ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ​ថា មាន​អ្នកជំងឺ​កូវីដ​ ១៩​ ម្នាក់​ទៀត​ ហើយ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ និង​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​។ លទ្ធផល​នេះ​បាន​ធ្វើឱ្យ​ចំនួន​អ្នកជំងឺ​ដែល​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​កើន​ដល់​ ១៣០ ​នាក់ ឬ​ស្មើ​ ៩២% ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​នេះ​ទាំងអស់​ ១៤១ ​នាក់ និង​ពុំមាន​ករណី​ថ្មី​នោះទេ​។

ក្រសួង​បញ្ជាក់ថា អ្នក​ជាសះស្បើយ​ថ្មី​នេះ​គឺជា​បុរស​ជនជាតិខ្មែរ​អាយុ​ ២៩ ​ឆ្នាំ ​ត្រូវ​បាន​ធ្វើតេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ​១៩​កាលពី​ថ្ងៃទី​ ១៣ មិថុនា បន្ទាប់ពី​បុរស​នេះ​បានធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ដែល​ដឹក​អ្នកដំណើរ​ចំនួន​ ៤៦ ​នាក់​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ មក​ដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ១២ មិថុនា​។

ក្រសួង​បន្តថា​៖ «​អ្នក​សម្រាក​ព្យាបាល​ [​ជំងឺ​កូវីដ​] ​នៅ​មន្ទីរពេទ្យ​រដ្ឋ​នៅសល់​ចំនួន​ ១១ ​នាក់​ គឺ​បុរស​ជនជាតិ​ខ្មែរ​ ៧ ​នាក់​ និង​ស្ដ្រី​ជនជាតិ​ខ្មែរ​ម្នាក់​រួមទាំង​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី​ ២៥ មិថុនា កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ខណៈ​អ្នកជំងឺ​កូវីដ​ ២ ​នាក់​ទៀត​ ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​ ២៦ មិថុនា កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានីភ្នំពេញ​»​។

កម្ពុជា គឺជា​ប្រទេស​ដែល​ពុំទាន់​មាន​ករណី​ឆ្លង​នៅក្នុង​សហគមន៍​នៅឡើយ​ទេ ហើយ​ករណី​ស្ទើរតែ​ទាំងអស់​គឺ​សុទ្ធតែ​ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​។ មន្ត្រី​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ផ្ដោត​ខ្លាំង​ទៅលើ​វិធានការ​ត្រួតពិនិត្យ​អ្នកដំណើរ​នៅ​ព្រលានយន្តហោះ ដោយ​រាល់​អ្នកដំណើរ​ទាំងអស់​ត្រូវ​ធ្វើ​តេស្ដ និង​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​។

ទោះបី​ជា​យ៉ាងណា​កាលពី​ថ្ងៃទី​ ២៨ ​ខែ​មិថុនា រដ្ឋមន្ត្រី​ក្រសួង សុខាភិបាល​លោក​ ម៉ម ប៊ុនហេង បាន​រំឭក​ឱ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន ដូចជា​ការលាង​សម្អាត​ដៃ ពាក់​ម៉ាស់ ឬ​ក្រមា​នៅពេល​កណ្ដាស់​ ឬ​ក្អក​។ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ និង​បុគ្គល ដើម្បី​ការពារ​កុំឱ្យ​កើត​មាន​រលក​ទី​ ២ ​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុជា​។

អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ឆ្លង​ជំងឺ​នេះ​ គឺ​អ្នក​ដែល​ពុំ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ និង​តែង​ធ្វើ​ដំណើរ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។

ពី​ម្សិលមិញ​លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បញ្ជាក់​ខ្លី​ថា ជំងឺ​កូវីដ ​១៩​ ទាំងអស់​ដែល​បាន​ព្យាបាល​ជាសះស្បើយ​នៅ​កម្ពុជា​គឺ​ពុំទាន់​មាន​ករណី​លាប់​ជំងឺ​ឡើងវិញ​នោះទេ​។

អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា គិត​ត្រឹម​ថ្ងៃទី​ ២៩ ​មិថុនា​ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ទាំងអស់​ជិត​ ១០ ​លាន​នាក់ និង​អ្នកស្លាប់​ជិត​កន្លះ​លាន​នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​មកកាន់​ខ្លួន​។ ប៉ុន្តែ​តួលេខ​ពី​សាកលវិទ្យាល័យ​អាមេរិក Jonh Hopkins បាន​ឲ្យ​ដឹងថា ជំងឺ​នេះ​បាន​ឆ្លង​ជាង​ ១០ ​លាន​នាក់​ និង​ស្លាប់​ជាង​កន្លះ​លាន​នាក់​៕