ភ្នំពេញៈ គណៈកម្មការជាតិ ត្រួតពិនិត្យការអនុវត្តអនុសញ្ញា អន្តរជាតិខាងការងារកាលពីថ្ងៃសុក្របានបើកកិច្ចប្រជុំពិភាក្សាការងារអំពីការអនុវត្ត សេរីភាព វិជ្ជាជីវៈការងារនៅកម្ពុជា និងដោះស្រាយបញ្ហាប្រឈមនានាដែលកិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតអង្គការពលកម្មអន្តរជាតិ ILO និងខួប ៥០ ឆ្នាំនៃការចូលជាសមាជិក អង្គការ ILO របស់កម្ពុជា។
យោងតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកិច្ចប្រជុំនេះមានការចូលរួមដោយសមាគមនិយោជក តំណាងសហជីព តំណាងក្រសួងមហាផ្ទៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសរសេរនៅក្នុងសារ Whatsapp ថាកិច្ចប្រជុំនេះបានធ្វើឡើង ដើម្បីពិនិត្យទៅលើសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងវិស័យការងារនៅកម្ពុជា។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានឲ្យដឹងថាកិច្ចប្រជុំនេះមានការលើកយកបញ្ហាដែលបានប្តឹងទៅ ILO ដើម្បីយកមកពិភាក្សាដូចជា ករណីបាតុកម្មនៅផ្លូវវេងស្រេងដែលបានបញ្ចប់ទៅដោយហិង្សាករណីសម្លាប់មេដឹកនាំសហជីពលោក ជា វិជ្ជា កាលពីអំឡុងឆ្នាំ ២០០៤ ជាដើម។
លោកបញ្ជាក់ថា៖ «នៅក្នុងប្រជុំហ្នឹងគណៈកម្មការដែលចេញអនុក្រឹត្យដោយរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅតាម ILO ហើយនៅក្នុងអនុក្រឹត្យហ្នឹងគេឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការត្រីភាគីដើម្បីអនុវត្តនូវអនុសញ្ញាដែលកម្ពុជាបានឲ្យសច្ចាប័ន»។
លោក អាត់ ធន់ បញ្ជាក់ថា៖ «សម្រាប់កិច្ចប្រជុំហ្នឹង គេចង់ដឹង គេអនុវត្តយ៉ាងម៉េចហើយ ហើយដល់ណាហើយ ពិសេសករណីដែលបានប្តឹងទៅអង្គការ ILO, ការសម្លាប់ លោក ជា វិជ្ជា ករណីនៅផ្លូវវេងស្រេងហ្នឹងគឺយ៉ាងម៉េចហើយ ហើយគេយកមកពិភាក្សាដោះស្រាយ»។
វិស័យការងារនៅកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះត្រូវបានគេមើលឃើញថាមានការកែលម្អឲ្យមានភាពប្រសើរឡើងជាលំដាប់ សូម្បីតែប្រាក់ឈ្នួលរបស់កម្មករក៏ត្រូវបានដំឡើងជារៀងរាល់ឆ្នាំយ៉ាងទៀងទាត់ផងដែរ ដោយមានការចូលរួមពិភាក្សាពីមជ្ឈដ្ឋានពាក់ព័ន្ធក្រោមការដឹកនាំដោយក្រសួងការងារ៕