សៀមរាបៈ គិតត្រឹមថ្ងៃម្សិលមិញក្រសួងសុខាភិបាលបានរកឃើញមនុស្សចំនួន ៩០ នាក់ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិហុងគ្រីម្នាក់ដែលមានផ្ទុកជំងឺកូវីដ ១៩ និងបានតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ និងមន្ទីរពេទ្យ និងខ្លះទៀតត្រូវបានយកសំណាកទៅធ្វើតេស្ដជាបន្តបន្ទាប់ ខណៈក្រសួងកំពុងស្វែងរកអ្នកប៉ះពាល់បន្ថែមទៀត។
ក្នុងចំណោមទាំង ៩០ នាក់នោះ ម្នាក់ជាប្រពន្ធរស់នៅក្នុងផ្ទះជាមួយអ្នកជំងឺ នៅក្រុងសៀមរាប និងម្នាក់ទៀតជាអ្នករត់កង់បីធ្លាប់បានដឹកអ្នកជំងឺទៅទិញផ្ទាំងគំនូរត្រូវបាននាំមកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យខេត្តសៀមរាប បន្ទាប់ពីលទ្ធផលធ្វើតេស្ដលើកដំបូងរបស់អ្នកទាំង ២ អវិជ្ជមាន។
មនុស្ស ៣ នាក់ទៀតជាប្រពន្ធ និងកូនរបស់បុរសអ្នករត់កង់បីត្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហើយម្នាក់ទៀត គឺជាអ្នករត់តាក់ស៊ីធ្លាប់បានដឹកអ្នកជំងឺពីភ្នំពេញមកខេត្តសៀមរាបបានរង់ចាំលទ្ធផលធ្វើតេស្ដនៅថ្ងៃទី ២៧ កញ្ញា និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះខណៈអ្នកនៅសល់ ៨៤ នាក់ទៀត ដែលធ្វើដំណើរតាមយន្តហោះជាមួយជនជាតិហុងគ្រីនេះ កំពុងត្រូវបានមន្ត្រីសុខាភិបាលទាក់ទងមកធ្វើតេស្ដលើកទី ២ ជាបន្តបន្ទាប់។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃម្សិលមិញបញ្ជាក់ថា ក្រៅពីនេះគ្រឹះស្ថានអង្គរ ក្រុងសៀមរាបដែលអ្នកជំងឺបានធ្វើដំណើរទៅទិញផ្ទាំងគំនូរត្រូវបានដាក់ឱ្យស្ថិតក្រោមការតាមដានពីមន្ត្រីសុខាភិបាល ដោយសារអ្នកជំងឺបានទៅទីនោះក្នុងរយៈពេលខ្លីដោយបានពាក់ម៉ាស់ និងមិនបានប៉ះពាល់ជាមួយមនុស្សច្រើននោះទេ។
បុរសជនជាតិហុងគ្រីអាយុ ៧០ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបត្រូវបានធ្វើតេស្ដវិជ្ជមានកូវីដ១៩កាលពីថ្ងៃទី ២៦ កញ្ញា ដោយវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ ក្រោយពីបុរសរូបនេះត្រូវធ្វើតេស្ដលើកទី ២ នៅមន្ទីរពិសោធន៍នៅសៀមរាប ហើយត្រូវបានគេសង្ស័យថា ឆ្លងជំងឺនេះបន្ទាប់ពីបានធ្វើចត្តាឡីស័ក ១៣ ថ្ងៃនៅផ្ទះ។ គាត់បានធ្វើដំណើរចេញពីប្រទេសបារាំង និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ១៣ កញ្ញា ហើយនៅថ្ងៃទី ១៦ កញ្ញា គាត់បានចាកចេញពីភ្នំពេញដោយជួលតាក់ស៊ីជិះតែម្នាក់ឯងទៅកាន់ទីក្រុងសៀមរាប។
កាលពីព្រឹកថ្ងៃទី ២៦ កញ្ញា ក្រសួងសុខាភិបាលបានរាយការណ៍ថា បុរសរូបនេះរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័កនៅផ្ទះ ស្របពេលកំពុងរង់ចាំលទ្ធផលធ្វើតេស្ដពីវិទ្យាស្ថានប៉ាស្ទ័រនៅភ្នំពេញ ប៉ុន្តែប៉ុន្មានម៉ោងក្រោយគឺនៅពេលរសៀល ក្រសួងបានរាយការណ៍ជាថ្មីថា បុរសនេះគឺបានសម្ងំនៅក្នុងផ្ទះ និងបានចេញក្រៅផ្ទះតែម្ដងគត់ដើម្បីទៅទិញផ្ទាំងគំនូរនៅថ្ងៃទី ១៧ កញ្ញា។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានបដិសេធបញ្ជាក់ការរាយការណ៍ដោយក្រសួងថា អ្នកជំងឺធ្លាប់រត់គេចចេញពីផ្ទះ និងបានជំរុញឱ្យទៅសួរលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលវិញ។ ប៉ុន្តែលោកស្រី វណ្ណឌីន មិនអាចទាក់ទងសុំការបញ្ជាក់បានឡើយ។
កម្ពុជាបានរាយការណ៍ឆ្លងជំងឺកូវីដ ១៩ ទាំងអស់ចំនួន ២៧៦ នាក់ក្នុងនោះជាសះស្បើយចំនួន ២៧៤ នាក់ និងនៅសល់ ២ នាក់ គឺម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងម្នាក់ទៀតនៅមន្ទីរពេទ្យសៀមរាប៕
វីដេអូ៖