ភ្នំពេញៈ អ្នកកាសែតម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញប្តឹងប្រឆាំងនឹងក្រុមទាហានកងពលតូច «ង ៧០» ដែលលោកចោទថាបានរួមដៃគ្នាប្រើហិង្សាវាយមកលើរូបលោក បណ្តាលឲ្យហូរឈាមតាមមាត់ ច្រមុះ និងសន្លប់ ក្រោយពីលោកបានថតសកម្មភាពក្រុមទាហាននៅអង្គភាពខាងលើវាយបុរសម្នាក់ឌុបប្រពន្ធមានផ្ទៃពោះក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីយប់ថ្ងៃទី ៣ វិច្ឆិកា។
លោក ម៉ឹង វុទ្ធី ជាអ្នកកាសែតនៅអង្គភាពគេហទំព័រឈ្មោះ «ស្ពានមាស» ហើយដែលជាអតីតមន្ត្រីយោធានៅអង្គភាពកងពលតូចលេខ «៧០» ផងដែរនោះឲ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធនេះជួយស្វែងរកយុត្តិធម៌សម្រាប់លោកដែលជាជនរងគ្រោះក្នុងអំពើហិង្សាដែលបង្កឡើងដោយក្រុមទាហានខាងលើ។
លោក ម៉ឹង វុទ្ធី បញ្ជាក់ថា៖ «យើងរងគ្រោះដែលត្រូវបានគេវាយបែកមុខមាត់។ យើងដាក់ពាក្យប្តឹង ដើម្បីស្វែងរកយុត្តិធម៌ ហើយយើងសង្ឃឹមថាកងរាជអាវុធហត្ថរាជធានីភ្នំពេញនឹងជួយស្វែងរកយុត្តិធម៌ជូនយើង»។
លោកបន្ថែមថាលោកបានថតក្រុមនាយទាហាននៅកងពលតូច «ង ៧០» ដែលបានប្រើអំពើហិង្សាទៅលើបុរសម្នាក់ដែលដឹកប្រពន្ធមានផ្ទៃពោះ បន្ទាប់ពីពួកគេបានជិះម៉ូតូបញ្ច្រាសហើយបានទៅបុកនឹងម៉ូតូរបស់គាត់ ដែលធ្វើឲ្យម៉ូតូរបស់បុរសនោះខូចខាត និងរងរបួស ប៉ុន្តែបែរជាក្រុមកងពលតូចលេខ «៧០» បានស្តីបន្ទោស និងខឹងសម្បាជាមួយគាត់ ហើយវាយទៅលើបុរសរូបនោះទៅវិញ។
លោកបន្តថា៖ «ពេលដែលខ្ញុំឃើញហេតុការណ៍បែបនេះ ខ្ញុំក៏ចុះសួរ ហើយក៏ទាញកាមេរ៉ាថតទាំងម៉ូតូដែលខូច និងម៉ូតូដែលជិះដោយ [ទាហាន] កងពលតូចលេខ ៧០ ហើយនិងសកម្មភាពជុំវិញ។ បន្ទាប់មកមានមនុស្សមួយចំនួនផ្សេងទៀតបានដើរចេញមកពីបន្ទាយវាយទៅលើប្តី ហើយគេចាប់ផ្តើមធ្វើសកម្មភាពវាយមកលើរូបខ្ញុំដើម្បីបំបិទមាត់»។
លោកបញ្ជាក់ថានៅពេលដែលលោកបាននិងកំពុងថតសកម្មភាពគ្រោះថ្នាក់ចរាចរណ៍នោះ ស្រាប់តែពួកទាហានកងពលតូចលេខ ៧០ ប្រមាណជា ២០ នាក់កញ្ឆក់យកទូរស័ព្ទរបស់លោក ដើម្បីយកទៅលុបវីដេអូដែលលោកបានថតពីសកម្មភាពអាក្រក់របស់ពួកគេ ប៉ុន្តែលោកមិនព្រមឲ្យលុប ពួកគេបានស្ទុះមកវាយលើរូបលោកបណ្ដាលឲ្យដួល រងរបួសធ្ងន់ធ្ងរហូរឈាមតាមច្រមុះ និងមាត់កក្លាក់។
ពាក់ព័ន្ធនឹងហិង្សានេះលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថាលោកមិនទាន់បានទទួលព័ត៌មានទាក់ទងនឹងករណីហិង្សានេះនៅឡើយទេ ប៉ុន្តែលោកបញ្ជាក់ថាជនរងគ្រោះអាចដាក់បណ្តឹងប្តឹង ហើយស្ថាប័នពាក់ព័ន្ធនឹងធ្វើការដោះស្រាយ។
ទាក់ទងព័ត៌មានខាងលើនេះភ្នំពេញប៉ុស្តិ៍មិនទាន់អាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច «ង ៧០» បាននៅឡើយទេកាលពីម្សិលមិញ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី មិនអាចទាក់ទងសុំការបញ្ជាក់បានទេកាលពីម្សិលមិញ៕