ភ្នំពេញៈ អ្នកជំនាញកម្ពុជា ចំនួន ៤រូប បានចូលរួមពិភាក្សាពីការបង្រួបបង្រួមប្រទេសកូរ៉េ ជាមួយអ្នកជំនាញការមកពីគ្រប់វិស័យប្រមាណ៨០ នាក់ផ្សេងទៀតនៅក្នុងសន្និសីទថ្នាក់ដឹកនាំអន្តរជាតិឆ្នាំ ២០២១ (ILC2021) ស្របពេលដែលកម្ពុជាបច្ចុប្បន្នមានទំនាក់ទំនងជាមួយកូរ៉េទាំង ២។
អ្នកជំនាញទាំងនោះបានផ្តល់បទពិសោធនិងទស្សនៈក្នុងការជួយស្វែងរកដំណោះស្រាយចំពោះការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិវិធីដែលជាប្រទេសនៅតែបែងចែកជា ២ ក្រោយពេលសង្គ្រាមកាលពី ៧ ទសវត្សរ៍មុន។
អ្នកជំនាញកម្ពុជារួមមាន តំណាងរាស្ត្រលោក សួស យ៉ារ៉ា ចូលរួមក្នុងកម្មវិធីសភា, អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកស្រី ខ្លូត ធីតា ចូលរួមក្នុងកម្មវិធីអន្តរសាសនាក្នុងទស្សនវិស័យពុទ្ធសាសនា,ចាងហ្វាង និង អគ្គនាយកកាសែតភ្នំពេញប៉ុស្តិ៍លោកលី តៃសេង ចូលរួមក្នុងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ និង អគ្គនាយករងក្រុមប្រឹក្សាវប្បធម៌អាស៊ីលោក លីម ប៊ុនហុក ចូលរួមក្នុងកម្មវិធីសិល្បៈ និង វប្បធម៌។
សន្និសីទនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធសន្តិភាពសកល (UPF) ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់ការបង្រួបបង្រួមដោយសន្តិភាពរបស់កូរ៉េដោយការបង្កើតមូលនិធិសម្រាប់ពិភពលោកបង្រួបបង្រួមមួយ»។
លោក សុផល ចំរើន អគ្គលេខាធិការ UPF ប្រចាំកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែឧសភានេះថា វាគ្មិនមកពីប្រទេសកម្ពុជាបានចែករំលែកគំនិតនិងទស្សនៈរួមដើម្បីរួមចំណែកនៅក្នុងព្រឹត្តិការណ៍នេះជាមួយអ្នកជំនាញដទៃទៀត។ វាជាព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ «ខ្លាំងណាស់» ដែលផ្តោតលើគ្រប់វិស័យដើម្បីនាំមកនូវសន្តិភាព។
លោកថ្លែងថា វេទិកានេះរួមបញ្ចូលគ្នានូវនយោបាយ សាសនានិងសេដ្ឋកិច្ច ហើយការចូលរួមរបស់វាគ្មិនកម្ពុជាអាចលើកកម្ពស់ប្រទេសកម្ពុជាទៅកាន់កម្រិតអន្តរជាតិដើម្បីបង្ហាញប្រទេសកម្ពុជាក្នុងពិភពលោក ហើយក្នុងពេលតែមួយគឺដើម្បីនាំមកនូវការបង្រួបបង្រួមឧបទ្វីបកូរ៉េ។
លោក ចំរើន បានថ្លែងថា៖ «ប្រទេសកម្ពុជា គឺជាប្រទេសកណ្តាលមួយដែលមានទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េខាងជើង និង កូរ៉េខាងត្បូង។ដូច្នេះ កម្ពុជាអាចដើរតួនាទីសំខាន់សម្រាប់សន្តិភាពពិភពលោក»។
ដំណោះស្រាយផ្សេងៗគ្នាចំពោះការបង្រួបបង្រួមកូរ៉េខាងជើង និង កូរ៉េខាងត្បូង ត្រូវបានពិភាក្សាក្នុងសន្និសីទរយៈពេល ៣ ថ្ងៃតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា នៅប្រទេសកូរ៉េ ជប៉ុន អាមេរិក អឺរ៉ុបនិងមជ្ឈិមបូព៌ា អាហ្វ្រិក ក៏ដូចជាអាមេរិកខាងជើងនិងអាមេរិកខាងត្បូង។
តាមសេចក្តីប្រកាសព័ត៌មានរបស់ UPF កម្ពុជា កាលពីថ្ងៃទី ២ ខែ ឧសភា ម្សិលមិញបញ្ជាក់ថា គុណសម្បត្តិ និង គុណវិបត្តិបញ្ហាប្រឈមនិងឱកាសត្រូវបានលើកយកដាក់នៅលើតុហើយឱកាសមានច្រើនជាងហានិភ័យឆ្ងាយ។ ការអភិវឌ្ឍសេដ្ឋកិច្ចដែលនឹងពន្លឿនវិបុលភាពជាតិនិងតំបន់ពិតជាអាចទៅរួច។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា «ការដោះស្រាយ ការបែងចែកជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកូរ៉េមានន័យថា ជាការបញ្ចប់ភាពជាប់គាំងនៅឧបទ្វីបនេះដែលនឹងជះឥទ្ធិពលដល់សន្តិភាពនៅអាស៊ីឦសាននិងពិភពលោក។វាគ្មិនបានមើលឃើញពីការវិវឌ្ឍវិជ្ជមានឆ្ពោះទៅមុខ»។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមដែរថា មានមនុស្សជិត ២ ម៉ឺននាក់មកពី ៤៥ ប្រទេសបានចុះឈ្មោះចូលរួមសន្និសីទនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។ អ្នកទស្សនាប្រមាណ ២៥ ម៉ឺននាក់បានចូលទស្សនាសន្និសីទនេះតាមរយៈការផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
ពិធីបិទសន្និសីទនេះ នឹងធ្វើឡើងនៅថ្ងៃទី ៨ ខែឧសភា ដែលនឹងមានការពិភាក្សាស៊ីជម្រៅរវាងអ្នកពាក់ព័ន្ធទាំងអស់៕