ភ្នំពេញៈ អ្នក​នយោបាយ​ម្នាក់ យល់​ឃើញ​ថា បើ​មានការ​ផ្អាក​ EB​A ប្រៀប​បាន​នឹង​ការ​ខឹង​គោ​​វ៉ៃ​​រទេះខណៈ​ដែល​អ្នក​វិភា​គ​យល់​ថា​ បើ​សិន​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក​​នោះ វា​មិន​ត្រឹម​តែ​មិន​បាន​ជួយ​កែ​លម្អ ឬ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​វា​អាច​រុញ​ច្រាន​ឲ្យ​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ប្រជាធិប​តេយ្យ​វិល​ត្រឡប់​ថយ​ក្រោយ​ទៅ​វិញ​។

លោក គង់ គាំ ដែលបច្ចុប្បន្ន​ ជា​ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈខ្មែរ​ ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​ដក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​ពី​កម្ពុជា​ គឺ​ជា​ការ​ខឹង​គោ​វ៉ៃ​រទេះ ដោយ​លោក​​ថា៖ «សហ​រដ្ឋ​អាមេ​រិក​ដក ​GSP សហ​គម​ន៍​អឺរ៉ុប​ព្យួរ ឬ​ដក EBA​ មាន​លក្ខ​ណៈ​នយោ​បាយ​ជ្រុល ​(ខឹង​គោវា​យ​រទេះ)​ មិន​បាន​រាំង​ស្ទះ​អំណាច ​ហ៊ុន សែន ទេ តែ​ផ្តល់​ការ​ប៉ះ​ពាល់​ផ្ទាល់​ចំពោះ​កសិករ​ កម្មក​រ​ និង​ប្រជា​ពល​រដ្ឋ រុញ​កម្ពុជា​ ក្នុង​ល្បែង​ប្រទាញ​ប្រទង់​សេដ្ឋកិច្ច​ នយោ​បាយ ​រវាង​លោក​ខាង​លិច​ និង​ចិន​តែ​ប៉ុណ្ណោះ»។

លោក​ថ្លែង​បន្ត​ថា៖ «អំណាច​ ហ៊ុន សែន​ និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ដែល​ធ្លាប់​ឆ្លង​កាត់​ភាព​ឯកោ​ពី​បស្ចិម​ប្រទេស​យ៉ាង​យូរ​កាល​ពី​មុន ពេល​នេះ ​ពិត​ជា​មាន​សមត្ថភាព ​លទ្ធភាព​ ជម្នះ​ការ​លំបាក​ចំពោះ​មុខ​ ហើយ​សម្រេច​ជោគ​ជ័យ ​ដូច​បណ្តា-​ប្រទេស​ ដែល​គ្មាន​ការ​អនុ​គ្រោះ​​ពន្ធ​ពី​អឺរ៉ុប​ដទៃ​ទៀត​ដែរ»។

បន្ថែម​ពី​លើ​នេះ​ទៀត​ លោក​បាន​រិះគន់​អាមេរិក​ និង​សម្ព័ន្ធ​​មិត្ត​របស់​ខ្លួន​ ដែល​​មិន​ទទួល​បាន​ជោគជ័យ​ នៅ​អាហ្វ​ហ្គានីស្ថាន​គ្មានជោគ​ជ័យ​នៅ​ស៊ីរី​​ ក្នុង​ប្រតិ​បត្តិ​ការ​ទាំង​កម្លាំង​បាយ​ទាំង​កម្លាំ​ង​ទណ្ឌកម្ម។

លោក គង់​ គាំ បាន​ពន្យល់​បន្ថែម​តាម​ទូរស័ព្ទ​កាល​ពី​ម្សិល​មិញ​ថា នៅមីយ៉ាន់ម៉ា ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ជាក់​ស្ដែង​ជាង​កម្ពុជា​ មិន​ទាន់​ត្រូវ​បាន​ប្រកាស​ដក​ EBA ដូច​កម្ពុជា​ទេ។ ចំណែក​នៅ​ឡាវ លោក​ថា ជា​ប្រទេស​កុម្មុយនីស្តបក្ស​តែ​១ ប៉ុន្តែ​គេ​នៅ​តែ​ទទួល​បាន​ EBA។

