ភ្នំពេញ៖ នៅ​ពេល​នេះ ចរាចរណ៍​ក្នុង​រាជធា​នីភ្នំពេញ មាន​សភាព​ស្ងប់ស្ងាត់ ដែល​នេះ​បង្ហាញ​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​យល់​ច្បាស់ និង​ចូលរួម​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​បិទ​បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភះ។ នេះ​បើ​តាម​ប្រសាសន៍​លោក សាន សុខសីហា អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នារសៀល​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ នេះ។

លោក​បាន​ថ្លែង​ថា៖ "នៅ​ពេល​នេះ ក្រុម​កម្លាំង​សមត្ថកិច្ច​យើង​កំពុង​បន្ត ដាក់​ពង្រាយ​កងកម្លាំង​នៅ​តាម​គោលដៅ​មួយ​ចំនួន ដើម្បី​អនុវត្ត​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ជាមួយ​គ្នា​នេះ យើង​ពិនិត្យ​ឃើញ​លំហូរ​ចរាចរណ៍​ឆ្លង​កាត់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ព្រំ​ប្រទល់​ខេត្ត​កណ្ដាល​មាន​ភាព​ស្ងប់ស្ងាត់"។

លោក​បាន​បន្ត​ថា ទោះ​យ៉ាង​ណា​ប្រជាពលរដ្ឋ​នៅ​តែ​អាច​ធ្វើ​ចរាចរ​ទៅ​មក​ក្នុង​តំបន់​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ទិញ​ស្បៀង​អាហារ និង​ថ្នាំ​សង្កូវ សម្រាប់​ផ្គត់ផ្គង់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ឬ​ស្វែងរក​សេវា​ព្យាបាល​ក្នុង​ករណី​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់​មាន​ជំងឺ ដែល​ត្រូវ​ការ​ព្យាបាល​បន្ទាន់ ដោយ​គ្រាន់​តែ​បង្ហាញ​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ទៅ​ដល់​កង​កម្លាំង​ដែល​ឈរ​ជើង​នៅ​ប៉ុស្តិ៍​គោល​ដៅ​ត្រួត​ពិនិត្យ ដើម្បី​សម្របសម្រួល​ជូន។

លោក​បាន​បន្ថែម​ថា៖ "រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ដោយសារ​ល្មើស​បម្រាម​គោចរ ឬ​វិធានការ​នេះ​នៅ​ឡើយ​ទេ"។

វិធានការ​បិទ​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​កូវីដ ១៩ ចាប់​ពី​ថ្ងៃទី ១៥ មេសា ដល់​ថ្ងៃទី ២៨ មេសា​ខាង​មុខ គឺ​មាន​រយៈពេល ២ សប្តាហ៍។ វិធានការ​នេះ បន្ទាប់​ពី​ជំងឺ​កូវីដ​រាតត្បាត​សឹង​តែ​គ្រប់​ខណ្ឌ​ទាំង​អស់​នៅ​ភ្នំពេញ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​អ្នក​បំពេញ​ការងារ​ជា​ចាំបាច់ និង​កន្លែង​ផ្គត់ផ្គង់​ចំណី​អាហារ​នៅ​បើក​លក់​ធម្មតា​ក្នុង​កម្រិត​អនុវត្ត​តាម​វិធានការ​សុខាភិបាល ៣ ការពារ ៣ កុំ និង​រក្សា​គម្លាត​សុវត្ថិភាព៕