សៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប កំពុងស្រាវជ្រាវករណីក្រុមអ្នកការពារកន្លែងលេងល្បែងស៊ីសង ១ ហ្វូង ហ៊ុមព័ទ្ធព្រួតគ្នាវាយអ្នកយកព័ត៌មានចំនួន ២ នាក់ ក្នុងពេលចុះបំពេញបេសកកម្ម កាលពីថ្ងៃទី ២៩ ខែមីនា នៅចំណុចភូមិឈូក ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ជាប់ព្រំប្រទល់ ភូមិសុភី ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង។
លោក ភឹង ចិន្តារេត ស្នងការរង និងជាប្រធានផ្នែកព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា លោកមិនទាន់អាចបញ្ជាក់យ៉ាងណាបាននៅឡើយទេ ព្រោះកម្លាំងនគរបាលជំនាញកំពុងតែចុះទៅស្រាវជ្រាវ ជុំវិញករណីនេះនៅមូលដ្ឋាន។
លោកថ្លែងថា៖ «ខ្ញុំបានចាត់កម្លាំងជំនាញឲ្យចុះទៅស្រាវជ្រាវរឿងហ្នឹងហើយកាលពីព្រឹកមិញ។ ឥឡូវពួកគេមិនទាន់ត្រឡប់មកវិញនៅឡើយ។ ហេតុនេះខ្ញុំក៏មិនទាន់អាចបញ្ជាក់ថា យ៉ាងណាបានទេ បាទសូមអធ្យាស្រ័យ»។
លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបថ្លែងថា ក្រុមអ្នកយកព័ត៌មានមានគ្នា ៣ នាក់ ប៉ុន្តែរងគ្រោះក្នុងហេតុការណ៍នោះមាន២នាក់។ ទី១ ឈ្មោះ ឈិត សាវី ភេទប្រុស ជាបុគ្គលិកទូរទស្សន៍ប៊ីធីវី (BTV) ប្រចាំខេត្តសៀមរាប និងទី២ ឈ្មោះ ប្រាក់ សុខឡេង ជាភ្នាក់ងារកាសែតរំដោះជាតិ។ អ្នកទាំង ២ ត្រូវក្រុមអ្នកការពារកន្លែងលេងល្បែងស៊ីសង [លេងបៀ] ១ ហ្វូង មានគ្នា ៦ ទៅ ៧ នាក់ហ៊ុមព័ទ្ធវាយ ព្រមទាំងដកយកកាមេរ៉ា វីដេអូទៀតផង។ ចំណែកម្នាក់ទៀតនៅចាំរថយន្តមិនបានរងគ្រោះនោះទេ។
លោកថ្លែងថា៖ «ខ្ញុំបានសួរទៅអ្នករងគ្រោះទើបបានដឹងថា ការដែលមកវាយហ្នឹងមិនមែនព្រួតវាយម្តងទាំងអស់គ្នាទេ គឺដេញប្រតាយវាយខាងភ្នាក់ងារព័ត៌មាន។ អ៊ីចឹងគាត់គេច គាត់អីចឹងទៅ មិនមែនមកដល់ព្រួតគ្នាវាយម្តង៦ទៅ ៧ នាក់នោះទេ។ មានន័យថា ៣ ឬ ៤ នាក់ រត់មកវាយអ៊ីចឹងទៅ អ្នកសារព័ត៌មានគេចទៅកន្លែងផ្សេងទៅមាន ២ ឬ ៣ នាក់ទៀត ទៅតាមវាយទៀតអ៊ីចឹងទៅ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចស្វែងរកទំនាក់ទំនងសុំការបំភ្លឺ ពីលោក ប្រាក់ សុខឡេង ជាភ្នាក់ងារកាសែតរំដោះជាតិបានទេពីម្សិលមិញ។ ប៉ុន្តែលោកឈិត សាវី អ្នកយកព័ត៌មានរបស់ BTV ប្រចាំខេត្តសៀមរាប ថ្លែងថា