កំពង់ធំ: ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​លោក អ៊ិត សុធា កាលពី​ម្សិលមិញ​បាន​ដោះលែង​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​សង្ស័យ​លួច​ដឹក​សត្វព្រៃ​ជាង​ ២០០ ​គីឡូ​ ដោយ​លោក​សំអាង​ថា​បុរស​រូបនេះ​គ្រាន់តែ​ជា​ជំនួយការ​អ្នកបើកបរ ប៉ុន្តែ​ពិន័យ​ជា​ប្រាក់​ចំនួន​ ៣០ ​លាន​រៀល ហើយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ និង​អ្នកបើកបរ​ចូល​ខ្លួន​មក​បង់ប្រាក់​ពិន័យ​បន្ថែម​ទៀត​តាមច្បាប់​ស្ដីពី​ព្រៃឈើ​។

ការដោះលែង​នេះ​បន្ទាប់ពី​កម្លាំង​កងរាជ​អាវុធហត្ថ​ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃទី​ ២២ ខែ​ កញ្ញា​ បាន​ឃាត់​ខ្លួន​បុរស​ឈ្មោះ ងន វុនរ៉ា អាយុ ២៧ ​ឆ្នាំ ​ពាក់ព័ន្ធ​ការដឹកជញ្ជូន​សត្វព្រៃ​មក​ដល់​ចំណុច​ភូមិ​ស្លាកក្រាញ់ ឃុំ​សំព្រោជ ស្រុក​ស្ទោង បម្រុង​ទៅ​កាន់​រាជធានី​ភ្នំពេញ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការដោះលែង​នេះ​ដោយសារ​រកឃើញ​ថា រូបគេ​ជា​ជំនួយការ​បើកបរ​ (​ព្រូឡាន​) ​រថយន្តក្រុង​ក្រុមហ៊ុន​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ ប៉ុន្ដែ​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ទេ ។

លោក​ថា​៖ «​យើង​ដោះលែង​គាត់​វិញ​ហើយ​គឺ​តម្រូវ​ឲ្យ​គាត់​បង់ពិន័យ​ចំនួន​ ៣០ ​លាន​រៀល ហើយ​លើស​ពី​នេះ យើង​ក៏​ត្រូវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ឡានក្រុង​ហ្នឹង​ និង​អ្នកបើកបរ​ក៏​ត្រូវ​ចូល​ខ្លួន​មក​បង់ប្រាក់​ពិន័យ​បន្ថែម​ទៀត​ដែរ​។ រីឯ​សត្វព្រៃ​យើង​បាន​ឲ្យ​មន្ត្រី​ជំនាញ​ដោះលែង​នៅ​ទីកន្លែង​មាន​សុវត្ថិភាព​អស់ហើយ​»​។

លោក អាំ ប៊ុនថា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​បាន​ថ្លែងថា កម្លាំង​លោក និង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​ឃាត់​រថយន្ដក្រុង​ ១ ​ដែល​ដាក់ឈ្មោះ​ក្រុមហ៊ុន​បូព៌ា​អាស៊ី​ពាក់ព័ន្ធ​ការដឹកជញ្ជូន​សត្វព្រៃ​ដោយ​ខុសច្បាប់​សំដៅ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ប៉ុន្ដែ​លោក​មិនបាន​ដឹង​ពី​ប្រភព​សត្វព្រៃ​ទាំងនេះ​ទេ​។

លោក​បន្ត​ថា ​ជនសង្ស័យ​នោះ​ឈ្មោះ ងន វុនរ៉ា អាយុ ២៧ ​ឆ្នាំ​ រស់នៅ​ភូមិ​ប្រមោយ ឃុំ​ប្រមោយ​ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ជា​ជំនួយការ​អ្នកបើកបរ​រថយន្ដក្រុង​ ១ ​គ្រឿង ម៉ាក KIA ពណ៌​ស្លាទុំលាយ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-2417 ​ជា​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​។

លោក ប៊ុនថា បន្ថែម​ថា​វត្ថុតាង​ដែល​ចាប់​បាន​មាន​អណ្តើកសង្កល់​ ២៨ ​ក្បាល ​ស្មើនឹង​ ១៧៩ ​គីឡូក្រាម​ ពស់ក្រចាន់​តាម​ម​ ៨២ ​ក្បាល​ ស្មើនឹង​ ៤៥ ​គីឡូ និង​​ទន្សង​ ៤ ​ក្បាល​ ស្មើនឹង​ ៨ ​គីឡូ ។

លោក ហង្ស ថុល មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​ថ្លែងថា កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​​សហការ​ជាមួយ​មន្ត្រី​មូលដ្ឋាន​បាន​ឃាត់​រថយន្តក្រុង​លួច​បង្កប់​ដឹក​សត្វព្រៃ​នៅ​ចំណុច​ស្រុក​ស្ទោង និង​បាន​ប្រគល់​ជូន​ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​បាន​ថ្លែងថា លោក​បាន​ទទួល​ព័ត៌មាន​នេះ ប៉ុន្ដែ​មិនទាន់​បាន​​លម្អិត​នៅឡើយ​ទេ ដោយ​លោក​ជាប់​មក​ប្រជុំ​នៅ​ភ្នំពេញ ។

ក្រុមហ៊ុន បូព៌ា​អាស៊ី​ដឹក​អ្នក​ដំណើរ មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​ដោយ​ទូរស័ព្ទ​ចូល ប៉ុន្ដែ​ត្រូវ​បាន​ចុច​ផ្ដាច់​ទៅវិញ​៕