ភ្នំពេញៈ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះបានបង្ហាញថា អ្នកជាប់មាន ៦៦,២១ ភាគរយស្មើនឹង ៧៥០៥៩ នាក់ចាប់ពីនិទ្ទេស A ដល់ E ជាចំនួនដែលកើនឡើងជាងឆ្នាំមុន ២,៣៧ ភាគរយដែលមានអ្នកជាប់តែ ៦៣,៨៤ ភាគរយ ប៉ុន្តែអ្នកបាននិទ្ទេស A,B និង Cធ្លាក់ចុះ ខណៈអ្នកធ្លាក់ដោយស្វ័យប្រវត្តិមាន ១៧ នាក់។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា កាលពីម្សិលមិញ។
បើតាមសេចក្ដីប្រកាស អ្នកជាប់និទ្ទេស A មាន ២៩០ នាក់,និទ្ទេស B មាន ១៥៣២ នាក់,និទ្ទេស C មាន ៤៦៣១ នាក់,និទ្ទេស D មាន ១៣ ៩៩៩ នាក់ និងនិទ្ទេស E មាន ៥៤ ៦០៧ នាក់។
យ៉ាងណាក្ដីសម្រាប់អ្នកជាប់និទ្ទេសពី A,B និង C សុទ្ធតែបានធ្លាក់ចុះជាងឆ្នាំមុនដោយក្នុងឆ្នាំនេះអ្នកបាននិទ្ទេស A មានត្រឹមតែ ២៩០ នាក់ ខណៈឆ្នាំមុនមានរហូតដល់ ៤២៤ នាក់ រីឯអ្នកជាប់និទ្ទេស B ធ្លាក់ចុះពី ២៤៦៤ នាក់កាលពីឆ្នាំមុនមកនៅត្រឹម ១៥៣២ នាក់ក្នុងឆ្នាំនេះ ស្របពេលដែលនិទ្ទេស C ក៏ធ្លាក់ចុះដូចគ្នាគឺពីជាប់ ៥០០០ នាក់ក្នុងឆ្នាំ ២០១៧ មកនៅត្រឹម ៤៦៣១ នាក់ក្នុងឆ្នាំនេះ។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំដដែលថា ការធ្លាក់ចុះនិទ្ទេស A,B និង C នេះគឺដោយសារក្រសួងបានបង្កើនស្ដង់ដារប្រធានវិញ្ញាសាប្រឡងឲ្យខ្លាំងជាងមុនក្នុងគោលដៅពង្រឹងគុណភាពអប់រំ និងជំរុញបេក្ខជនឲ្យខិតខំរៀនសូត្រឲ្យកាន់តែមានចំណេះដឹងជ្រៅជ្រះថែមទៀត។
ក្រៅពីបង្ហាញពីតួលេខអ្នកជាប់ ក្រសួងអប់រំក៏បានឱ្យដឹងដែរថា មានអ្នកធ្លាក់ដោយស្វ័យប្រវត្តិចំនួន ១៧ នាក់ក្នុងចំណោមអ្នកធ្លាក់ដទៃទៀតដោយសារបេក្ខជនទាំងនោះបានប្រព្រឹត្តខុសឆ្គងផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យនៃការប្រឡង។
បើទោះបីជាលទ្ធផលទើបបានប្រកាសតែនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលកាលពីម្សិលមិញក្ដី ប៉ុន្តែក្រសួងបានបង្ហាញពីអ្នកជាប់និទ្ទេស A គឺមានមកពីបណ្ដារាជធានី-ខេត្ត ចំនួន ១៨ ក្នុងនោះភ្នំពេញមាន ១៣៥ នាក់,សៀមរាប ២១ នាក់,កណ្តាល ១៦ នាក់,បាត់ដំបង ១៥ នាក់,តាកែវ ១៥ នាក់, កំពង់ចាម ១៣ នាក់,កំពត ១១ នាក់, ត្បូងឃ្មុំ ៩ នាក់,កំពង់ធំ ៩ នាក់,កំពង់ឆ្នាំង ៩ នាក់,បន្ទាយមានជ័យ ៩ នាក់,ព្រៃវែង ៨ នាក់,ក្រចេះ ៦ នាក់ ពោធិ៍សាត់ ៤ នាក់,ស្វាយរៀង ៣ នាក់, កំពង់ស្ពឺ ៣ នាក់,ព្រះសីហនុ ៣ នាក់ និងខេត្តរតនគិរី ១ នាក់។
