កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ ១៧០ គ្រួសារ នៅឃុំស្វាយរំពារបាននាំគ្នាផ្ដិតមេដៃធ្វើញត្តិដាក់ស្នើទៅអភិបាលខេត្តកំពង់ឆ្នាំងសុំជួយអន្តរាគមន៍ករណីកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនពលរដ្ឋ ៥ នាក់ និងត្រាក់ទ័រ ៥ គ្រឿង ហើយកាលពីថ្ងៃទី ៣០ ខែមីនា តុលាការបានឃុំខ្លួនដោយចោទពីបទ «ឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋដោយខុសច្បាប់»។ ប៉ុន្តែពលរដ្ឋ និងអាជ្ញាធរដែនដី និយាយថាដីដែលឈូសឆាយនោះគឺជាដីដែលពលរដ្ឋធ្វើស្រែប្រាំង ១០-២០ ឆ្នាំមកហើយមិនមែនជាដីព្រៃរបស់រដ្ឋនោះទេ។
លោក ស៊ុត សើញ តំណាងពលរដ្ឋ ៧០ គ្រួសារ ក្នុងភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែងថ្លែងពីថ្ងៃពុធថា ចំណាត់ការរបស់អាវុធហត្ថខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ បានបង្កឲ្យប៉ះពាល់ផលប្រយោជន៍របស់ប្រជាកសិករនៅភូមិតាឡាត់ និងភូមិល្វាយ៉ាងធ្ងន់ធ្ងរដោយបានបង្ក្រាបចាប់ពលរដ្ឋ ៥ នាក់ និងរឹបអូសត្រាក់ទ័រចំនួន ៥ គ្រឿង យកទៅដាក់ពន្ធនាគារទាំងអយុត្តិធម៌ខណៈពួកគេត្រូវបានជួលឲ្យមកភ្ជួររាស់ពង្រាបដីស្រែ ដើម្បីត្រៀមបង្កបង្កើនផលនាដើមរដូវវស្សាខាងមុខ។ «កម្លាំងអាវុធហត្ថខេត្តមិនបានស្រាវជ្រាវពីប្រវត្តិដីឲ្យបានច្បាស់លាស់ទេ បែរជាចុះបង្ក្រាបចាប់កម្មករស៊ីឈ្នួលបើកត្រាក់ទ័រ ៥ នាក់ដែលអ្នកភូមិយើងបានជួលឲ្យមកភ្ជួរពង្រាបដីស្រែប្រាំងនៅចំណុចអង្គំស្ថិតក្នុងភូមិតាឡាត់យកទៅដាក់គុកដោយចោទពីបទឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ហើយរឹបអូសយកទាំងត្រាក់ទ័រ ៥ គ្រឿងទៀត»។
បើតាមលោក សើញ បាតុភាពនេះធ្វើឲ្យអ្នកភូមិនៅទូទាំងឃុំស្វាយរំពារ ខាតបង់ផលប្រយោជន៍ដូច្នេះទើបពួកលោកបាននាំគ្នាធ្វើញត្តិតវ៉ាដោយមានស្នាមមេដៃអ្នកភូមិ ១៧០ នាក់ដើម្បីដាក់ស្នើទៅអភិបាលខេត្តកំពង់ឆ្នាំងជួយអន្តរាគមន៍ដោះលែងអ្នកបើកបរត្រាក់ទ័រ ៥ នាក់ និងត្រាក់ទ័រ ៥ គ្រឿង និងដោះស្រាយបញ្ហាដីស្រែប្រាំង។ «នៅថ្ងៃសុក្រ ឬយ៉ាងយូរនៅថ្ងៃចន្ទសប្ដាហ៍ក្រោយពួកយើងនឹងនាំគ្នាទៅប្រមូលផ្ដុំដាក់ញត្តិតវ៉ានេះនៅមុខសាលាខេត្តកំពង់ឆ្នាំង»។
ជាមួយគ្នានេះលោក នឹន ង៉ុន តំណាងប្រជាកសិករ ១០០ គ្រួសារ ដែលមានទីលំនៅក្នុងភូមិល្វាដែលកសិករទាំងនោះភាគច្រើនមានដីស្រែប្រាំងនៅក្នុងចំណុចតំបន់អង្គំ, ស្ទឹងត្រកួន, និងតំបន់ស្រែឈូកបានថ្លែងបន្ទរថា៖ «វាពិតជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ពួកយើងជាប្រជាកសិករនៅទូទាំងឃុំស្វាយរំពារនេះ»។ អ្នកភូមិរបស់លោកបាននាំគ្នាបង្កបង្កើនផលតាំងពីឆ្នាំ ១៩៨៩ មកដោយអ្នកភូមិខ្លះបានដាំឈូក ខ្លះដាំពោត ល្ង និងខ្លះទៀតធ្វើស្រូវប្រាំង។
ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ការបង្កបង្កើនផលរបស់អ្នកភូមិមិនសូវបានទទួលផលនោះទេ ដោយខ្វះប្រព័ន្ធស្រោចស្រព ប៉ុន្តែកាលពីដើមឆ្នាំ ២០១៩ រដ្ឋាភិបាលបានជីកប្រឡាយ ១ ខ្សែ ដើម្បីជួយដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រពនេះ។ «ប្រឡាយទឹក ១ ខ្សែនេះបានជួយឲ្យពួកយើងបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់ ព្រោះវាបានផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រព។ ប៉ុន្តែនៅពេលពួកយើងចាប់ផ្ដើមភ្ជួរពង្រាបដីស្រែ ដើម្បីត្រៀមដាំដុះដំណាំសម្រាប់ដើមរដូវវស្សាខាងមុខនេះបែរជាកងរាជអាវុធហត្ថចុះចាប់ និងចោទពួកយើងថា បានឈូសឆាយទន្ទ្រានយកដីលិចទឹករបស់រដ្ឋទៅវិញ។ ការចោទប្រកាន់នេះគឺវាធ្ងន់ធ្ងរខ្លាំងណាស់ ព្រោះវាធ្វើឲ្យពួកយើងប្រឈមនឹងការបាត់បង់ដីស្រែកសិកម្មសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត»។
លោក ឌី អឿន មេឃុំស្វាយរំពារថ្លែងពីថ្ងៃពុធថា ដីស្រែទាំងអស់នៅចំណុចខាងលើនេះជាដីស្រែរបស់ប្រជាពលរដ្ឋដែលពួកគាត់ធ្លាប់អាស្រ័យផល និងកាន់កាប់ជាង ១០ ទៅ ២០ ឆ្នាំមកហើយ មិនមែនពួកគាត់ទៅរុករានយកដីព្រៃលិចទឹករបស់រដ្ឋថ្មីៗនោះឡើយ។ ម្យ៉ាងដីស្រែទាំងអស់នេះពួកគាត់ទើបតែច្រូតរួចជាង ១០ ថ្ងៃប៉ុណ្ណោះ។ «នៅពេលនេះខ្ញុំបានទទួលស្នាមមេដៃ និងសំណើរបស់អ្នកភូមិទាំងនោះហើយ និងកំពុងរៀបចំសំណុំឯកសារបញ្ជូនបន្តទៅអភិបាលស្រុក ដើម្បីជួយអន្តរាគមន៍បញ្ជូនពាក្យស្នើសុំនេះទៅដល់ឯកឧត្តមអភិបាលខេត្តជួយអន្តរាគមន៍ដោះលែងពលរដ្ឋទាំង ៥ នាក់រួមទាំងគ្រឿងចក្រ ៥ គ្រឿងមកវិញផងដែរ»។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញករណីនេះបានទេកាលពីម្សិលមិញ ប៉ុន្តែកាលពីព្រឹកថ្ងៃទី ៣១ ខែមីនាលោកបានប្រាប់បណ្ដាញសារព័ត៌មានហ្វ្រេសញូវថា ការចាប់មនុស្ស ៥ នាក់នេះ កម្លាំងអាវុធហត្ថខេត្តធ្វើឡើងដោយមិនបានសហការជាមួយមន្ត្រីជំនាញរបស់លោកឡើយ។
ប៉ុន្តែលោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងកាលពីថ្ងៃពុធបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការឃាត់គ្រឿងចក្រ និងមនុស្សទាំង ៥ នាក់នេះគឺធ្វើឡើងដោយបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងដោយសារប្រជាពលរដ្ឋទាំងនោះបានទៅឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ។
លោកបញ្ជាក់ថា៖ «ជនសង្ស័យទាំង ៥ នាក់នោះគឺយើងបង្ក្រាបចាប់ក្នុងពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងគឺឈូសឆាយដីព្រៃក្នុងតំបន់ ៣ ដែលរដ្ឋបានហាមឃាត់មិនមែនជាដីស្រែប្រាំងអីនោះទេហើយការចាប់ឃាត់ខ្លួននេះគឺធ្វើឡើងដោយមានកិច្ចសហការផ្លូវច្បាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរមិនមែនធ្វើដោយចិត្តឯងនោះទេ»៕