ភ្នំពេញៈ បន្ទាប់​ពីមាន​ការ​រា​រាំង ពី​អនុ​ប្រធាន​ភូមិ​ មិ​ន​ឲ្យសាង​សង់​ស្ពាន​ថ្ម​ឆ្លង​កាត់​អូរមួយ​ខ្សែ​ ដែល​ជា​ដី​របស់​ខ្លួន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅមក ប្រជា​ពលរដ្ឋ​មួយ​ក្រុម​ដែល​ត្រូវ​បានគេ​អះអាងថា នៅ​ភូមិ-សង្កាត់​លេខ​ ១ ក្រុង-ខេត្ត​ព្រះសី​ហនុ ចំនួន​១៣០ ​គ្រួសារ នៅ​ព្រឹក​​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០១៨ បាន​នាំគ្នា​ធ្វើ​ញត្តិ​ដាក់​ស្នើសុំ​កិច្ច​អន្តរា​គមន៍ ពី​អាជ្ញាធរ​ខេត្ត ដើម្បី​ជួយ​ដោះ​ស្រាយ​នៅ​ក្នុង​បញ្ហា​នេះ។

ញត្តិ​សុំ​កិច្ច​អន្តរា​គមន៍​របស់​អ្នក​ភូមិ បាន​ចោទ​ប្រកាន់ ​លោក លឹម សំអឿន ដែល​ជា​អនុ​ប្រធាន​ភូមិ​ ១ ថា បាន​តម្រូវ​ឲ្យ​អ្នក​ភូមិ​រក​ប្រាក់​ចំនួន​ដប់​ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​ក្នុង​ការ​សាង​សង់​ស្ពាន​ថ្មមួយ​ខ្សែ​ទំហំ​ ៤​ ម៉ែត្រ គុណ​ ១៩​ ម៉ែត្រ​ ដើម្បី​សម្រួល​​ដល់​ការ​ធ្វើ​ដំណើ​ទៅ​មក ពិសេស​សិស្សា​នុសិស្ស ដែល​ត្រូវ​ធ្វើ​ដំណើរទៅ​សាលា​រៀន បើ​ពុំដូច្នោះ​ទេ គាត់​នឹង​មិន​អនុញ្ញាតឲ្យ​ធ្វើ​ការ​សាង​សង់​ឡើយ​។

តំណាង​ពលរដ្ឋ​ ១៣០ គ្រួ​សារ អ្នក​ស្រី ស៊ុន មុំ អាយុ​ ៥៧​ ឆ្នាំ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី ២៥ ខែ​មករា​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​ធ្នូ​ ខណៈ​ក្រុម​អ្នក​ភូមិ​កំពុង​រៀប​ជីក​ដីធ្វើ​គ្រឹះ​សាង​សង់​ស្ពាន​ នៅ​ចំណុច​មាត់​អូរ​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ក្រុមទី ១៥ ភូមិ-សង្កាត់​លេខ​១ ក៏ស្រាប់​តែ​លេច​មុខ​ លោក លឹម សំអឿន មក​ហាម​ឃាត់​និង​គំរាម​ចាប់​ពួក​គាត់​បញ្ជូន​ទៅ​តុលា​ការ។

អ្នក​ស្រី​បញ្ជាក់​ថា៖​ «គាត់​[លឹម សំអឿន] អះអាង​ថា ទីតាំង​ដី​ដែល​អ្នក​ភូមិ​កំពុង​ជីក​និង​រៀបចំ​សាង​សង់​ស្ពាន​ឆ្លងកាត់​នោះ ​​ជាដី​របស់​គាត់។ គាត់​ថា បើ​ចង់​សាង​សង់​ស្ពាន​នៅ​ទីនេះ ត្រូវ​រក​ប្រាក់​ដប់​ម៉ឺន​ដុល្លារ​មក​បង់​ឲ្យ​គាត់ ​បើមិ​ន​ដូច្នោះទេ គាត់​មិន​ព្រម​ឲ្យ​សាង​សង់​ឡើយ​»។

អ្នក​ស្រី​បន្ថែម​ថា៖«ស្ពាន​ថ្ម​ដែល​អ្នក​ភូមិ​យើង​រួម​គ្នា​ធ្វើ​នេះ​ គឺពួក​យើង​បាន​ចូល​លុយ​គ្នា​ធ្វើដោយ​ខ្លួ​នឯង ដើម្បី​ចូល​រួម​ចំ​ណែក​ក្នុង​ការ​រអភិវឌ្ឍកាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុងមូល​ដ្ឋាន ស្រប​តាម​គោល​នយោ​បាយ​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល គឺ​សម្តេច អគ្គ​សេនា​បតី​តេ​ជោ ហ៊ុន សែន​»។

តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត លោក ប៉ែន ធា និយាយ​ថា​ បន្ទាប់​ពី​ធ្វើការ​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​សាង​សង់​ស្ពាន​ហើយ​នោះ ​លោក សំអឿន​ បាន​ជួល​កម្មករ​មួយ​ក្រុម​មក​សង់​ផ្ទះ ​និង​បោះ​បង្គោល​រប​ង​ហ៊ុមព័ទ្ធ​ដីនិង​ផ្លូវ​មិន​ឲ្យ​អ្នក​ភូមិ​ដើរ​ឆ្លង​កាត់​ថែម​ទៀត។

លោក​ថ្លែង​ថា​៖«គាត់​មិន​ត្រឹម​តែ​ហាម​ឃាត់​មិន​ឲ្យពួក​យើង​សាងស​ង់ស្ពាន​ទេ​ ថែម​ទាំង​បិទ​ផ្លូវ​ដែល​មាន​ស្រាប់​មិន​ឲ្យ​អ្នក​ភូមិ​យើង​ធ្វើ​ដំណើ​រឆ្លង​កាត់​ថែម​ទៀត។​ ដូច្នេះ​សូម​អាជ្ញាធរ​ក្រុង និង​ខេត្ត ​មេត្តា​ចុះ​អន្ត​រាគមន៍​ជួយ​ដល់​យើង​ខ្ញុំ​ផង»។

លោក លឹម សំអឿន បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ ដោយ​ទទួល​ស្គាល់​ថា ​លោក​ពិត​ជាបាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​សាង​សង់​ស្ពាន និង​ ទាម​ទារ​ឲ្យ​មាន​ការ​បង់​ប្រាក់​ឲ្យ​លោក​ចំនួន​​ ១០ ​ម៉ឺន​ដុល្លារ​ពិត​ប្រាកដ​មែន​ ដោយ​អះអាង​ថា ​ទីតាំង​ដី​និង​ផ្លូវ​ដែល​អ្នក​ភូមិ​ធ្លាប់​បាន​ដើរ​ឆ្លង​កាត់​មួយ​រយៈ​ខ្លី​កន្លង​មក​នេះ​ ជាដី​កម្ម​សិទ្ធិ​ស្រប​ច្បាប់​របស់​​លោក​។

លោក បញ្ជាក់​ថា​៖ «គ្មាន​អ្នក​ភូមិ​ណា​ម្នាក់​បាន​ចេញ​លុយ​ក្នុង​ការ​ធ្វើ​ស្ពាន​នេះ​ទេ។ ការ​ពិត​អ្នក​ស្រី ស៊ុន​ មុំ​ ដែល​ជា​អ្នក​រកស៊ី​ពុះដី​ឡូតិ៍​លក់ និង​មាន​ដី​ជា​ច្រើន​កន្លែង នៅ​ផ្នែក​ម្ខាង​នៃ​ដង​អូរ​នេះ គាត់​ចង់​សង់​ស្ពាន​នោះ​ឲ្យ​មក​ភ្ជាប់​និង​ដី​របស់​ខ្ញុំ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​លក់​ដី​របស់​គាត់​ប៉ុណ្ណោះ​ ព្រោះ​ខ្ញុំបាន​រក្សា​ដី​ក្នុង​ទំហំ​ ៨ ម៉ែត្រ​គុណ ​១៦០ ​ម៉ែត្រ​ ដើម្បី​ធ្វើ​ផ្លូវ​ សម្រាប់​ពល​រដ្ឋ​ ដែល​បាន​មក​ទិញ​ដីខ្ញុំ ព្រោះ​ខ្ញុំ​ក៏​រក​ស៊ី​ពុះ​ដីឡូតិ៍​លក់​ដែរ»។

លោក​សំអឿន បន្ត​ថា៖«គាត់​មិន​ដែល​មក​ចរចា​ជា​មួយ​ខ្ញុំ​ម្ដង​ណា​ទេ ក្នុង​ការ​សុំ​ប្រើ​ប្រាស់​ផ្លូវ​របស់​ខ្ញុំ​នេះ​ ប៉ុន្តែ​ស្ងាត់ៗ​គាត់​លួច​ប្រើ​កម្មក​រ​ឲ្យ​មក​ជីក​ដី​សង់​ស្ពាន​នៅ​លើដី​ខ្ញុំ ដោយ​យក​លេស​ថា ​អ្នក​ភូមិ​ត្រូវការ​ស្ពាន​ និង ផ្លូវ​របស់​ខ្ញុំ​ប្រើ​ប្រាស់​ជា​សាធា​រណៈ ​និង មិន​បង់​កម្រៃ​អ្វី​បន្តិច​បន្តួច​ទាល់​តែ​សោះ​មក​ដល់​ខ្ញុំ​ជា​ម្ចាស់​ដី»។

