ភ្នំពេញៈ ពលរដ្ឋរស់នៅតំបន់បឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី ៥ ខែមីនា នេះ បានដាក់ញត្តិដោយមានហត្ថលេខី៨នាក់សុំកិច្ចអន្តរាគមន៍ពី លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីស្នើទៅព្រះមហាក្សត្រ សុំការលើកលែងទោស ដល់អ្នកស្រី ទេព វន្នី ប៉ុន្តែត្រូវបានច្រានចោលមិនទទួលយកញត្តិដោយ លោក គង់ ចំរើន មន្ត្រីផ្នែកទទួលពាក្យបណ្ដឹងនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដោយអះអាងថា គ្មានឯកសារគ្រប់គ្រាន់ គឺខ្វះសាលក្រមស្ថាពរពីតុលាការ។
រហូតមកទល់ថ្ងៃ ៥ មីនានេះ នៅខ្វះតែពីរថ្ងៃទៀតទេ គឺមួយខែហើយ រាប់ចាប់ពីថ្ងៃសវនាការថ្ងៃទី ៧ ខែកុម្ភៈ តែនៅមិនទាន់បានសាលក្រមស្ថាពរទៀត។
លោក ចំវើន បានថ្លែងថា៖«ញត្តិរបស់ពួកគេមិនគ្រប់គ្រាន់ទេ ខ្ញុំបានប្រាប់ពួកគេឲ្យវិលត្រឡប់មកវិញម្ដងទៀត ដោយនាំមកនូវឯកសារឲ្យបានគ្រប់គ្រាន់ ពួកគេត្រូវភ្ជាប់មកនូវសាលក្រមស្ថាពររបស់តុលាការ ដូច្នេះយើងអាចនឹងពិនិត្យមើលបាន»។
តុលាការកំពូល នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំនេះ បានបើកសវនាការនិងប្រកាសសម្រេចតម្កល់សាលដីកាតុលាការថ្នាក់ក្រោម ដោយផ្តន្ទាទោសអ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំកន្លះដដែល ទាក់ទិននឹងករណីបង្ករបួសស្នាមនៅក្បែរវិមានឯករាជ្យ ជិតភូមិគ្រឹះនាយករដ្ឋមន្ត្រី កាលពីខែមីនា ឆ្នាំ ២០១៣។
ក្នុងសវនាការដែលដឹកនាំដោយចៅក្រមលោក ស្រី គឹម សត្ថាវី និងមានមេធាវីការពារក្តី អ្នកស្រី ទេព វន្នី ផងនោះ បានសម្រេចរក្សាបទចោទនិងតម្កល់សាលដីកាតុលាការថ្នាក់ក្រោមនៅដដែល។ អ្នកស្រី ទេព វន្នី ដែលបានត្រូវបាននាំមកសវនការនៅពេលនោះ បានឆ្លើយប្រាប់តុលាការថា គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។
អ្នកស្រីថា៖ «នៅថ្ងៃកើតហេតុ ខ្ញុំអត់បានប្រព្រឹត្តទេ ព្រោះបានដាក់ញត្តិទៅក្រសួង ពេលមិនទទួលក៏នាំគ្នាទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ថ្ងៃនោះ អត់មានអ្នកចេញមកទទួល បើចេញមកទទួល ក៏អត់មានបញ្ហាដែរ។ ទើបមួយសន្ទុះ សមត្ថកិច្ចរារាំងនិងមានការប្រទូសរ៉ាយដាក់គ្នា»។
ការសុំឲ្យមានការដោះលែងនេះក៏ដោយសារមូលហេតុថា កូនស្រីអាយុ១៤ឆ្នាំរបស់អ្នកស្រី ទេព វន្នី មានបញ្ហារលាកខួរក្បាល ច្រើនសន្លប់ ឯម្តាយវះភ្នែកទាំងសងខាងផងដែរ។
នៅក្រៅតុលាការកំពូល ក៏មានអ្នកគាំទ្រអ្នក ស្រី វន្នី ប្រមាណ ២០ នាក់ផងដែរ។
គួរបញ្ជាក់ថា នេះជាសវនាការលើបណ្តឹងសារទុក្ខចំពោះសំណុំរឿងអ្នកស្រី ទេព វន្នី ដែលត្រូវបានចាប់ខ្លួនកាលពីខែ សីហា ឆ្នាំ២០១៦និងត្រូវបានចោទថាបានបង្ករបួសស្នាមទៅលើសន្តិសុខខណ្ឌដូនពេញ២នាក់។
សំណុំរឿងនេះត្រូវបានតុលាការថ្នាក់ក្រោមកាត់ក្តីឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ កន្លះពាក់ព័ន្ធនឹង«បទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ៕