ភ្នំពេញ: អ្នក​យក​ព័ត៌​មា​ន​ឲ្យ​ទូរទ​ស្សន៍​អន​ឡាញ ធី​ អិន អឹម (TNM TV Online) ម្នាក់​ បាន​សុំ​ពន្យា​រពេល​ចូល​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​លើក​ហេតុ​ផល​ថា​កំពុង​រក​មេធាវី​ឲ្យ​ជួយ​ការ​ពារ​ក្ដី​ក្នុង​បទ​ចោទ «ហិង្សា​ដោយ​ចេតនា» ក្រោ​យ​ពី​​មនុស្ស ​៦​ នាក់​ ព្រួត​គ្នា​ប្រើ​ហិង្សា​លើ​គាត់ ​ប៉ុន្ដែ​បែរ​ជា​ប្ដឹង​ជ​នរ​ង​គ្រោះ​​ទៅ​តុលា​ការ​ទៅ​វិញ​។

លោក​ សែម​ ប៊ុណ្ណា ​អ្នក​យក​ព័ត៌មា​ន​ឲ្យ​ទូរ​ទស្សន៍​អន​ឡាញ​មួយ​នេះបា​ន​ថ្លែង​​នៅថ្ងៃ​ទី ​៩​ កក្កដា នេះថា លោ​ក​​បានដា​ក់​ពាក្យសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​សា​លាដំ​បូង​រាជធា​នី​ភ្នំពេញ​ដោយ​សារ​កំពុង​រក​មេធាវី​ជួយ​ការ​ពារ​​ក្ដី។ ប៉ុន្ដែ​លោក​មិន​ទាន់​ដឹង​តុលា​ការ​កោះ​ហៅជា​ថ្មីពេ​លណា​​ទៀត​ទេ។ លោ​កថា​ តុលា​ការ​បា​នកោះ​ហៅ​លោកឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ៧ ខែ​កក្កដា ​តាម​បណ្ដឹង​របស់​ជន​ដៃ​ដល់​ចំនួន ​៦​ នាក់។

លោក​បន្ត​ថា ​ការ​ជាប់​បណ្ដឹង​​នេះ​ដោយ​សារ​កាល​ពី​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ មាន​ជន​ដៃ​ ៦ នាក់​បង​ប្អូន​បាន​ព្រួត​គ្នា​ប្រើ​ហិង្សា​លើ​រូប​លោក​រហូត​រង​របួស​ធ្ងន់​បាក់​ថ្គាម​ម្ខាង​បាក់​ធ្មេញ​មុខ ​១ ​វៀច​ក​ ដោយ​ទាត់​ធាក់​រហូត​ដួស​សន្ល​ប់​​​ទៅលើ​ដីនៅ​ភូមិ​ ១៧ សង្កាត់​ បឹង​សា​ឡាង ខណ្ឌ ​ទួល​គោក។ ភ្លាមៗ​នោះ ​សមត្ថ​កិច្ច​ខណ្ឌទួ​លគោ​កបាន​ឃាត់​ខ្លួន​ជន​ដៃដ​ល់ ២​ នាក់​ ឈ្មោះ ​អុល សំអាត​ និង​ឈ្មោះ​ អុល​ ភារ​ម្យ​ បញ្ជូន​ទៅ​តុលា​ការ​។

លោក​បញ្ជាក់​ថា៖ «ពេល​បញ្ជូន​ដល់​តុលា​ការ​ក្រុង​ភ្នំពេញ​ហើយ​បែរ​ជា​តុលា​ការ​មិន​សម្រេច​ឃុំ​ខ្លួន​ហើយ​ដោះ​លែង​ជនដៃដល់​ទាំង​ ២ ​នាក់​ហ្នឹង​ ក្រោយពី​ចេញពី​តុលា​ការ​ ក្រុម​បង​ប្អូន​គាត់​ទាំង​ ៦ ​នាក់​ហ្នឹង ​បាន​ប្ដឹង​បក​មក​ខ្ញុំ​វិញ ​ដោយ​ចោ​ទ​ប្រ​កាន់​ខ្ញុំ​ជា​ជន​ដៃ​ដល់​និង​ចោទ​ខ្ញុំ​ថាប្រើ​ហិង្សា​ទៅលើ​ពួក​គាត់​វិញ។ ក្រោយ​មក​តុលា​ការ​បាន​កោះហៅ​ខ្ញុំ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី ៧ ខែក​ក្កដា​​»។

