វើ​នេះ​»​។

ជាមួយ​គ្នា​នេះ​ដែរ​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ​ក៏​បាន​អំពាវនាវ​ឱ្យ​ដោះលែង​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​លោក James Ricketson ផង​ដែរ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចារកម្ម​បន្ទាប់ពី​គាត់​បាន​បង្ហោះ​យន្តហោះ គ្មាន​មនុស្ស​បើក​ (drone) ពី​លើ​ក្បួន​បាតុកម្ម​របស់​បក្សប្រឆាំង​។

នៅលើ​ទំព័រ​ហ្វេសប៊ុក​លោក​ សម រង្ស៊ី បាន​ជំរុញ​ឲ្យ​លោក​ ហ៊ុន សែន ដោះលែង​លោក Ricketson ដែល​បាន​ជាប់​ពន្ធនាគារ​ចាប់​តាំងពី​ខែ​មិថុនា​មក​នោះ​។ លោក​ សម រង្ស៊ី ​បាន​សរសេរ​ថា​៖ «​លោក Ricketson ត្រូវ​បាន​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​លោក​ ហ៊ុន សែន ​ដើម្បី​បំភិត​បំភ័យ​អ្នក​សារព័ត៌មាន​បរទេស ​កុំ​ឲ្យ​ហ៊ាន​និយាយ​ការពិត​ពី​របប​របស់​គាត់​»៕NS