ភ្នំពេញ៖ ប្រទេស ​កម្ពុជា បាន​​រក​​ឃើញ​អ្នក​​ឆ្លង​កូវីដ ១៩ សរុប​កើន​ឡើង​ដល់ ​៣៣ ​​នាក់​ហើយ​ ខណៈ​​ដែល​ក្រសួង​សុខាភិបាល​បាន​យក​សណ្ឋាគារ​ Great Duke និង​មណ្ឌល​សុខភាព​ចាក់​អង្រែ ធ្វើ​ជា​មន្ទីរ​ពេទ្យ​សម្រាប់​ព្យាបាល​អ្នក​ឆ្លង​វីរុស​នេះ​ និង​បាន​​ប្រកាស​បិទ​ខារ៉ាអូខេ និង​រោង​ភាពយន្ត​ទូទាំង​ប្រទេស​ ជា​វិធាន​ការ ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ។

ក្រសួង​សុខាភិបាលកាល​ពី​ម្សិលមិញ​បាន​ប្រកាស​ថា កម្ពុជា​បាន​រក​ឃើញ​​អ្នក​ផ្ទុក​កូវីដ ១៩​ ចំនួន ​២១​ ករណី​ថ្មី​ទៀត​​ ដែល​ធ្វើ​​ឲ្យ​ចំនួន​អ្នក​ផ្ទុក​សរុប​មាន​ចំនួន​ ២៤ ​នាក់។ ករណី ​២១ ​ថ្មី​​​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ផ្សេងៗ​រួម​មាន ៤ ​ករណី​នៅ​ខេត្ត​បាត់ដំបង ២ ​ករណី​នៅ​បន្ទាយមានជ័យ ៤ ករណី​នៅ​ភ្នំពេញ ៣ ​ករណី​នៅ​កំពង់​ឆ្នាំង ១ ​ករណី ​នៅ​កំពត ២ ​ករណី​ត្បូង​ឃ្មុំ ១ ករណី​នៅ​សៀមរាប​ ៣ ​ករណី នៅ​កែប​ និង​ ១ ករណី នៅ​កោះកុង​។

ក្រសួង​បញ្ជាក់​ថា ក្នុង​ចំណោម​ករណី​ថ្មី​ទាំង​ ២១ មាន​ ១៧ ​ករណី ​រក​ឃើញ​លើ​​​ខ្មែរ​អ៊ិស្លាម​ដែល​ត្រឡប់​ពី​ចូលរួម​ពិធី​តាម​បែប​សាសនា​នៅ​ប្រទេស​ ម៉ាឡេស៊ី ហើយ​ពួក​គេ​​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ៧៩​ នាក់ ដែល​បាន​ទៅ​ចូលរួម​ពិធី​សាសនា​នោះ។ ចំណែក​​​បុរស​ជន​ជាតិ​ខ្មែរ​​ម្នាក់​ ដែល​​មាន​វិជ្ជមាន​កូវីដ​ ១៩​ ដែរ​នោះ ​គឺ​ជា​ពលរដ្ឋ​រស់នៅ​ក្រុង​សិរីសោភ័ណ ​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ ថៃ​ កាល​ពី​ពេល​ថ្មីៗ​នេះ។ បើ​បូក​បញ្ចូល​ករណី​ ២​ ទៀត​​ដែល​រក​ឃើញ​កាល​ពី​សប្ដាហ៍​មុន អ្នក​ដែល​ត្រឡប់​ពី​ម៉ាឡេស៊ី​សរុប ១៣ ​​​នាក់ ក្នុង​ចំណោម ​៧៩ ​នាក់ មាន​ផ្ទុក​កូវីដ ១៩។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា៖ «ក្រុម​ឆ្លើយ​តប​បន្ទាន់​ និង​ក្រុម​គ្រូ​ពេទ្យ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ កំពុង​បន្ត​តាម​ដាន​រក​អ្នក​​ប៉ះពាល់​យ៉ាង​សកម្ម ជា​ពិសេស​អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​សាសនា​អ៊ិស្លាម នៅ​​ប្រទេស ​ម៉ាឡេស៊ី ​កន្លង​មក​នេះ​បន្ថែម​ទៀត»។

អ្នក​មាន​ផ្ទុក​ជំងឺ​នេះ​ម្នាក់​នៅ​ខេត្ត​បាត់ដំបង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀប​រាប់​ពី​ដំណើរ​ទៅ​ប្រទេស ​ម៉ាឡេស៊ី ​ថា ពួក​គេ​បាន​ចាក​ចេញ​ទៅ​ម៉ាឡេស៊ី​នៅ​ថ្ងៃទី ​២៧​ ខែ​កុម្ភៈ ហើយ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ នៅ​ថ្ងៃទី ​៣ ខែ​មីនា។ លោក​ថា ​ក្នុង​ពិធី​បួងសួង​នោះ ការ​ជួប​ជុំ​ត្រូវ​បាន​​បែង​ចែក​ទៅ​តាម​ប្រទេស​នីមួយៗ មិន​មាន​ការ​បួងសួង​លាយ​ឡំ​គ្នា​ទេ។