លោក​ ប៊ុណ្ណា​ បញ្ជាក់​បន្ថែម​ថា៖​ «មុនពេល​ជន​ទាំង​ ៦​ នាក់​ ប្រើ​ហិង្សា​មកលើ​ខ្ញុំ គឺ​គ្រួសារ​ខ្ញុំ​ និង​គ្រួសារ​ភាគី​ម្ខាង​ទៀត​ធ្លាប់​ទាស់​ពាក្យ​សម្ដី​គ្នា​ដោយ​សារ​កូន​តូចៗ​លេង​ជា​មួយ​គ្នា​ហើយ​ឈ្លោះ​ប្រកែក​គ្នា​ទើប​ឮ​ដល់​ចាស់ៗ​ទាំង​ ២ ភាគី​ក៏​កើត​ទំ​នា​ស់​​ពាក្យសម្ដី​គ្នា ប៉ុន្ដែ​មិន​មាន​ហិង្សា​អ្វី​ទេ។ រហូត​ដល់ ​៣ ​ឬ​ ៤​ ខែក្រោយ​មក​ ពោល​គឺ​នៅ​ថ្ងៃ​ហេតុ​ខាង​លើជ​ន​ដៃដល់​​ម្នាក់​ឈ្មោះ ​អុល សំអាត ​បាន​ជិះ​ម៉ូតូ​លឿន (លក្ខណៈ​​ឌឺដ​ង) មក​ក្បែរ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រែក​ថា​ «ចង់​បុក​ខ្ញុំ​ឲ្យ​ស្លាប់​មែន?» ក្រោយ​មក​គេ​​ហៅ​​បង​ប្អូន​គេ​ ៦ ​នាក់ ​មាន​ប្រុស​មាន​ស្រី​មក​ព្រួត​គ្នា​វ៉ៃ​ខ្ញុំ​រហូត​របួស​ធ្ងន់​»។

តាម​ដីកា​កោះ​របស់​លោក សេង គឹម​ឡាក់ ​ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យ​ការ​អម​សា​លា​ដំបូង​រាជធា​នី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ១៥ ខែ​ មិថុនា ​ឆ្នាំ​ ២០២០ ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​នៅ​ថ្ងៃទី​ ៩​ កក្កដា ​នេះ​ បាន​បង្គាប់​ឲ្យ​ឈ្មោះ ​សែម​ ប៊ុណ្ណា ​អា​យុ​ ៣​៤​ ឆ្នាំ ​មាន​លំនៅ​ភូមិ​ ១៧ ​សង្កាត់​ បឹង​សា​ឡាង​ ខណ្ឌ ​ទួល​គោក ​ចូល​ទៅ​សា​លាដំ​បូង​រាជ​ធា​នី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៧​ ខែ​ កក្កដា ​ឆ្នាំ ២​០២០ វេលា​ម៉ោង ​៨​:៣​០ នាទី​ព្រឹកជា​កំហិត ដើម្បី​ឆ្លើយ​ដោះសា​ពី​ការ​ចោ​ទ​ប្រ​កា​ន់​​មក​លើ​ខ្លួន។​

លោក ​អុល ​សំអាត​ និង​លោក ​អុល​ ភារ​ម្យ និង​មនុស្ស ​៤ នាក់​ផ្សេង​ទៀត ​ដែល​រង​ការចោ​ទ​ប្រកាន់​ថា​បាន​ព្រួត​គ្នា​វ៉ៃ​ទៅ​លើ​លោក ​សែម ប៊ុណ្ណា ​មិន​អាច​ស្វែង​រក​ប្រភព​ទាក់​ទង​សុំ​ការ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ ​នៅថ្ងៃ​​ទី ៩ កក្កដា​នេះ។​

លោក​ សែម​ បូរ៉ា ​អគ្គ​នាយក​ទូរ​ទស្សន៍​អន​ឡាញខា​ងលើ​បាន​ថ្លែង​នៅថ្ងៃទី​៩ក​ក្កដា​នេះ​ថា​លោក​ជំរុញ​ឲ្យ​តុលា​ការ​ពិចា​រណា​កាត់​ក្ដី​តាម​ស្ថាន​ភាព​ជាក់ស្ដែ​ងនិ​ង​អង្គ​ហេតុដោ​យ​ផ្ដល់​យុត្តិ​ធម៌​ដល់​ជនរ​ងគ្រោះ​។ លោក​ថា ការ​ស​ម្រេ​ច​​ក្ដី​របស់​តុលា​ការ​កន្លង​មក​នេះ ពិត​ជា​អយុត្តិ​ធម៌​ដែល​បាន​ដោះ​លែង​ជន​សង្ស័យ​ ដែល​នាំឲ្យ​ដៃ​ដ​ល់​​ងាក​មក​ប្ដឹង​ជន​រង​គ្រោះ​វិញ​។

លោក​បញ្ជាក់​ថា៖​ «រឿង​អយុត្តិ​ធម៌​ណាស់ ​ជន​ដៃដល់​មិន​ព្រម​ផ្ដល់​សំណង​ជូន​ជន​រង​គ្រោះ​ទេ ប៉ុន្ដែ​បែរជា​មក​ប្ដឹង​ជន​រង​គ្រោះ​វិញ។ ​យើង​មាន​ភ័ស្ដុតា​ងនិង​វី​ដេអូ​សកម្ម​ភាព​ប្រើ​ហិង្សា​មកលើ​ជន​រង​គ្រោះ ​គឺមាន​អ្នក​កាន់​ដំប​ង ដេ​ញតា​ម​វ៉ៃ តាម​ទាត់​ធាក់​មកលើ​ជនរ​ងគ្រោះ​យ៉ាង​សា​ហាវធ្វើ​​ឲ្យ​ជន​រង​គ្រោះ​របួស​ធ្ងន់​និង​ដួលស​ន្លប់​នៅ​លើ​ដី អ៊ី​ចឹង​ទេតុ​លាការ​ត្រូវតែ​រក​យុត្តិ​ធម៌​ឲ្យ​​ជន​រ​ងគ្រោះ​»៕