សៀមរាបៈ អ្នក​ជំនាញ​ប្រវត្ដិសាស្រ្ដ​មាន​ការ​ព្រួយ​បារម្ភ​ ចំពោះ​​បញ្ហា​ទឹក​នៅ​កសិណ​តំបន់​ប្រា​សាទ​អង្គរ​វត្ដ​មាន​ការ​រីង​ហួត​ខ្លាំង​ រហូត​ដល់​ ​១ ម៉ឺន​ម៉ែត្រ​គុប​ក្នុង ​១ ថ្ងៃ ប៉ុន្ដែ​អាជ្ញាធរ​ជាតិ​អប្សរា​ ថា​ បាន​ត្រៀម​លក្ខណៈ និង​រកដំណោះ​ស្រាយ​រួច​រាល់​អស់​ហើយ​ មិន​មាន​បញ្ហា​ប្រឈម​ទេ។

ទាក់ទង​នឹង​ការ​រីង​ហួត​ទឹក​ជាគំហុក​នៅ​តំបន់​ប្រាសាទ​អង្គរវត្ដនេះ​ លោក​ ដៀប សុផល ​សាស្រ្ដាចារ្យ​ប្រវត្ដិ​សាស្រ្ដ​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​សម្ដែង​ការ​ព្រួយ​បាម្ភ​ ចំពោះ​ការ​ប៉ះពាល់​ដល់​សោភណភាព​ប្រាសាទ​អង្គរ ​បើ​សិន​ជាទឹក​នៅតែ​បន្ដ​រីង​ហួត​ខ្លាំង​ថែមទៀត ​ព្រោះ​ទឹក​នៅ​កសិណ​ក្នុង​តំបន់​អង្គរ ​គឺជា​គ្រឹះ​របស់​ប្រាសាទ។

លោក​បាន​ថ្លែង​ថា​ ភាព​អស្ចារ្យ​​នៃ​ប្រាសាទ​អង្គរវត្ដ​ដែល​មាន​ទម្ងន់​រាប់​លាន​តោន ​ប៉ុន្ដែ​អាចឈរ​នៅ​បាន​យ៉ាង​រឹង​មាំ​ល្អ ដែល​ពី​សម័យ​អង្គរ​មិន​មាន​បច្ចេកវិទ្យា​នោះ​ទេ។

លោក​បន្ដថា​៖ «អ្វី​ដែល​អ្នក​វិទ្យា​សាស្រ្ដ​បាន​រក​ឃើញ ​ដែល​នាំ​ឲ្យ​ប្រាសាទ​អង្គរ​វត្ដ​យើង​ឈរ​រឹង​មាំ​ល្អ​នេះ ​មាន​ ២ ​គឺ​ដី​ខ្សាច់​ជា​គ្រឹះ និង​ទឹក​ព័ទ្ធ​ជុំវិញ ​ដែល​ធ្វើ​ឲ្យដី​ខ្សាច់​នៃគ្រឹះ​ប្រាសាទ​អង្គរ​វត្ត​នោះ​កាន់​តែ​រឹង​មាំ​ ដើម្បី​ទ្រ​ប្រាសាទ​អង្គរវត្ដ​យើង​នេះ»។

លោក សុផល​ បញ្ជាក់ថា​៖ «បើ​តាម​អ្នក​វិទ្យាសាស្រ្ដ​បក​ស្រាយ​ បើ​សិន​ជា​ទឹក​នៅ​កសិណ​ប្រា​សាទ​​នេះ​ស្ងួត​ប្រាកដ​ជា​មាន​បញ្ហា​មិន​ខាន»។

លោក​​លើក​ឡើងថា​ ប្រាសាទ​អង្គរវត្ដ​បាន​សាង​សង់​ឡើង​មិន​មែន​ដូច​សំណង់​នាពេល​បច្ចុប្បន្ន​ទេ ​ដូច្នេះ​បើសិន​ជា​មាន​ការ ស្រុត​បន្តិច​បន្តួច​នោះ​នឹង​មាន​បញ្ហា​ធំកើត​ឡើង​មិន​ខាន។