លោក​បន្ត​ថា៖ «ចំពោះ​ការ-​ហូប​បាយ គឺ​យើង​ហូប​បាយ​ជុំ​គ្នា​ទាំង​អស់​ដោយ​មិន​បែង​ចែក​តាម​ប្រទេស​ទេ គឺ​គេ​បម្រើ​យើង យើង​គ្រាន់​តែ​អង្គុយ​គេ​លើក​ម្ហូប​យក​មក។ យើង​អង្គុយ​ជុំ​គ្នា​ទូទាំង​ពិភព​លោក​តែ​ភាគ​ច្រើន​​ ខ្ញុំ​អង្គុយ​ជាមួយ​គ្នា​ខ្ញុំ​ដោយ​មាន​​ជន​ជាតិ​ហ្វីលីពីន​ និង​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ​ឬ​ ​២​ នាក់»។

លោក​និយាយថា លោក​មិន​អាច​គិត​ឃើញ​ថា តើ​​លោក​បាន​ឆ្លង​មេរោគ​នេះ​ពេល​ណា​ទេ។ លោក​បាន​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃទី ​៣ ខែ​មីនា​ តាម​យន្តហោះ​ ដោយ​ចុះ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ពេល​មក​ដល់​ លោក​ត្រូវ​បាន​គេ​វាស់​កម្តៅ​ដែរ ប៉ុន្តែ​កម្តៅ​ខ្លួន​របស់​លោក ​មាន​សភាព​ធម្មតា​។ បន្ទាប់​ពី​លោក​បាន​ទៅ​ដល់​ផ្ទះ​នៅ​ខេត្ត​បាត់ដំបង ​១ ថ្ងៃ លោក​​​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ចាម​ ដើម្បី​ចូលរួម​ពិធី​បុណ្យ​មួយ តែ​ដោយសារ​ពិធី​បុណ្យ​ត្រូវ​លុប​ចោល លោក​ក៏​បាន​មក​ផ្ទះ​វិញ និង​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​​​ទៀត។ នៅ​ថ្ងៃទី ​១៣ ខែ​មីនា សំណាក​របស់​លោក​​ត្រូវ​បាន​យក​​ទៅ​ធ្វើ​តេស្ត​ហើយ​លោក​​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ​១៤ ​ថ្ងៃ​។

ខណៈ​ពេល​ដែល​ករណី​វិជ្ជមាន​ ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​ក្រសួង​សុខាភិបាល​បាន​សម្រេច​យក​អតីត​សណ្ឋាគារ Great Duke (អតីត​សណ្ឋាគារ​អ៊ីនធើខុនធឺណិនថល) ធ្វើ​ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ​ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ ​១៩។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​។

ក្រសួង​ក៏​ស្នើ​ឲ្យ​សាធារណជន ​រក្សា​ភាព​នឹងនរ​ក្នុង​ចិត្ត​ កុំ​មាន​ការ​ភ័យ​ខ្លាច និង​ជឿ​ទុក​ចិត្ត​លើ​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩​ របស់​រាជ​រដ្ឋាភិបាល។ «ដើម្បី​បញ្ចៀស​​ការ​ចម្លង​ក្នុង​សហគមន៍​ជា​យថាហេតុ រាជ​រដ្ឋាភិបាល​បាន​ឲ្យ​ក្រសួង​សុខាភិបាល​សហការ​ជាមួយ​កង​កម្លាំង​សុខាភិបាល​នៃ​កង​យោធពល​ខេមរភូមិន្ទ​របស់​ក្រសួង​ការពារ​ជាតិ និង​កង​កម្លាំង​សុខាភិបាល​នៃ​នគរបាល​ជាតិ​របស់​ក្រសួង​មហាផ្ទៃ​ ដើម្បី​រួម​គ្នា​សហការ​ប្រយុទ្ធ​នឹង​កូវីដ ​១៩ ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់»។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ក្រសួង​​បាន​​​ត្រៀម​រួច​ជា​ស្រេច​ហើយ នូវ​​ឧបករណ៍​ សម្ភារ​បរិក្ខារ​ធនធាន និង​មធ្យោបាយ​ ដើម្បី​ឆ្លើយ​តប​ជា​យថាហេតុ​ចំពោះ​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ។

កន្លង​មក​ក្រសួង​បាន​រៀបចំ​កន្លែង​ថែ​ទាំ និង​ព្យាបាល​អ្នក​ជំងឺ​​នេះ​ នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មន្ទីរ​ពេទ្យ​កុមារ​ជាតិ​មន្ទីរ​​ពេទ្យ​គន្ធ​​បុប្ផា​ភ្នំពេញ មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី ​៧ ​សៀមរាប​ និង​មន្ទីរ​ពេទ្យ​ខេត្ត​ទាំង ​២៤។

