ព្រះសីហនុៈ ខណៈភ្លៀងនៅតែបន្តធ្លាក់យ៉ាងជោកជាំស្ទើរពេញផ្ទៃប្រទេសនៅឡើយ ហើយនៅខេត្តព្រះសីហនុដែលគ្របដណ្ដប់ដោយអាកាសធាតុអួអាប់ និងមានភ្លៀងធ្លាក់ខ្លាំងស្ទើរតែរៀងរាល់ថ្ងៃនោះ បែរជាកំពុងប្រឈមចំពោះកង្វះខាតទឹកស្អាតប្រើប្រាស់ទៅវិញ។ នេះបើតាមប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួននៅក្នុងខេត្តទេសចរណ៍ដ៏ល្បីល្បាញជាប់មាត់សមុទ្រមួយនេះកាលពីម្សិលមិញ។
អាជីវករម្នាក់ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុលោក លាង វាសនា អាយុ ៣៦ ឆ្នាំបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងរយៈពេលជាងមួយខែនេះពោលគឺចាប់តាំងពីមានលំហូរនៃវិនិយោគិនចិន មកវិនិយោគនៅក្នុងខេត្ត ព្រះសីហនុ យ៉ាងគំហុកមកអង្គភាពរដ្ឋាករទឹកស្វយ័តខេត្ត ព្រះសីហនុ មិនបានផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះទេ ធ្វើឲ្យការចំណាយរបស់ប្រជាពលរដ្ឋទៅលើការទិញទឹកពីវិស័យឯកជនសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃកើនឡើងកាន់តែច្រើនថែមទៀត។
លោក វាសនា បានថ្លែងថា៖ «ខ្ញុំត្រូវចំណាយលុយយ៉ាងតិច ៥០ ដុល្លារក្នុង ១ សប្ដាហ៍បន្ថែមទៀតទៅលើការទិញទឹកពីវិស័យឯកជនផ្សេងទៀតនៅក្នុងខេត្តនេះ ព្រោះអង្គភាពរដ្ឋាករទឹកស្អាតខេត្តព្រះសីហនុមានភាពរអាក់រអួលក្នុងការផ្គត់ផ្គង់ទឹកដល់ពួកយើង»។
លោកបានបញ្ជាក់ថា៖ «ទឹកដែលផ្គត់ផ្គង់ដោយអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុនៅពេលនេះចេញដូចគេនោមទាស់ហើយថ្ងៃខ្លះមិនមានទឹកសូម្បីតែមួយតំណក់»។
ចំណែកលោក រិន ចាន់ធា អាយុ ៣៨ ឆ្នាំជាប្រជាពលរដ្ឋនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុបាននិយាយថា បើពិនិត្យអំពីការអភិវឌ្ឍលើវិស័យសំណង់សណ្ឋាគារ កាស៊ីណូ រោងចក្រ សហគ្រាស ភោជនីយដ្ឋាន និងផ្ទះសំណាក់ គឺមានការរីកចម្រើនគួរឲ្យមោទនៈ ប៉ុន្តែបញ្ហាចោទនៅពេលនេះគឺដំណោះស្រាយទឹកស្អាតមិនបានឆ្លើយតបតាមតម្រូវការដែលធ្វើឲ្យមានក្ដីព្រួយកង្វល់ខ្លាំង ខណៈបឹងបួដែលជាប្រភពទឹកស្អាតមួយចំនួនត្រូវបានគេចាក់ដីលុបស្ទើរអស់។
លោកបានបញ្ជាក់ថា៖ «មនុស្សយើងរស់បានអាស្រ័យដោយមានទឹកសាបសម្រាប់បរិភោគ និងប្រើប្រាស់ ចុះបើប្រភពទឹកសាបដូចជាបឹងព្រែកទប់ត្រូវគេចាក់ដីលុបស្ទើរអស់ទៅហើយនោះអ៊ីចឹងទៅថ្ងៃអនាគតតើការរស់នៅរបស់យើងជាប្រជាពលរដ្ឋទៅជាយ៉ាងណា?»។
ពាក់ព័ន្ធករណីនេះលោក ផន រតនៈ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ បានថ្លែងដោយទទួលស្គាល់ថាការផ្គត់ផ្គង់ទឹកស្អាតរបស់អង្គភាពនេះ ពិតជាមានភាពរអាក់រអួលមែន ដោយសារតែអង្គភាពនេះផលិតទឹកស្អាតបានប្រមាណត្រឹមតែ ៦០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃប៉ុណ្ណោះគឺស្មើ ៥ ភាគរយនៃតម្រូវការសរុបដែលមានរហូតដល់ ៣៨០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃ។
លោកបានថ្លែងថា៖ «បច្ចុប្បន្នអង្គភាពយើងបានទិញទឹកស្អាតពីក្រុមហ៊ុនផលិតទឹកស្អាតអានកូប្រមាណ ៩៥ ភាគរយ ដើម្បីផ្គត់ផ្គង់ដល់អតិថិជន ប៉ុន្តែដោយសារក្រុមហ៊ុនអានកូត្រូវផ្គត់ផ្គង់ដល់អតិថិជនរបស់គេច្រើនទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុតំបន់សណ្ឋាគារ កាស៊ីណូធំៗនោះបានធ្វើឲ្យការផ្គត់ផ្គង់មកអង្គភាពរដ្ឋាករទឹកខេត្តយើងមិនបានគ្រប់តាមតម្រូវការគឺបានប្រមាណត្រឹមតែ ៨៥ ភាគរយទៅ ៩០ ភាគរយប៉ុណ្ណោះធ្វើឲ្យការផ្គត់ផ្គង់របស់យើងបានត្រឹមចន្លោះពី ៣២០០០ ទៅ ៣៤០០០ ម៉ែត្រគុបក្នុងមួយថ្ងៃពោលគឺខ្វះខាតចន្លោះពី ៤០០០ ម៉ែត្រគុបទៅ ៦០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃ»។
ជាមួយគ្នានេះលោក រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការ និងអាជីវករទាំងអស់មេត្តាអត់ធ្មត់រហូតដល់ចុងខែធ្នូនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ឡើងវិញ ព្រោះក្រុមហ៊ុនអានកូកំពុងជំរុញល្បឿនដំណើការអភិវឌ្ឍខ្សែបណ្ដាញទុយោទឹក និង អាងចម្រោះទឹកស្អាតរបស់ខ្លួនដែលមានសមត្ថភាពផលិតទឹកបានរហូតដល់ ៦ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។
ជុំវិញករណីនេះលោក ណាំ គៀតេង នាយកគ្រប់គ្រងក្រុមហ៊ុនទឹកស្អាតអានកូ ខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងដាក់ទុយោមេដែលមានមុខកាត់រហូតដល់ ៤០០ សង់ទីម៉ែត្រចំនួនពីខ្សែជិតរួចរាល់ហើយខណៈអាងចម្រោះទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបានរហូតដល់ ៦ ម៉ឺនម៉ែត្រគុប និងត្រូវស្ថាបនារួចរាល់នៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះដែលនឹងអាចចាប់ផ្ដើមសាកល្បងបូមទឹកបញ្ចូលនៅដើមខែធ្នូខាងមុខ ហើយយូរបំផុតនៅចុងខែធ្នូ ការផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តព្រះសីហនុនឹងលែងមានបញ្ហាអ្វីទៀតហើយ បើទោះជាមានកំណើនប្រជាជន និងរោងចក្រកើនឡើងច្រើនជាងនេះក៏ដោយ៕