យ៉ាង​ណា​ក៏ដោយ​ លោក​ ចាប សុខុម ​មេភូមិ​ ១ បាន​និយាយ​ថា លោក​ លឹម​ សំអឿន គួរ​តែ​បរិច្ចាគ​ដីផ្លូវ​នោះ​ សម្រាប់​ជា​ប្រយោ​ជន៍​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ ខណៈ​ភាគី​អ្នក​ស្រី​ ស៊ុន មុំ បាន​សម្រេច​បរិច្ចាគ​ប្រាក់​សង់​ស្ពាន​ ដើម្បី​តភ្ជាប់​ផ្លូវ​ពីក្នុង​ភូមិ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ ៤ ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥០០ ម៉ែត្រ ​គ្រាដែល​ផ្លូវ​ចាស់​ មាន​ចម្ងាយ​រហូត​ដល់​ជាង​៣​គីឡូ​ម៉ែត្រ​ទើប​ដល់​ផ្លូវ​ជាតិ​លេខ ៤ ដែល​ពិបា​ក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក ពិសេស​សិស្សា​នុសិស្ស​តែ​ម្ដង។

ជាមួយ​គ្នានេះ​ដែរ លោក ឈិត សូផាត ចៅ​សង្កាត់​លេខ ១ បាន​ថ្លែង​ដោយ​ទទួល​ស្គាល់​ថា ករណី​វិវាទ​ខាង​លើនេះ​ ដើម​ឡើយ​ជាវិវាទ​ផល​ប្រយោ​ជន៍​របស់​បុគ្គល​ឈ្មោះ ​លឹម សំអឿន​ អនុប្រធាន​ភូមិ ​១​ និង​ បុគ្គល​ឈ្មោះ ​ស៊ុន​ មុំ​ ដែល​ជាអ្នក​រក​ស៊ី​ពុះ​ដីឡូតិ៍​លក់​ ហើយ​ករណី​នេះ លោក​បាន​ធ្វើការ​សម្រប​សម្រួល​ពីរ​លើក​មក​ហើយ​ តែ​មិន​សះជា ​ដោយ​ភាគី​ម្ខាង​ៗគិត​តែ​ពី​ផល​ប្រយោជន៍​រៀងៗ​ខ្លួន។

លោក បញ្ជាក់​ថា​៖«ក្នុង​នាម​អាជ្ញាធរ​សង្កាត់ ខ្ញុំ​ពិត​ជារីក​រាយ​ណាស់ ប្រសិន​បើ​ភាគី​ទាំង​ពីរ​ចុះ​សម្រុង​គ្នា ក្នុង​ការ​បង្កើត​ស្ពាន​និង​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ។ ប៉ុន្តែ​ ខ្ញុំបាន​សម្រប​សម្រួល​ភាគី​ទាំង​ពីរ​ចំនួន​ពីរ​លើក​មក​ហើយ តែពួក​គេ​មិន​ឯក​ភាព​គ្នា​ឡើយ ដូច្នេះ ខ្ញុំ​មាន​តែ​បញ្ជូន​ករណី​នេះ ទៅ​កាន់​រដ្ឋបាល​ក្រុង​ព្រះ​សីហនុ ដើម្បី​ដោះ​ស្រាយ​បន្ត​តាម​នីតិវិធី​ច្បាប់​ប៉ុណ្ណោះ​»។

លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះ​សីហនុ ថ្លែង​ថា នៅ​ពេល​នេះ​លោក​កំពុង​ពិនិត្យ​ទៅ​លើ​របាយ​ការណ៍​ដែល​ខាង​រដ្ឋ​បាល​សង្កាត់​លេខ ​១​ បាន​បញ្ជូន​មក​នោះ​ ហើយ​ក្រោយ​ពីពិនិត្យ​បាន​ល្អិត​ល្អន់ ​លើ​សំណុំ​រឿង​នេះ​រួច​ ​លោក​នឹង​ចាត់​ការ​ឲ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើទៅ​បាន ដើម្បី​បញ្ចប់​ទំនាស់​រវាង​ភាគី​ទាំង​ពីរ និង​ដើម្បី​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ ក្នុង​ភូមិ​ខាង​លើ​នេះទាំង​មូល៕