មានប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សជួបជុំគ្នាជាច្រើននាក់លេងល្បែងស៊ីសង។ លោកក៏រូតរះទៅថតយករូបភាព ដើម្បីផ្សព្វផ្សាយពីការលែងល្បែងខុសច្បាប់ និងថតពីការជួបជុំគ្នាច្រើន ខុសពីការណែនាំរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែទៅដល់បែរជាត្រូវក្រុមជនសង្ស័យដេញវាយទៅវិញ។
លោកថា៖ «គេផ្តល់ព័ត៌មានថាមានក្រុមអ្នកលេងល្បែងជួបជុំគ្នាច្រើនខ្ញុំក៏ចេញទៅថត។ ប៉ុន្តែពេលទៅពួកគេស្ទាក់ដោយមានដាក់បារ៉ាស់ដាក់អីតាមផ្លូវអ៊ីចឹងទៅ។ ខ្ញុំក៏ឈប់ចុះដើរទៅថត ស្រាប់តែពេលយើងទៅជិតដល់កន្លែង ពួកគេក៏បានចេញមកព្រួតគ្នាដេញវាយដណ្តើមយកកាមេរ៉ា ហើយយើងក៏រត់ចេញទៅប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ទៅ»។
លោក លឹម សម្បត្ដិ អធិការនគរបាលស្រុកប្រាសាទបាគងថ្លែងថា ក្រុមអ្នកសារព័ត៌មានបានទៅដាក់ពាក្យបណ្តឹងនៅកន្លងរបស់លោកប៉ុន្តែលោកមិនបានទទួលទេ ដោយសារតែខុសដែនសមត្ថកិច្ច។
លោកអធិការបញ្ជាក់ថា៖ «គេមកដាក់ពាក្យបណ្តឹងខាងខ្ញុំ ប៉ុន្តែខ្ញុំអត់ទទួលទេ ព្រោះអត់មានពាក់ព័ន្ធនៅខាងខ្ញុំ។ ករណីហ្នឹង គឺនៅខាងទឹកដីស្រុកសូទ្រនិគម។ អ៊ីចឹងយើងមិនអាចរំលោភលើដែនសមត្ថកិច្ចអាជ្ញាធររបស់គេបានទេ យើងណែនាំឲ្យអ្នករងគ្រោះទៅដាក់ពាក្យនៅអធិការស្រុកសូទ្រនិគមវិញ»។
ទោះយ៉ាងណា លោក សម្បត្តិ ប្រាប់ថា បន្ទាប់ពីក្រុមអ្នកសារព័ត៌មានចេញទៅវិញ ក៏មានក្រុមពលរដ្ឋបានយកកាមេរ៉ាវីដេអូមកប្រគល់ឲ្យសមត្ថកិច្ចរក្សាទុក បន្ទាប់មកលោកក៏ប្រគល់ជូនកម្លាំងជំនាញនៃស្នងការនគរបាលខេត្តសៀមរាប។
ចំណែកលោក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគមបានថ្លែងថា មកដល់រសៀលថ្ងៃទី ៣១ ខែមីនា កម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងធ្វើការសួរនាំអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។
«រឿងហ្នឹងគេកំពុងធ្វើការហើយ តែពេលនេះខ្ញុំឆ្លើយមិនចេញទេ ព្រោះគេកំពុងសួរ ដែលមានខាងខេត្តហើយនិងកម្លាំងស្រុកទាំង២កំពុងសហការគ្នា។ ជនសង្ស័យយើងស្គាល់អត្តសញ្ញាណអស់ហើយ គ្រាន់តែមិនទាន់ច្បាស់លាស់ ព្រោះគេឆ្លើយដោះសារដាក់គ្នា។ ណាមួយយើងសាកសួរមនុស្សមិនទាន់ជុំ ហើយកិច្ចការងារហ្នឹងមិនមែនឮគេថាហើយយើងទៅឃាត់ខ្លួននោះទេ» នេះជាការបញ្ជាក់របស់លោក ទេព ចាន់ណា៕