រតនគិរីៈ អ្នកសារព័ត៌មាន ៨ ​នាក់​បានដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា និង​ក្លិប​អ្នកកាសែត​កម្ពុជា ដើម្បី​ស្វែងរក​យុត្តិធម៌ ករណី​ដែល​ក្រុមហ៊ុន SK បាន​ប្តឹង​ពួកគេ​ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពួកគេ​ ១ ​យប់​ដែល​ជា​ការរំលោភ​ទៅលើ​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ពលរដ្ឋ​។

លោក​ លី សុវណ្ណារ៉ា អ្នកយក​ព័ត៌មាន​ពី​ទូរទស្ស​ហង្សមាស​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី ២៥ ខែ​មីនា​ថា កាលពី​ថ្ងៃទី ២០ ខែ​មីនា​លោក និង​អ្នកយកព័ត៌មាន ៧ ​នាក់​ផ្សេង​ទៀត​ដែល​មកពី​ស្ថាប័ន​ខុសៗ​គ្នា​បាន​នាំគ្នា​ចុះទៅ​ភូមិ​ហាត់ប៉ក់ ឃុំ​ហាត់ប៉ក់ ស្រុក​វើនសៃ ដើម្បី​ស្វែងរក​ព័ត៌មាន​។ ចៃដន្យ​អ្នកភូមិ​បានធ្វើ​ពិធី​តម​ភូមិ​តាម​ប្រពៃណី​ហើយ​មិន​អនុញ្ញាតឱ្យ​អ្នក​មកពី​ក្រៅ​ចូល​បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ត្រូវ​ពិន័យ​តាមច្បាប់​ភូមិ​។

បន្ទាប់ពី​ឮដូច្នេះ​ក្រុម​លោក​ក៏បាន​ចាកចេញ​ពី​ភូមិ​នេះ ហើយ​បន្តដំណើរ​ទៅកាន់​ផ្លូវ​ផ្សេងទៀត​។ ក្រោយពី​ចេញពី​ភូមិ​ពួកលោក​ក៏បាន​សួរ​អ្នកដំណើរ​តាមផ្លូវ ដើម្បី​រក​ផ្លូវ​ទៅកាន់​ស្រុក​កូនមុំ​។ អ្នកដំណើរ​នោះ​ក៏​ប្រាប់ផ្លូវ​ទៅកាន់​ស្រុក​នេះ ក្រុម​លោក​ក៏​បន្តដំណើរ​តាមផ្លូវ​ដែល​អ្នកដំណើរ​រូបនោះ​ប្រាប់​រហូត​ចូល​ទៅ​ដល់​ក្រុមហ៊ុន SK ដែល​ជា​ក្រុមហ៊ុន​ឥណ្ឌា ហើយ​ក្រុមហ៊ុន​នេះ​មិនមាន​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​ណាមួយ​ឡើយ​។

លោក សុវណ្ណារ៉ា ថ្លែងថា​៖ «​តាមពិត​យើង​មិន​មាន​បំណង​ទៅ​ក្រុមហ៊ុន​របស់គាត់​ទេ​។ ពេល​ទៅ​ដល់​ហ្នឹង ក៏​សុំ​ការអនុញ្ញាត​ពី​មនុស្ស​នៅក្នុង​ហ្នឹង​ដែរ ថា​ផ្លូវ​ហ្នឹង​អាច​ទៅដល់​ផ្លូវធំ​ ឬ​ក៏​ឆ្លងកាត់​ទៅកាន់​ស្រុក​កូនមុំ​បានអត់​? គាត់​ថា​បាន ប៉ុន្តែ​គាត់​ថា​ទាល់តែ​ចាំ​ជួប​មេការ​គាត់​សិន បាន​យើង​អាច​ទៅបាន ហើយ​ចាំ​មេកា​គាត់​ហ្នឹង​ប្រហែល​ ២ ​ម៉ោង​។ ពេល​មេការ​គាត់​មកដល់​ក៏​ឱ្យ​ពួកយើង​បំពេញ​ឈ្មោះ​ហើយ​នឹង​លេខ​ទូរស័ព្ទ​។ ពេល​បំពេញ​រួចហើយ ក៏​សួរ​គាត់​ថា​ទៅបាន​នៅ​? គាត់​ថា​អត់​ទាន់​ទៅបាន​ទេ ចាំ​បន្តិច​សិន​»​។

លោក​បន្តថា ប្រមាណ​ ២ ​ម៉ោង​ក្រោយមក​រថយន្ត​កម្លាំង​នគរបាល​ស្រុក​កូនមុំ ក៏​បាន​មក​នាំខ្លួន​ក្រុម​លោក​ទៅកាន់​អធិការដ្ឋាន​ស្រុក​កូន​មុំ​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន SK ដែល​បាន​ប្តឹង​ពីបទ​ចូល​ក្រុមហ៊ុន​ដោយ​គ្មាន​ការអនុញ្ញាត​។ សមត្ថកិច្ច​ក៏បាន​ឃុំខ្លួន​ក្រុម​លោក​ទាំង ៨ ​នាក់ ១ ​យប់​រហូត​ដល់​ព្រឹកឡើង​ទើប​ដោះលែង​ បន្ទាប់ពី​បានធ្វើ​កិច្ចសន្យា​មិនឱ្យ​ចូលទៅ​ក្រុមហ៊ុន​សាជាថ្មី​ដោយ​មិនមាន​ការអនុញ្ញាត​។