ក្រៅ​ពី​យក​អតីត​សណ្ឋាគារ Great Duke​ ជា​ទីតាំង​ថែទាំ​ និង​ព្យាបាល ក្រសួង​ក៏​សម្រេច​យក​អតីត​មណ្ឌល​សុខភាព​ចាក់​អង្រែ មាន​ចំណុះ ​១០០ ​គ្រែ​ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ក្នុង​ខណ្ឌ​មានជ័យ​ជា​ទីតាំង​សម្រាប់​ថែទាំ​ និង​ព្យាបាល​ផង​ដែរ។ ក្រសួង​​ក៏​ស្នើសុំ​កិច្ច​សហការ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។ គ្រូ​ពេទ្យ​ដែល​ស្ម័គ្រ​ចិត្ត​អាច​ទាក់ទង​ក្រសួង​ហើយ​ក្រសួង​នឹង​បណ្ដុះបណ្ដាល​បន្ថែម​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ។ បើ​តាម​​ក្រសួង​សុខាភិបាល នា​ពេល​បច្ចុប្បន្ន​នេះ​ ​ការ​ស្នើសុំ​​ធ្វើ​តេស្ត​រក​មេរោគ​នេះ​មាន​ការ​កើន​ឡើង​ខ្លាំង។

ជា​វិធានការ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ ​នេះ ក្រសួង​​សុភិបាល​​ក៏​បាន​តម្រូវ​ឲ្យ​គណៈ​អភិបាល​រាជធានី​-ខេត្ត​រៀបចំ​​បង្កើត​គណៈកម្មការ​ប្រយុទ្ធ​នឹង​កូវីដ ១៩ ដោយ​មាន​សមាសភាព​មក​ពី​ស្ថាប័ន មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ដោយ​អភិបាល​ខេត្ត​ជា​អ្នក​ទទួល​បន្ទុក​ ធ្វើ​ជា​ប្រធាន​ផ្ទាល់​នៃ​គណៈ​កម្មការ​នេះ។ ការ​បង្កើត​គណៈ​កម្មការ​នៅ​ថ្នាក់​ខេត្ត​នេះ ធ្វើ​ឡើង​យោង​តាម​ការ​សម្រេច​របស់​​រាជ​រដ្ឋាភិបាល​ដែល​​​បាន​បង្កើត​​គណៈកម្មការ​អន្តរ​ក្រសួង​មួយ ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ដោយ​គណៈកម្មការ​អន្តរ​ក្រសួង​​​​នេះ​​ដឹកនាំ​ដោយ​ក្រសួង​សុខាភិបាល និង​មាន​សមាសភាព​មក​ពី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្រសួង ​១២ ​ផ្សេង​ទៀត​ និង​អភិបាល​​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង​អស់។

គណៈកម្មការ​អន្តរ​ក្រសួង​នេះ​ ប្រើ​កញ្ចប់​ថវិកា​ជាតិ​ និង​ជំនួយ​ផ្សេងៗ​ពី​ដៃ​គូ​អភិវឌ្ឍន៍​ និង​សប្បុរសជន​ និង​មាន​សិទ្ធិ​ប្រើ​ត្រា​របស់​ក្រសួង​សុខាភិបាល​។ តួនាទី​របស់​អន្តរ​ក្រសួង​នេះ​រួម​មាន​ រៀបចំ​ផែន​ការ​ឆ្លើយ​តប​នឹង​កូវីដ ​១៩​ ទៅ​តាម​ការ​វិវត្តនៃ​វីរុស អនុវត្ត​ផែនការ​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល តាម​ដាន ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ការ​អនុវត្ត​ការ​ប្រយុទ្ធ​នឹង​ជំងឺ​ លើក​ទិសដៅ​ប្រតិបត្តិ​ជា​យថាហេតុ​ តាម​ស្ថានភាព​ជាក់​ស្ដែង និង​រាយការណ៍​ជូន​រាជ​រដ្ឋាភិបាល ​អំពី​ការ​វិវត្ត​នៃ​ជំងឺ​នេះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ វិធានការ​មួយ​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​​នៃ​មេរោគ​នេះ ក្រសួង​សុខាភិបាល​សម្រេច​ ពី​ម្សិលមិញ​ឲ្យ​បិទ​ KTV និង​រោង​ភាពយន្ត​នៅ​ទូទាំង​ប្រទេស​ ដែល​ជា​ការ​សម្រេច​ចិត្ត​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុ​ន សែន។ ការ​សម្រេច​នេះ​ ​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​រហូត​ដល់​ស្ថានភាព​ជំងឺ​នេះ​មាន​ភាព​ធូរស្រាល៕