លោក​និយាយ​ថា៖ «បើ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស (ដើម្បី​បាន EBA) គួរ​តែមើល​ការ​ខិត​ខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ក៏​ដោយ ​ក៏​នៅ​មាន​ការ បើក​​ច្រក​ ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ ស្តារ​ប្រជា​ធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស​បាន​ប្រសើរ​តទៅ​ទៀត​ដែរ។ មិន​​គួរ​ធ្វើ​ប៉ះ​ពាល់​ដល់​ជីវភាព​កម្មករ​ កសិករ​ទេ»។

សហភាព​អឺរ៉ុប​​ បាន​ចាប់​ផ្ដើម​​នីតិវិធី​​ផ្អាកប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា​ គិត​ចាប់​ពី​ថ្ងៃទី​ ១២ កុម្ភៈ ដែល​ដំណើរ​ការ​នេះ​ មាន​រយៈ​ពេល ​១២ ខែ ប៉ុន្តែ​បើមាន​ការ​សម្រេច​ដក​នៅ​ដំណាក់​កាល​ចុង​ក្រោយ ការ​យក​ពន្ធ​នឹង​ចាប់​ផ្ដើម​​ ៦ ខែ​ក្រោយ​ការ​សម្រេច។

ការ​សម្រេច​ចាប់​ផ្ដើម​ដំណើរ​ការនីតិ​​វិធី​នៃការ​​ផ្អាក​នេះ សហភាព​អឺរ៉ុប​សំអាង​លើ​កត្តា​ ៣ ​សំខាន់ៗ​គឺ ១- សិទ្ធិ​នយោបាយ និង​ការ​ធ្លាក់​ចុះ​លំហ​សម្រាប់​បក្ស​ប្រឆាំង ​ដែល​មាន​លក្ខណៈ​ប្រជា​ធិបតេយ្យ និង​សង្គម​ស៊ីវិល ២- បញ្ហា​សិទ្ធិ​ការងារ និង​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​ជួប​ជុំ​ និង​សិទ្ធិ​ចរចា ៣- ការ​ព្រួយ​បារម្ភ​លើ​ដីសម្បទាន​សេដ្ឋកិច្ច ជា​ពិសេស​លើ​វិស័យ​ស្ករ។

លោក George Edgar ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ថ្លែង​តាម​អុីមែល​កាល​ពី​ម្សិល​មិញ​ថា ចំណុច​ទាំង ​៣​ ខាង​លើ​នេះ ​មាន​ចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ ស្តី​ពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​​ទទួល​យក ហើយ​ប្រទេស​ដែល​ទទួល​បាន EBA តម្រូវ​ឲ្យ​គោរព​តាម​កតិកា​ទាំង​នេះ។

លោក​ថ្លែង​ថា៖ «ព្រឹត្តិការណ៍​ថ្មីៗ ជា​ពិសេស​នៅ​ដំណាក់​កាល​ចុង​ក្រោយនៃ​ឆ្នាំ ២០​១៧ និង​ខែ​ដំបូងៗ​នៃ​ឆ្នាំ ២០១៨ បង្ហា​ញ​ឲ្យ​ឃើញ​មាន​ដំណើរ​ថយ​ក្រោយ​យ៉ាង​ធ្ងន់ធ្ងរ​របស់​កម្ពុជា​ពាក់​ព័ន្ធ​នឹង​ការ​គោរព​គោល​ការណ៍​នៃ​កតិកា​ទាំង​នេះ»។

អ្នក​វិភាគ​នយោបាយ លោក​ ឡៅ ម៉ុងហៃ ក៏​យល់​ឃើញ​ដូច្នេះ​ដែរ​ ដោយ​លោក​ថ្លែង​ថា ការ​ដក​ EBA វា​មាន​តម្លៃ​ស្មើនឹង​ការ​ដាក់​ពិន័យ​ដល់​កម្មករ​ ​ផលិត​ករ និង​អ្នក​នាំ​ចេញ​​ដែល​គ្មាន​កំហុស ប៉ុន្តែ​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​​ពិត​ប្រាកដ​រួច​ខ្លួន។