លោក​រំពឹងថា​ អាជ្ញាធរ​ជាតិ​អប្សរា ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ ឲ្យ​បាន​ល្អ ព្រោះ​ប្រទេស​ កម្ពុជា​ មិន​មែន​ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​សម័យ​កាល​ដុន​ដាប​ទៀត​នោះទេ​។ ដូច្នេះ​ត្រូវ​មាន​វិធី​ណាមួយ​ដើម្បី​ថែរក្សា​ទឹក​ដែល​នៅព័ទ្ធ​ជុំវិញ​តំបន់​ប្រាសាទ​អង្គរវត្ដ​នោះ។

ប៉ុន្តែ​លោក​ ភឿន សុឃីម ​អនុ​ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ទឹ​ក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ កាល​ពី​ថ្ងៃ​សុក្រសប្ដា​ហ៍មុន បាន​បង្ហាញ​តាម​រយៈ​គេហ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ថា ក្នុង​ ១ ​ថ្ងៃៗ​ទឹក​ក្នុង​កសិណ​អង្គរ​វត្ត​បាត់​បង់​អស់​ប្រហែល​ជាង ១ ម៉ឺន​ម៉ែត្រ​គុប (ស្រក​ប្រ​ហែល​ ១ហ៊ុន​/​​២ ​ហ៊ុន​) ព្រោះ​រំហួត​ទៅ​បរិ​យា​កាស​ និង​ការ​ជ្រាប​ទឹក​ទៅ​ក្នុង​ដី។ លោក​ថា ​ស្ថាន​ភាព​ទឹក​ក្រោម​ដី​ និង​លើ​ដី​សុទ្ធ​តែ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រាសាទ​ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ ពិសេស​ប្រាសាទ​អង្គរវត្ត។​

ដូច្នេះ ​ការ​រក្សា​ទឹក​ឱ្យ​មាន​តុល្យភា​ព​ទាំ​ង​រដូវ​ប្រាំង​ និង​រដូវ​វស្សា​ក្នុង​កសិណ គឺ​ចាំ​បាច់​បំផុត​ទាមទារ​ឱ្យ​ការគ្រប់​គ្រង​ទឹក​បាន​ត្រឹម​ត្រូវ​ ដើម្បី​ទ្រទ្រង់​ប្រាសាទ​ និង​រក្សា​សោ​ភណភាព​សម្រាប់​រមណីយដ្ឋាន​ទាំងមូល។

លោក សុឃីម ​បន្តថា​៖​ «រដូវប្រាំង​ឆ្នាំ​នេះ​ ប្រទេស​កម្ពុជា​នឹង​ទទួល​រង​នូវ​ឥទ្ធិពល El Nino ធ្វើ​ឱ្យ​អាកាស​ធាតុ​ក្តៅ​ហួត​ហែង​ខ្លាំង​ ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​ទឹក​យ៉ាង​ច្រើន​ដោយ​បញ្ហា​រំហួត​ទឹក​ទៅ​បរិយា​កាស​ ដែល​បញ្ហា​នេះ ​បាន​​ជះ​ឥទ្ធិ​ពល​ខ្លាំង​ដល់​ការគ្រប់​​គ្រង​ទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ»។

លោក​បញ្ជាក់​ថា​៖ «​ទោះ​បីការ​រំហួត​ទឹក​មាន​កម្រិត​ធំ តែ​មិន​ធ្វើឱ្យ​ប៉ះពា​ល់​បរិមាណ​ទឹក​ក្នុង​កសិណ​ប្រាសាទ​អង្គរ​វត្ត​នោះ​ឡើយ​ ព្រោះ​កសិណ​អាច​ផ្ទុក​ទឹក​បាន​សរុប​ជាង១​លាន​ម៉ែត្រ​គុប ព្រម​ទាំង​មាន​ការ​បញ្ចូល​ទឹក​ជា​ប្រចាំ​ផងដែរ»។

លោក​បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ផ្លូវ​ទឹក​បុរាណ ​ដើម្បី​បង្ហូរ​ទឹក​ពី​កសិណ​ទី​ក្រុង​អង្គរ​ធំ​ទៅ​កសិណ​ប្រាសាទ​អង្គរវត្ត​ត្រង់​ចំណុច​ទន្លេ​អុំ​ខាង​កើត​តាម​ច្រក​សំពៅ​លូន។

