ភ្នំពេញៈ នៅ​ចំពោះមុខ​ចៅក្រម និង មេធាវី ការពារ​សិទ្ធិ​នៃ​ជនជាប់ចោទ​នៅក្នុង​បន្ទប់​សវនាការ​នៃ​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​ជនជាប់ចោទ​ឈ្មោះ ជឹម តឹក អាយុ​ ២៨ ​ឆ្នាំ​បាន​សុំ​អង្គជំនុំជម្រះ​ឲ្យ​បន្ធូរ​បន្ថយទោស​ដែល​តុលាការ​ថ្នាក់ក្រោម​សម្រេច​ដាក់ពន្ធនាគារ​ ១ ​ជីវិត​ពាក់ព័ន្ធ​រំលោភ​សម្លាប់​ក្មេងស្រី​ម្នាក់​ប្រព្រឹត្ត​នៅ​ភូមិ​បល្ល័ង្ក ឃុំ​តាគង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាលពី​ឆ្នាំ​ ២០១៧​។

ជនជាប់ចោទ​ថ្លែង​ទៅកាន់​ចៅក្រម​ពី​ដំណើររឿង​នៃ​អំពើ​ប្រព្រឹត្ត​របស់គេ​ថា​នៅវេលា​ម៉ោង​ ៨ ​ព្រឹក​ថ្ងៃទី​ ២២ ​ខែ​កក្កដា ឆ្នាំ​ ២០១៧ ក្មេងស្រី​រងគ្រោះ​អាយុ​ ១៧ ​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់ ១២៥ មួយគ្រឿង​ម្នាក់ឯង​តាម​ភ្លឺស្រែ​ហើយ​ពេលនោះ​គាត់​បាន​សួរ​ទៅ​ក្មេងរងគ្រោះ​ថា​ទៅណា​? ពេលនោះ​ជនរងគ្រោះ​ឆ្លើយតប​ថា​ទៅណា​ទាស់​អីហ្អែង​ដែល​គ្រាន់តែ​ឮ​ពាក្យសម្តី​បែបនេះ គេ​ក៏​កើតមាន​ការខឹង​សម្បា​ហើយ​ក៏​បាន​ទាញ​ម៉ូតូ ជនរងគ្រោះ​ឲ្យ​ដួល ហើយ​ចាប់​ជនរងគ្រោះ​ស្រាតខោ​តែម្តង​។

ខណៈ​កំពុង​ចាប់​នាង​សម្រាត​ខោ​នោះ គាត់​ត្រូវ​ជនរងគ្រោះ​ប្រតាយប្រតប់​ជាមួយ​រហូត​នាង​អស់​លទ្ធភាព​តដៃ​ហើយ​គាត់​បាន​យក​ម្រាមដៃ​លូក​ខ្វេះ​ប្រដាប់ភេទ​របស់​នាង​បន្ទាប់ពី​រំលោភ​បានសម្រេច​មក​។ ប៉ុន្តែ​ចៃដន្យ​ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​បើក​គោយន្ត​កាត់​វាលស្រែ​ក្បែរ​នោះ​ហើយ​ម្យ៉ាង​ដោយ​ខ្លាច​ជនរងគ្រោះ​ស្រែក​ឮ​ដល់​គេ​ផង គាត់​ក៏​ច្របាច់ក និង​យក​ជើង​ជាន់​ក្បាល​ពន្លិច​ក្នុង​ទឹក​ភក់​រហូត​ក្មេងរងគ្រោះ​ដាច់ខ្យល់​ស្លាប់​។

ក្រោយ​ដឹងថា​ជនរងគ្រោះ​ស្លាប់​ហើយ​នោះ​គាត់​បាន​ទុក​សាកសព​នាង​ចោល​នៅ​កន្លែងកើតហេតុ​ហើយ​ជិះ​ម៉ូតូ​របស់​នាង​គេចខ្លួន​ទៅ​ស្រុក​អូរជ្រៅ និង​បន្តទៅ​ក្រុង​សិរីសោភ័ណ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​ ២៤ ខែកក្កដា ឆ្នាំ​ ២០១៧ តែម្តង​។

តាម​កំណត់ហេតុ​របស់​តុលាការ​បង្ហាញថា​ សំណុំ​រឿងនេះ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១០ កក្កដា ឆ្នាំ​ ២០១៨ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​ ១ ​ជីវិត​ចោទ​ពី​បទឃាតកម្ម​តាម​បញ្ញត្តិ​មាត្រា​ ២០៥ ​នៃ​ក្រមព្រហ្មទណ្ឌ​ និង​បង្គាប់​ឲ្យ​សង​ទៅ​ម្តាយ​ក្មេងរងគ្រោះ​ ១៥ ​លាន​រៀល​។

នៅក្នុង​បន្ទប់​សវនាការ​ជនជាប់ចោទ​ថា​៖ «​ខ្ញុំ​គ្មាន​បំណង​សម្លាប់​នារី​រងគ្រោះ​ទេ​តែ​ដោយសារ​គាត់​ជេរ​ខ្ញុំ​ហើយ​ខ្ញុំ​ខឹង​។ ​ពេល​ខ្ញុំ​ជាប់ពន្ធនាគារ​ខ្ញុំ​ដឹង​កំហុស​ហើយ​ខ្ញុំ​សុំ​តុលាការ​បន្ថយទោស​ខ្ញុំ​ផង​»​។

លោក តាន់ សេណារ៉ុង តំណាង​មហាអយ្យការ​សន្និដ្ឋាន​ដោយ​សិក្សា​លើ​អង្គហេតុ​ពិនិត្យ​ឃើញ​ថា ជនជាប់ចោទ​ពិតជា​បានសម្លាប់​ក្មេងរងគ្រោះ​ប្រាកដ​មែន ហើយ​អំពើ​របស់​ជនជាប់ចោទ​មាន​លក្ខណៈ​ឃោរឃៅ​យ៉ាងខ្លាំង​។ ដូច្នេះ​ការសម្រេច​ផ្តន្ទាទោស​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ដែល​ឲ្យ​ជនជាប់ចោទ​ជាប់​ពន្ធនាគារ​ ១ ​ជីវិត​ គឺ​ត្រឹមត្រូវ​តាមច្បាប់​ហើយ​។ លោក​ថ្លែងថា​ក្រោយ​ជននេះ​ជាប់​ពន្ធនាគារ​ប្រមាណ​ ១០ ​ឆ្នាំ​គង់តែ​ច្បាប់ កំណត់​សម្រាលទោស​គេ​នៅត្រឹម​ ៣០ ​ឆ្នាំ​ដដែល​។

លោក ផា សុខា ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ចាប់ចោទ​បាន​សុំ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា​លើ​ការស្នើសុំ​បន្ថយទោស​កូនក្ដី​របស់​លោក​។ លោក អ៊ិន វ៉ាន់វិបុល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​ថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ២៤ ខែ​កុម្ភៈ​​ ខាងមុខ​៕