លោក​បន្ថែម​ថា៖ «ស្ថានភាព​កំពុង​ដល់​ចំណុច​ខ្ពស់​ ហើយ​នា​ពេល​នេះ សម្រាប់​ភាគី​ទាំង​សង​ខាង ប៉ុន្តែ​គឺ​សហភាព​អឺរ៉ុប​ មិនមែន​លោក​នាយក​រដ្ឋ​មន្ត្រី​ទេ​ ដែល​ជា​អ្នក​កាត់​ក្ដី​ចុង​ក្រោយ។ លើស​ពី​នេះ ​គឺ​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​រក្សា​​ជំហរ​របស់​ខ្លួន»។

ប៉ុន្តែលោក មាស នី អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា នៅ​ពេល​នេះ​បា​ល់​ស្ថិត​​នៅ​ក្នុង​ដៃ​របស់​រដ្ឋា​ភិបាល​​កម្ពុជា​ក្នុង​ការ​សម្រេចិត្ត​ថា​តើ​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត​ ដើម្បី​រក្សា​ EBA នេះ។

លោក​ថ្លែង​ថា ​កម្ពុជា​មាន​ជម្រើស​ ២ ​រួម​មាន «ទី១​ រដ្ឋាភិបាល​នឹង​ធ្វើ​ដំណើរ​ទៅមុខ​ ដោយ​មិន​ខ្វល់​ពី​ EBA ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​យើង​ គឺ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ធំៗ​ទៀត។ ទី២ យើង​ព្រួយ​បារម្ភ​ពី​ការលើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​​នយោបាយ ទំនាក់​ទំនង​កម្ពុជា​ ជាមួយ​អន្តរជាតិ​កាន់​តែ​មាន​ភាពរង្គោះ​រង្គើ​ខ្លាំង​ថែម​ទៀត​ បើសិនជា ​វា​ដូច​អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​ធ្វើដូច​អ្វី​ដែល​មាន​ក្នុង​ឯកសារ​បែក​ធ្លាយ»។

លោក​បន្ត​ថា បើ​មានការ​ដក​ EBA នៅ​ដំណាក់​កាល​ចុង​ក្រោយ អ្នក​ដែល​ប៉ះ​ពា​ល់​មិន​ត្រឹម​តែ​ពលរដ្ឋ​ កម្មករ​ កម្មការិ​នី​ទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​មន្ត្រី​ធំៗ ​ដែល​មាន​ជំនួញ​ពាក់ព័ន្ធ​នឹង​ EBA នេះ​ផង​ដែរ។

លោក គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា​ យល់​ថា ការព្យួរ ​ឬ​ដក​ EBA ពី​កម្ពុជា​ទំនង​ជា​មិន​អាច​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ ឬ​នីតិរដ្ឋ​មានភាព​ប្រសើរ​ឡើង​ទេ ផ្ទុយ​ទៅវិញ​វា​អាច​នឹង​​មាន​លទ្ធផល​ផ្ទុយ។

លោក​ថ្លែង​ថា៖ «វា​មិន​ត្រឹម​តែ​មិនបាន​ជួយ​កែ​លម្អ ឬ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ​ ប៉ុន្តែ​អាច​រុញ​ច្រាន​ឲ្យ​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​វិល​ត្រឡប់​ឬ​ដើរ​ថយ​ក្រោយ​ទៅ​វិញ​ទេ ពីព្រោះ​យើង​ឃើញ​ថា ជាមួយ​លក្ខខណ្ឌ​ EBA សហគមន៍​អឺរ៉ុប​ក្តី ឬ​សហគមន៍​អន្តរជាតិ​ក្ដីអាច​ជជែក​គ្នា​តិច​ ឬ​ច្រើន​ជាមួយ​រដ្ឋា​ភិបាល​ ដើម្បី​បំពេញ​ចំណុច​ខ្វះ​ខាត​នានា។ ប៉ុន្តែ​បើ​សហភាព​អឺរ៉ុប ​សម្រេច​ដក EBA នោះសហភាព​អឺរ៉ុប​គ្មាន​ទឹក​មាត់​ប្រៃ​អ្វី​ ទៅនិយាយ​ជាមួយ​រដ្ឋាភិបាល​ ឬ​មាន​លក្ខខណ្ឌ​ណា​មួយ ​ដើម្បី​កែ​លម្អ​ចំណុច​ដែលខ្លួន​យល់​ថា​ ខ្វះ​ខាត»។

