ភ្នំពេញៈ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជិត ៤០ នាក់ ដែលកំពុងបម្រើការងារក្នុងអង្គភាពផ្សេងៗគ្នានៅកម្ពុជា កាលពីម្សិលមិញ បានចេញលិខិតចំហមួយ អំពាវនាវឲ្យតុលាការទម្លាក់បទចោទទាំងស្រុងលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី (RFA) ២ នាក់ បន្ទាប់ពីតុលាការបានដោះលែងឲ្យនៅក្រៅឃុំកាលពីខែសីហា ឆ្នាំ ២០១៨ ប៉ុន្ដែត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។
លិខិតចំហរបស់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានផ្ដិតស្នាមមេដៃចំនួន ៣៧ នាក់ ចុះថ្ងៃទី ១០ មករា បានរៀបរាប់ថា អ្នកសារព័ត៌មានដែលបានផ្តិតស្នាមមេដៃនៅក្នុងលិខិតចំហមួយនេះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរលើលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា។
លើសពីនេះ ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ធ្វើឲ្យពួកគេទាំង ២ ពិបាកក្នុងការរស់នៅ និងមិនអាចបំពេញការងារជាអ្នកកាសែតបន្តទៀតនោះទេ។ ពួកគេមិនអាចផ្លាស់ប្តូរលំនៅឋាន ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ មិនអាចធ្វើដំណើរទៅក្រៅប្រទេស និងត្រូវបង្ហាញខ្លួនជារៀងរាល់ខែនៅប៉ុស្តិ៍នគរបាលផងដែរ។
លិខិតនេះបញ្ជាក់ថា៖ «យើងខ្ញុំយល់ថា ការចោទប្រកាន់ទាក់ទងនឹងការផ្តល់ព័ត៌មានដែលនាំឲ្យអន្តរាយដល់ការការពារជាតិ ជាការចោទប្រកាន់មួយដ៏ធ្ងន់ធ្ងរ។ ការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានទាំង ២ រូបនេះ កំពុងតែបង្កភាពភ័យខ្លាចដល់អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈនិងធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះផងដែរ»។
លោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវិទ្យុអន្តរជាតិមួយ ដែលបានផ្តិតមេដៃនៅលើលិខិតចំហ បានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មានដូចគ្នាដែលធ្វើការនៅស្ថានប័នដែលហ៊ាននិយាយការពិត និងមានវិជ្ជាជីវៈ ដើម្បីជាកញ្ចក់ឆ្លុះក្នុងសង្គមកម្ពុជា ត្រូវតែជួយគ្នាក្នុងគ្រាមានការលំបាកបែបនេះ។
លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវដល់តុលាការគ្រប់លំដាប់ថ្នាក់ បញ្ចប់ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី (RFA) ទាំង ២ នាក់ ព្រមទាំងទម្លាក់ចោលទាំងស្រុងនូវការចោទប្រកាន់លើពួកគេ»។
លោកយាង សុជាមេត្តា អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ដែលកំពុងត្រូវបានឃ្លាំមើលដោយតុលាការថ្លែងថា លោកសប្បាយរីករាយដែលអ្នកសារព័ត៌មានភាគច្រើនបានយល់ពីទុក្ខធុរៈ ការលំបាក និងចេះជួយគ្នាក្នុងគ្រាមានអាសន្ន ដូចជាលោក និងលោកអ៊ួន ឈិន ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ដោយមិនមានមូលដ្ឋានច្បាស់លាស់នេះជាដើម។
លោកថ្លែងថា៖ «ខ្ញុំគិតថា ដោយសារតែគាត់ជាអ្នកសារព័ត៌មាន ហើយគាត់យល់ពីទឹកចិត្ត ទុក្ខលំបាកដែលជាអ្នកសារព័ត៌មានដូចគ្នា ទើបបានជាពួកគាត់ខំខ្នះខ្នែងជួយអំពាវនាវ ជួយជំរុញឲ្យមានដំណោះស្រាយសមរម្យ និងយុត្តិធម៌សម្រាប់ពួកខ្ញុំទាំង ២ នាក់»។
លោកក៏បានអំពាវនាវឲ្យតុលាការទម្លាក់បទចោទមកលើរូបលោកទាំង ២ ដើម្បីពួកលោកមានឱកាសរកការងារធ្វើ ក្នុងការរកលុយផ្គត់ផ្គង់ចិញ្ចឹមជីវិត និងគ្រួសារ ព្រោះក្នុងអំឡុងពេលនេះ លោកមិនអាចចូលទៅបម្រើការងារនៅស្ថានប័នណាមួយទេ ដោយសារតែការឃ្លាំមើលរបស់តុលាការ។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន ពីម្សិលមិញ មិនទាន់មានយោបល់អ្វីសម្រាប់អត្ថាធិប្បាយជុំវិញលិខិតនេះទេ ដោយថា វាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ។
លោកបញ្ជាក់ថា៖ «ព្រោះបានឃើញបែបនេះ ប្រហែលជាចាំមើលសមត្ថកិច្ចខាងតុលាការហ្នឹង អាចចាត់ការតាមនីតិវិធីគេ ខ្ញុំអត់ទាន់ថាម៉េចទេ ព្រោះវាជាដែនសមត្ថកិច្ចគេ អត់ទាក់ទងអីយើងទេ ហើយខ្ញុំបានផ្ញើលិខិតនេះជូនថ្នាក់ដឹកនាំយើងដែរ ចាំមើលគាត់មានគំនិតអ្វីបន្ថែមទៀត»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ពីម្សិលមិញ។ លោកមឿន ឈានណារិទ្ធិ នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាសារព័ត៌មានគាំទ្រចំពោះលិខិតអំពាវនាវនេះ ហើយថា ក្នុងនាមលោកជាអ្នកសារព័ត៌មានក៏បានដឹងពីការលំបាករបស់អ្នកសារព័ត៌មានដែរ។
លោកថា ស្ថានភាពនយោបាយ បានប្រព្រឹត្តទៅល្អប្រសើរវិញហើយ ដូច្នេះសង្ឃឹមថា សិទ្ធិសេរីភាពក្នុងការទទួលព័ត៌មាននឹងដំណើរការយ៉ាងរលូនឡើងវិញ ព្រោះកន្លងមកនេះ មានភាពតានតឹងផ្នែកនយោបាយ ដែលវាជាហានិភ័យសម្រាប់អ្នកសារព័ត៌មានមួយចំនួនដែលតែងតែរិះគន់រដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «លិខិតមួយនេះ គ្រាន់តែជាការលើកទឹកចិត្តដល់អ្នកទាំង ២ និងជាការពញ្ញាក់អារម្មណ៍ថ្នាក់ដឹកនាំប៉ុណ្ណោះ ប៉ុន្ដែការសម្រេចបែបណា ស្ថិតនៅលើតុលាការ បើតុលាការសម្រេចយ៉ាងណា គឺត្រូវតែអ៊ីចឹង។ យ៉ាងណា ខ្ញុំក៏សុំឲ្យតុលាការទម្លាក់បទចោទលើពួកគាត់ទៅ ព្រោះប៉ះពាល់ដល់ជីវភាពពួកគាត់ខ្លាំងណាស់»។
លោកអ៊ួន ឈិន និងលោកយាង សុធារិន ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយតុលាការចោទប្រកាន់ពី «បទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ»។
កាលពីខែសីហា ឆ្នាំ ២០១៨ អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំង ២ រូបនេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោយជាប់ពន្ធនាគារជាង ៩ ខែ តែត្រូវដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ៕