លោក សុវណ្ណារ៉ា ថ្លែងថា​៖ «​គាត់​ធ្វើ​អ៊ីចឹង វា​អាច​ប៉ះពាល់​ដល់​កិត្តិយស​ និង​សិទ្ធិសេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ពលរដ្ឋ​»​។

លោក​ ភោគ បូរិទ្ធិ អធិការ​ស្រុក​កូនមុំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៥ ខែ​មីនា​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​នេះ​មក​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​នៅ​ម៉ោង​ជិត ៦ ​ល្ងាច​តាម​បណ្តឹង​របស់​ក្រុមហ៊ុន SK ហើយ​ទំរាំ​សួរនាំ​ធ្វើ​នីតិវិធី​ចប់សព្វគ្រប់​គឺ​ដល់​យប់​ជ្រៅ​។ ដោយ​ការធ្វើ​នីតិវិធី​មិនទាន់​ចប់​នៅ​យប់​ថ្ងៃនោះ​ពួកគាត់​ត្រូវបាន​ឃាត់ខ្លួន​រហូត​ដល់​ព្រឹក ដើម្បី​បន្ត​នីតិវិធី ហើយ​បន្ទាប់មក​ត្រូវបាន​ដោះលែង​។

លោក​ថា​៖ «​អាហ្នឹង​ (​ការឃុំខ្លួន​) បើ​នីតិវិធី​ត្រឹមត្រូវ​ហើយ​។ យក​គាត់​មកហើយ​យើង​សួរនាំ​គាត់​អត់​ទាន់​ចប់​ហើយ​បើ​លែង​គាត់​ទៅ​ទាំងយប់​ទី​ ១ ​ធ្វើ​អត់​ទាន់ ហើយ​ទី​ ២ ​ទុកឱ្យ​គាត់​ដើរ​អាណាធិបតេយ្យ​ទៅ​ស្រាប់តែ​គាត់​ជិះ​ម៉ូតូ​ជិះឡាន​ទៅ ត្រូវ​ឡាន​បុក ឬក៏​គាត់​គ្រោះថ្នាក់​តាមផ្លូវ​អី វា​ខុស​ដល់​សមត្ថកិច្ច​»​។

លោក​ថ្លែងថា បន្ទាប់ពី​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​តុលាការខេត្ត តំណាង​ក្រុមហ៊ុន​សូមឱ្យ​ពួកគាត់​ឈប់​ចូល​ទៅក្នុង​ក្រុមហ៊ុន​ដោយ​គ្មាន​ការអនុញ្ញាត​។ ពួកគាត់​ទាំង​ ៨ ​នាក់​ក៏បាន​ធ្វើ​កិច្ច​សន្យាថា ទៅ​ថ្ងៃមុខ​បើ​ចូលក្នុង​ទីតាំង​ក្រុមហ៊ុន​ត្រូវ​មាន​ការអនុញ្ញាត ហើយ​ក៏​មានការ​សម្របសម្រួល​បញ្ចប់​រឿងនេះ​ទៅ​។ បន្ទាប់មក​ពួកគាត់​ត្រូវ​បាន​ដោះលែង​។

លោក ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​បានទេ​កាលពី​ម្សិលមិញ​។ ទោះយ៉ាងណា​លោក បូរិទ្ធិ អះអាង​ថា​ការប្តឹង​របស់​ក្រុមហ៊ុន SK នេះ​ធ្វើ​ឡើង​ដោយសារ​ពួកគាត់​ចូលក្នុង​ទីតាំង​ក្រុមហ៊ុន​ដោយ​គ្មាន​ការអនុញ្ញាត​ដោយ​មិនមាន​ស្លាក​សញ្ញា​សម្គាល់ថា ជា​អ្នក​កាសែត ហើយ​ក្រុមហ៊ុន​ព្រួយបារម្ភ​ទៅលើ​ការរាលដាល​ជំងឺ​កូវីដ​ ១៩ ​ទៅ​ដល់​កម្មករ​ទើប​ឃាត់ខ្លួន​ពួកគេ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន SK ដើម្បី​សុំ​ការបញ្ជាក់​លើ​បញ្ហា​នេះ​បានទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ប៉ុន្តែ​បើ​តាម​ពាក្យ​បណ្តឹង​របស់​ក្រុមហ៊ុន SK ដែល​ផ្តិតមេដៃ​ដោយ​តំណាង​ក្រុមហ៊ុន លោក ប៉ែន វង្ស ធ្វើ​នៅ​ថ្ងៃទី​ ២០ ខែមីនា បញ្ជាក់ថា​៖ «​សូម​ប្តឹង​អ្នកសារព័ត៌មាន​ (៨ ​នាក់ ជិះ​ម៉ូតូ​ ៤ ​គ្រឿង​) ​ចូលក្នុង​ក្រុមហ៊ុន​ខ្ញុំបាទ​ដោយ​គ្មាន​ការអនុញ្ញាត​»៕