ភ្នំពេញ៖ អ្នកជំងឺកូវីដ ១៩ ចំនួន ១៧ នាក់ដំបូងគេ ក្នុងចំណោមអ្នកជំងឺជាង ៥០០ នាក់ ដែលត្រូវបានក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងផ្ទះ បន្ទាប់ពីនីតិវិធីប្រតិបត្តិស្ដង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះត្រូវបានប្រកាសចេញកាលពីថ្ងៃម្សិលមិញ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះ បានបញ្ជាក់ក្នុងតារាងសរុបតួលេខអ្នកឆ្លងកូវីដ និងទីតាំង ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាល ដោយក្នុងនោះមានអ្នកជំងឺចំនួន ១៧ នាក់ មានស្រី ១០ នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅផ្ទះ។
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល ប៉ាន់ស្មាននៅក្នុងប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ ១៩ ចំនួន ៨០ ភាគរយ ស្ថិតក្នុងកម្រិតគ្មានរោគសញ្ញា និងកម្រិតស្រាល។ ដូច្នេះអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលដែលគ្មានកត្តាប្រឈមអាចទទួលការព្យាបាលនៅតាមផ្ទះ ក្រោមការគ្រប់គ្រង ថែទាំ និងព្យាបាលជាប់ជាប្រចាំដោយមន្ត្រីបុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីអនុវត្តនៅតាមមូលដ្ឋាន និងតាមការវាយតម្លៃផ្ទះរបស់អ្នកជំងឺឱ្យបានហ្មត់ចត់ជាមុនពីមន្ត្រី និងបុគ្គលិកពាក់ព័ន្ធ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានលើកឡើងថា នីតិវិធីប្រតិបត្តិស្តង់ដានេះ ត្រូវបានចំណាយពេលវេលាខ្លី ប៉ុន្តែបានប្រមូលគំនិត មតិយោបល់ ពីអ្នកជំនាញ និងបទពិសោធន៍ជាក់ស្តែងនៃការគ្រប់គ្រងអ្នកជំងឺកូវីដ ១៩ នៅកម្ពុជា និងបទពិសោធន៍នៃបណ្តាប្រទេសជាច្រើនដែលបានជ្រើសរើសយកការព្យាបាលជំងឺកូវីដ ១៩ នៅតាមផ្ទះ៕