លោក​យល់​ឃើញ​ថា ប្រសិន​បើ​មាន​ការ​ដក​នោះ អ្នក​ដែល​ទទួល​រង​នៅ​ដំណាក់​កាល​ដំបូង ​គឺ​កម្មករ​​និង​អ្នក​អាស្រ័យ​​ជាមួយ​ពួក​គេ។ សម្រាប់​រដ្ឋាភិបាល​វិញ​វា​មិន​អាស្រ័យ​លើ​ EBA ទេ​ ក្នុង​ការ​មាន​លុយ​គ្រប់​គ្រាន់ ​សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​ ​មន្ត្រី​រាជការ។ រដ្ឋាភិបា​ល​ ក៏​នឹង​ធ្វើ​កំណែ​ទម្រង់​ ដើម្បី​ទប់​នឹង​ឥទ្ធិពល​នៃការ​ដក​ EBA នេះ។

ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ EBA សម្រាប់​កម្ពុជា ដោយ​ភ្ជាប់​លក្ខខណ្ឌ​ប្រជា​​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​នេះ លោក​ គិន ភា ថា សហភាព​អឺរ៉ុប​ ហាក់​ដើរ​ប្រាសចាក​ពីគោល​ការណ៍​របស់​ខ្លួន ​ដែល​មាន​គោលដៅ​ជួយ​ដល់​ប្រទេស​ដែល​​មាន​ការ​អភិវឌ្ឍ​តិចតួច។

លោក​ថ្លែង​ថា៖ «យើង​និយាយ​​តាំង​ពី​ដើម EBA ជា​របៀប​វារៈ​នយោបាយ ជាជាង​ការ​ជួយ​ដោយ​សុទ្ធចិត្ត​សម្រាប់​វិបុលភាព​នៃ​ប្រជាជន ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច ឬ LDC។ ស្មារតីដើម​គឺ​ជួយ​ពលរដ្ឋ​ក្នុង​ប្រទេស​ LDC មាន​ជីវភាព​ប្រសើរ​ឡើង​ ដោយ​មិន​​ភ្ជាប់​លក្ខខណ្ឌ​ប្រជា​ធិប​តេយ្យ ឬ​សង្គម​និយម​ទេ បើនិយាយ​ពី​ប្រជាធិបតេយ្យ​និង​សង្គម​និយម​​កុម្មុយ​​នីស្ត ប្រហែល​ឡាវ​ មិន​ទទួល​បាន​នូវ​ EBA ទេ។ ប៉ុន្តែ​ EBA បាន​ដើរ​ផ្ទុយ​ពី​ស្មារតី​ដើម​របស់​ខ្លួន ដោយ​ភ្ជាប់​របៀប​វារៈ​នយោបាយ។ យើង​ប្រៀប​ធៀប​តែ​ជាមួយ​ឡាវ យើងអាច​យល់​បាន​ហើយ»។​

លោក​ស្រី Kohe Hasan គឺ​ជា​ដៃ​គូ​​នៃ​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ​ ឈ្មោះ​ថា Reed Smith ដែល​មាន​ជំនាញ​ក្នុង​ទីផ្សារ​ដែល​ទើប​ងើប​ឡើង​រួម​មាន​នៅ​កម្ពុជា​ដែរ​នោះ បាន​ថ្លែងថា កម្ពុជា​តាម​ពិត​​មាន​រឿង​ជោគ​ជ័យ​មួយ​ក្រៅ​ពី​រឿង​ EBA​ ក្នុង​វិស័យ​កាត់​ដេរ។ តាម​រយៈ​គម្រោង​ «រោង​ច្រក​កាន់​តែ​ប្រសើរ» កម្ពុជា​បាន​គោរព​យ៉ាង​ជោគ​ជ័យ​នូវ​ស្ដង់ដារ​អន្តរជាតិ​របស់​ ILO។

លោកស្រី​ថ្លែង​ថា៖ «វា​ពិត​ជា​គួរ​ឲ្យ​អកុសល​ណាស់​ ដែល​(បើមាន)ការ​ដក​ប្រព័ន្ធ​ EBA អាច​នឹង​ធ្វើ​ឲ្យ​រោង​ចក្រ​កាត់​ដេរ​យ៉ាង​ច្រើន​ប្រឈម​នឹង​ហានិភ័យ»៕