ភ្នំពេញៈ អ្នកបើកបររ៉ឺម៉កកង់៣ចំនួន ៥ ពាន់នាក់ ដែលបានភ្ជាប់កម្មវិធីហៅយានជំនិះ ឬហៅថា (ride-hailing apps) បានទទួលកញ្ចប់អំណោយសម្ភារសម្រាប់បង្ការជំងឺកូវីដ ១៩ ពីក្រុមហ៊ុន Grab ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកាកូឡា) និងក្រុមអ្នកអភិរក្សព្រៃឈើបៃតង វ៉រៀរស៍ (Baitong Warriors) កាលពីចុងសប្ដាហ៍មុន។
ការផ្ដល់កញ្ចប់សម្ភារថែរក្សាអនាម័យដល់អ្នកបើកបររ៉ឺម៉កកង់ ៣ នេះ គឺធ្វើឡើងក្រោមទស្សនទាន «ប្រទេសតែ ១ សហគមន៍តែ ១» ដើម្បីជួយឲ្យពួកគាត់អាចចូលរួមបានកាន់តែប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
នេះបើតាមការចេញផ្សាយព័ត៌មានមួយដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីថ្ងៃអាទិត្យ។
សេចក្ដីប្រកាសព័ត៌មានបន្តថា កញ្ចប់អំណោយទាំងនោះមានដូចជា ម៉ាស់ការពារ ទឹកអនាម័យលាងដៃ ភេសជ្ជៈ Coca-Cola Energy ខិត្តប័ណ្ណអប់រំស្តីពីកូវីដ ១៩ និងស្ទិកឃើរជាច្រើនសម្រាប់បិទលើកង់ ៣ ដែលពិធីផ្ដល់ជូននេះបានធ្វើឡើងនៅកោះពេជ្រ និងនៅមុខការិយាល័យក្រុមហ៊ុន Grab។
លោក Hashim Alkaff នាយកក្រុមហ៊ុន Grab នៅកម្ពុជាបានថ្លែងថា អំណោយទាំងនេះ គឺជាការបង្ហាញពីការទទួលស្គាល់របស់ក្រុមហ៊ុន Grab ចំពោះតួនាទីដ៏សំខាន់របស់អ្នកបើកបរដែលភ្ជាប់កម្មវិធីហៅយានជំនិះផ្សេងៗគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩។
លោកថា៖ «ដើម្បីថែរក្សាសុខភាពរបស់ពួកគាត់ផ្ទាល់ និងសុខភាពអ្នកដំណើររបស់ពួកគាត់ វាពិតជាសំខាន់ណាស់ដែលអ្នកបើកបរត្រូវធ្វើតាមសេចក្តីណែនាំចុងក្រោយស្ដីអំពីការការពារសុខភាព និងសុវត្ថិភាពតាមរយៈការប្រើប្រាស់ម៉ាស់ការពារ និងទឹកអនាម័យលាងដៃ ដើម្បីជួយឲ្យពួកគាត់រក្សាបាននូវអនាម័យជានិច្ចក្នុងការកាត់បន្ថយការឆ្លងរបស់ជំងឺនេះ»។
លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកាកូឡា) បានថ្លែងដែរថា ក្រុមហ៊ុនលោកបានក្លាយជាផ្នែកមួយនៃសង្គមកម្ពុជាជិត ៣០ ឆ្នាំមកហើយ ដែលឥរិយាបថមូលដ្ឋានរបស់ក្រុមហ៊ុនគឺជួយឧបត្ថម្ភគាំទ្រដល់សហគមន៍ទូទៅ ក្នុងដំណាក់កាលដ៏ចាំបាច់តាមរយៈការផ្តល់អំណោយបែបនេះ។
លោកថា៖ «ការផ្ដល់លទ្ធភាពឲ្យអ្នកបើកបរទាំងអស់អាចបន្ដប្រកបអាជីវកម្មបានប្រកបដោយសុវត្ថិភាពតាមរយៈការប្រើប្រាស់ម៉ាស់ការពារ និងទឹកអនាម័យលាងដៃមានន័យថា ពួកគាត់អាចបន្តការរកប្រាក់ ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់។ យើងក៏ចូលរួមប្តេជ្ញាអនុវត្តតាមយុទ្ធនាការ «ពិភពលោកមួយដែលគ្មានសំរាម» តាមរយៈការលើកទឹកចិត្តអ្នកបើកបរទាំងនោះឲ្យយកដបដែលអាចប្រើប្រាស់វិញបានដើម្បីច្រកទឹកអនាម័យ លាងដៃ»។
កាលពីថ្មីៗនេះក្រុមហ៊ុន (កូកាកូឡា) បានប្រកាសបង្វែរថវិកា ២០ ម៉ឺនដុល្លារ ពីកញ្ចប់ថវិកាផ្សាយពាណិជ្ជកម្មរបស់ខ្លួនសម្រាប់ចូលរួមជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន។
ដោយឡែកលោក តាន់ គឹមសួគ៌ តំណាងឲ្យក្រុមអ្នកអភិរក្សព្រៃឈើបៃតងវ៉ររៀរស៍ដែលចូលរួមផ្តល់ទឹកអនាម័យលាងដៃ ៤២០ លីត្រ ក្នុងកម្មវិធីនេះដែរនោះបានថ្លែងថា ក្រុមលោកយកចិត្តទុកដាក់រៀបចំទឹកអនាម័យលាងដៃបែបសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពសម្រាប់ចែកជូនពលរដ្ឋទូទៅដើម្បីឱ្យមានលទ្ធភាពរក្សាសុវត្ថិភាព និងសុខភាពល្អតាមរយៈការរក្សាដៃរបស់ពួកគាត់ឲ្យមានអនាម័យជានិច្ច។
លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញថ្លែងថា ការចូលរួមនេះគឺបានផ្តល់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកបើករ៉ឺម៉កកង់ ៣ ដែលកំពុងស្ថិតនៅទីតាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានេះ។
លោកថា៖ «ការលើកទឹកចិត្តឲ្យអ្នកបើកបរទាំងអស់អនុវត្តវិធីថែរក្សាអនាម័យល្អនឹងផ្តល់ឲ្យអ្នកដំណើរ និងក្រុមគ្រួសាររបស់ពួកគាត់ដែលនៅផ្ទះមានអារម្មណ៍ស្ងប់ចិត្ត ដោយសារអ្នកបើកបរកំពុងការពារសមាជិកគ្រួសារ និងសហគមន៍របស់ពួកគាត់»។
ក្រុមហ៊ុន Grab និងកូកាកូឡាបញ្ជាក់ថា ពួកគេនឹងរៀបចំព្រឹត្តិការណ៍បែបនេះបន្ថែមទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះ៕