ជាមួយគ្នានេះក្រសួងអប់រំក៏បានបង្ហាញអត្តសញ្ញាណអ្នកបាននិទ្ទេស A ដែលទទួលបានលំដាប់ពិន្ទុ ១០០ ភាគរយផងដែរក្នុងចំណោមសិស្សបាននិទ្ទេស A ទាំង ២៩០ នាក់គឺយុវជន ប៉េង គីមហេង ជាសិស្សមកពីវិទ្យាល័យប៊ែលធីអន្តរជាតិទី ៧ ដែលប្រឡងផ្នែកវិទ្យាសាស្ត្រនៅមណ្ឌលវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី។
លោក មាស ចំរើន គ្រូគណិតវិទ្យានៃវិទ្យាល័យជ័យវរ្ម័នទី ៧ និងជាគ្រូម្នាក់ចូលរួមក្នុងការធ្វើកំណែប្រឡងបាក់ឌុបឆ្នាំនេះបានសម្ដែងការយល់ឃើញកាលពីម្សិលមិញថា ក្នុងនាមជាគ្រូបង្រៀនម្នាក់ ប្រសិនបើក្រសួងរឹតបន្តឹងការកែវិញ្ញាសាមុខវិជ្ជាមេរៀនដូចឆ្នាំនេះទៀត ភាគរយអ្នកជាប់ A, B និង C គឺបែបហ្នឹង។
លោកបានបញ្ជាក់ថា៖ «មុខវិជ្ជាមេរៀនលោកគ្រូ អ្នកគ្រូ ខ្លះឲ្យពិន្ទុធូរពេកមិនសុក្រឹតទើបភាគរយកើនតែភាគរយតែគុណភាព...»។
យ៉ាងណាក្ដីក្រោយពីពិនិត្យដឹងលទ្ធផលរបស់ខ្លួននៅរាជធានីភ្នំពេញកាលពីម្សិលមិញមានអ្នកខ្លះបានសម្ដែងការខកចិត្តពេលដឹងថាខ្លួនធ្លាក់ ខណៈអ្នកខ្លះត្រេកអរជាមួយនឹងការបង្ហាញពីមោទនភាពដែលខ្លួនបានខំប្រឹងប្រែងរៀនសូត្រ។
យុវជន យឿន រតនា ជាបេក្ខជនប្រឡងនៅមណ្ឌល វិទ្យាល័យ ជាស៊ីម បឹងកេងកងហាក់មានភាពក្ដុកក្ដួលចំពោះលទ្ធផលប្រឡងមិនជាប់របស់ខ្លួន ខណៈមិត្ដភក្ដិគេ ៥ នាក់ផ្សេងទៀតដែលមកមើលលទ្ធផលជាមួយគ្នាមានអ្នកខ្លះធ្លាក់ដូចគាត់ហើយខ្លះជាប់ត្រឹមនិទ្ទេស E ប៉ុន្តែយុវជនរូបនេះថា នឹងខំរៀននៅឆ្នាំក្រោយទៀត។
រតនា បានថ្លែងទាំងអួលដើមកថា៖ «ខ្ញុំនឹងរៀនបន្ដទៀតនៅឆ្នាំក្រោយ និងប្រឡងឲ្យជាប់ ខ្ញុំអត់ទៅរៀនជំនាញអ្វីទេ ព្រោះខ្ញុំចង់រៀនបន្ត»។
ដោយឡែក យុវតី លី គឹមឡាំង សិស្សប្រឡងនៅវិទ្យាល័យ ជា ស៊ីម បឹងកេងកងដែរនោះបានសម្ដែងក្ដីរីករាយខណៈនាងប្រឡងជាប់បាននិទ្ទេស C ជាអ្វីដែលនាងបានរំពឹងទុកតាំងពីការប្រឡងរួចភ្លាម។
យុវតីរូបនេះថា៖ «ខ្ញុំជឿជាក់ចំពោះលទ្ធផលនេះ ព្រោះខ្ញុំធ្វើតាមលទ្ធភាពរបស់ខ្ញុំ ហើយខ្ញុំបានគិតរួចហើយថា បើមិនជាប់និទ្ទេស B ក៏ C ដែរ ហើយពេលនេះ ខ្ញុំជាប់និទ្ទេស C»។
គួរបញ្ជាក់ថាការប្រឡងបាក់ឌុបក្នុងឆ្នាំ ២០១៨ នេះបេក្ខជនសរុប ១១៥២៦៨ នាក់ក្នុងនោះស្រីមាន ៥៨១៥៨ នាក់។ ប៉ុន្តែលទ្ធផលប្រកាសផ្លូវការធ្វើបានតែនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះកាលពីម្សិលមិញ ខណៈខេត្តនៅសល់ត្រូវប្រកាសបន្តនៅថ្ងៃនេះ៕