ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​ ៤ ​នាក់​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា​លើ​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ដោយ​ចោទ​គាត់​ថា​បាន​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​លើ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​កាលពី​ថ្ងៃទី ១១ ខែ​មីនា​កន្លង​ទៅ​នេះ​។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មាន​ការ​វាយដំ​ទៅ​លើ​លោក ស៊ុយ សារ៉េត មាន​ជនសង្ស័យ​ ៣ ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ពន្ធនាគារ​ដោយ​ជាប់​ចោទ​ពី​បទ​បង្ក​ហិង្សា​ដោយ​មាន​ស្ថាន​​ទម្ងន់ទោស និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​។

យោង​តាម​ «​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​» ​ចំនួន​ ៤ ​សន្លឹក​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ លោក ម៉ុង មុនីសោភា នៅ​ថ្ងៃទី ២២ ខែ​មីនា និង​ទើប​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​នគរបាល​ជាតិ​នៅ​ថ្ងៃទី​ ១២ ​ខែ​មេសា​ម្សិលមិញ​បាន​បង្គាប់​ឲ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ជនសង្ស័យ​ ៤ ​នាក់​ទៀត​រួម​មាន ១- ឈ្មោះ សំ សុធារ៉ា អាយុ ២២ ​ឆ្នាំ ២- ​ឈ្មោះ ភាជ គឹមហាក់ អាយុ​ ២០ ឆ្នាំ ទាំង​ ២ ​នាក់​ជា​ប្រជា​ការពារ​ខណ្ឌ​ដូនពេញ ៣- ​ឈ្មោះ សេដ្ឋ មេសា អាយុ​ ២៣ ​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន និង​ ៤- ​ឈ្មោះ ស៊ុំ ឆាយា អាយុ​ ១៨ ​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​មក​កាន់​តុលាការ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​មុន​ថ្ងៃទី ២៤ ខែ​មេសា​ខាង​មុខ​នេះ​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

តាម​ដីកា​បាន​ចោទប្រកាន់​​អ្នក​ទាំង​ ៤ ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​​ និង​បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា​ទី​ ២១៨ និង​ ៤១១ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។

គួរ​បញ្ជាក់​ថា​កាលពី​រសៀល​ថ្ងៃទី​ ១១ ខែ​មីនា ឆ្នាំ​នេះ​ក្រុម​មហាជន​បាន​តាម​ដេញ​វាយ​លោក ស៊ុយ សារ៉េត ដែល​គេ​ដឹងថា​ជា​សាស្ត្រាចារ្យ​ផ្នែក​អង់គ្លេស​នៃ​សាកលវិទ្យាល័យ​កម្ពុជា ហើយ​បាន​វាយកម្ទេច​រថយន្ត​របស់​លោក​ដោយ​ចោទប្រកាន់​ថា​បាន​បើក​បុក​រះ​សម្លាប់​មនុស្ស​តាម​ផ្លូវ​ក្នុង​សង្កាត់​ទួលសង្កែ​ ខណ្ឌ​ឫស្សីកែវ​រួច​បើក​រត់​គេច​រហូត​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ប៉ុន្តែ​នគរបាល​បាន​បដិសេធ​ថា​មិន​មាន​មនុស្ស​ស្លាប់​នោះ​ឡើយ​។

ក្រោយ​មក​ជនសង្ស័យ​ ៣ នាក់ មាន​ឈ្មោះ យាត ទិត្យា អាយុ ២១ ​ឆ្នាំ ឈ្មោះ អាន វិនទី អាយុ ២១ ​ឆ្នាំ​ និង​ឈ្មោះ អាន ផល្លី ​អាយុ​ ៣១ ​ឆ្នាំ​ត្រូវ​បាន​ឃាត់​ខ្លួន​ប៉ុន្មាន​​ថ្ងៃ​ក្រោយ​មាន​ការ​បង្ក​ហិង្សា​។

លោក ប៊ុន សត្យា នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍​ដឹង​ថា​តាម​របាយការណ៍​សរុប​មាន​ជនសង្ស័យ​បង្ក​ហិង្សា​លើ​លោក ស៊ុយ សារ៉េត​ ១០ រូប​ដែល​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​។

លោក​ថ្លែង​ថា​៖ «៣ ​នាក់​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​រួច​ហើយ ចំណែក​ ៤ ​នាក់​កំពុង​ស្វែងរក​ចាប់​ខ្លួន​ព្រោះ​មាន​ដីកា​ពី​តុលាការ​។ អ៊ីចឹង​នៅ​សល់​ ៣ នាក់​ទៀត តែ​មាន​អត្តសញ្ញាណ​មួយ​ចំនួន​ប៉ុណ្ណោះ អត់​ទាន់​មាន​ដីកា​»​។

លោក​បន្ត​ថា៖ «​អ្នក​ដែល​មាន​អត្តសញ្ញាណ​ហ្នឹង​កំពុង​គេច​ទៅ​តាម​ខេត្ត​ហើយ​ក្នុង​ប្រទេស​ហ្នឹង​»​។

ចំណែក​លោក ស៊ុយ សារ៉េត ដែល​ភ្លាម​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅកាន់​ប្រទេស​វៀតណាម​ទទួល​ការព្យាបាល ពេល​នេះ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជា​បន្ត​ទៀត​។ បើ​តាម​លោក ឈី សម្បតិ្ត មេធាវី​របស់​ក្រុម​គ្រួសារ​លោក​ សារ៉េត ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ទាក់ទិន​នឹង​ករណី​ហិង្សា​ដោយ​ទារ​សំណង​ប្រមាណ​ ៣០ ម៉ឺន​ដុល្លារ​។

លោក​មេធាវី ឈី សម្បត្តិ បាន​ឲ្យ​ដឹង​ថា​ស្ថានភាព​ជំងឺ​​បាន​ធូរ​បន្តិច​ហើយ ប៉ុន្តែ​អាច​ប្រើ​ពេលវេលា​យូរ​សម្រាប់​របួស​យ៉ាង​ធ្ងន់ធ្ងរ​លើ​ផ្ទៃ​មុខ​របស់​លោក សារ៉េត​។

លោក​បាន​បន្ត​ថា​៖ «​របួស​​ខ្លាំង​នៅ​លើ​ផ្ទៃមុខ បាក់ធ្មេញ តែ​ពេល​នេះ​លោក​បាន​ដាក់​ធ្មេញ​សិប្បនិម្មិត អ៊ីចឹង​អាច​ពិសា​បាន​។ ស្ថានភាព​របួស​​គាត់​បាន​ប្រសើរ​បន្តិច ប៉ុន្តែ​ជំងឺ​របស់​លោក​នៅ​ត្រូវការ​ប្រើ​​ពេលវេលា​យូរ​»៕