លោក​បន្ថែមថា​៖ «​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ទឹក​ក្នុង​កសិណ​ប្រាសាទ​អង្គរ​វត្ត​ធានា​បាន​តុល្យ​ភាព​ មិន​រីង​ស្ងួត​ និង​រក្សា​បាន​នូវ​ភាព​ស្រស់​ស្អាត​ក្នុង​កសិណ​ជានិច្ច»។

លោក​ ឡុង កុសល ​អ្នក​នាំពាក្យ​អាជ្ញា​ធរ​ជាតិ​អប្សរា ​​ពី​ម្សិល​មិញ​ អះអាង​ស្រដៀង​គ្នា​ដែរថា ​ទោះ​បីការ​រំហួត​ទឹក​មាន​កម្រិត​ខ្លាំង​ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​មានបញ្ហា​ដល់​កសិណ​ប្រាសាទ​អង្គរវ​ត្ត​នោះ​ឡើយ ​ព្រោះ​កសិណ​អាច​ផ្ទុក​ទឹក​បាន​សរុប​រាប់​សិប​លាន​ម៉ែត្រ​គុប។

លោក​បន្ដថា​៖ «អាជ្ញាធរ​ជាតិ​អប្សរា ​ក៏បាន​សហការ​ជាមួយ​រដ្ឋាករ​ទឹក​ស្វយ័ត​សៀមរាប​ជា​ប្រចាំ​ក្នុងការ​គ្រប់គ្រង​ទឹក​ក្រោម​ដី​ ធ្វើ​យ៉ាង​ណា​​កុំ​ឱ្យ​ការ​បូ​ម​ទឹក​ក្រោ​ម​ដី​យក​មក​ប្រើ​ប្រាស់​ ប៉ះ​ពាល់​ទៅ​ដល់​ស្រ​ទាប់​​ទឹ​ក​ក្រោម​ដី ដែល​អាច​នឹង​មាន​ហា​និ​ភ័យដ​ល់​ការ​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ»។

លោក​បាន​បន្ថែមថា​៖ «យើង​មិន​មាន​ការ​ព្រួយ​បារម្ភ​ទៅលើ​រឿង​នេះ​ទេ ​ពីព្រោះ​យើង​បាន​រក​ដំណោះ​ស្រាយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រឿង​នេះ​សព្វ​គ្រប់​អស់​ហើយ។ យើង​មិន​បាន​តោះ​តើយ​ទេ យើង​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​ណាស់​ចំពោះ​បញ្ហា​នេះ»។

បើ​តាម​លោក​ កុសល ​ទឹក​នៅ​តំបន់​បារាយណ៍​ខាង​លិច​ បើ​ទឹក​ស្ថិត​នៅ​ក្នុង​បរិមាណ​ខ្ពស់​បំផុត​អាច​ផ្ទុក​ទឹក​បាន​ ​ប្រមាណ​ ៥៦ លាន​ម៉ែត្រគុប ​នៅ​បារាយណ៍​ខាង​ជើង​ផ្ទុកទឹក​បាន​ប្រមាណ ​៥ លាន​ម៉ែត្រ​គុប។ ដោយឡែក​នៅ​កសិណ​អង្គរ​ធំ និង​កសិណ​ប្រាសាទ​អង្គរ​វត្ដ​មាន​ចំនួន​ច្រើន​លាន​ម៉ែត្រ​គុប​ថែម​ទៀត។

លោក​បញ្ជាក់ថា​៖ «បើ​សរុប​ទៅ​​ទឹក​នៅ​តំបន់​អង្គរ​យើង​នេះ​ទាំងអស់​មាន​ប្រមាណ​ជាង​ ៧០​ លាន​ម៉ែត្រ​គុបនេះ​ស្ថិត​ក្នុង​កម្រិត​បរិមាណ​ច្រើន​បំផុត ​ប៉ុន្ដែ​ក្នុង​ពេល​នេះ យើង​មិន​មាន​ទឹក​ក្នុង​កម្រិត​ច្រើន​បំផុត​ដូច​ដែល​បាន​និយាយ​នេះ​ទេ​។ គ្រាន់​តែ​ថា ទឹក​របស់​យើង​នៅ​តែ​រក្សា​បាននៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ»៕​