ភ្នំពេញ: ពលរដ្ឋ​រស់នៅ​លើ​អគារ​អង្គរជ័យ​ដែល​ចាស់​ទ្រុឌទ្រោម​ស្ថិត​នៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស​កែង​មហាវិថី​កម្ពុជា​ក្រោម​ក្នុង​ខណ្ឌ​ ៧ ​មករា បាន​បង្ហាញ​ក្ដីបារម្ភ​ពី​គ្រោះថ្នាក់ ក្រោយពី​មានការ​របេះ​ដុំថ្ម​មកលើ​ថ្នល់​។ ប៉ុន្តែ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា រដ្ឋបាល​ក្រុង​មិនទាន់​មាន​គម្រោង​ដោះស្រាយ​ទេ ក្រៅតែ​ពី​ផ្ដល់ព័ត៌មាន និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​គិតគូរ​។

កាលពី​ថ្មីៗ​នេះ​នៅ​អគារ​ដែល​មាន​អាយុកាល​ប្រមាណ​ ៧០ ​ឆ្នាំ​នេះ​បាន​របេះ​ជ្រុះ​ផ្នែក​ខ្លះ​នៃ​សំណង់​មកលើ​ផ្លូវ តែ​សំណាង​ល្អ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។ នេះ​បើតាម​ពលរដ្ឋ​រស់នៅ​ទីនោះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ២ កញ្ញា​។

លោក ឃុំ រស្មី ជា​តំណាង​ពលរដ្ឋ​នៅ​អគារ​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពលរដ្ឋ​កំពុង​មាន​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង​ [​ខ្លាច​បាក់​អគារ​] ។

លោក​ រស្មី បាន​ថ្លែងថា​៖ «​ការពិត​យើង​បារម្ភ​ជាង​អស់លោក​ថ្នាក់ដឹកនាំ​ធំៗ​ដែល​គិត​ចំពោះ​ពួកយើង​ទៅ​ទៀត ប៉ុន្តែ​ដូច​ថា ផ្ទះ​យើង​នៅ​ហ្នឹង​ទៅហើយ វា​ទាល់​ហើយ មិនដឹងថា​ទៅ​ស្នាក់នៅ​កន្លែង​ណា​ទេ ថ្ងៃ​​មុន​មាន​ភ្លៀង បាន​របេះ​ធ្លាក់​ថ្ម​ជញ្ជាំង និង​​ពិតាន​ជាច្រើន​ដុំ​ទៀតផង​»​។

បើ​តាម​លោក​ រស្មី អគារ​នោះ​មាន​ជាង​ ១០០ ​បន្ទប់ និង​មាន​ពលរដ្ឋ​រស់នៅ​ ៦៥ ​គ្រួសារ​ ក្នុង​នោះ​ភាគច្រើន​មក​ស្នាក់នៅ​​តាំងពី​ឆ្នាំ​ ១៩៩០ តែ​អ្នកខ្លះ​នៅ​ពី​ឆ្នាំ​ ១៩៨០ ​ក៏មាន​។ រីឯ បរិស្ថាន​ក្នុង​អគារ​នោះ​កខ្វក់ ជះក្លិន​មិនល្អ​គ្រប់ពេល ហើយ​បន្ទប់ទឹក​ប្រើ​រួមគ្នា​ពិបាក​រស់នៅ​ណាស់​។

អគារ​ចាស់​តាម​មហាវិថី​ព្រះមុនីវង្ស​កែង​ផ្លូវ​កម្ពុជា​ក្រោម​។ហុង មិនា

លោក​បញ្ជាក់ថា​៖ «​បងប្អូន​ភាគច្រើន​ចង់​ផ្លាស់ប្តូរ​លំនៅ​ចេញពី​ទីនោះ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​មួយ​សមស្រប​ទើប​ឯកភាពគ្នា​ដូចថា យើង​ចុះចេញ​ក្នុង​តម្លៃ​មួយ​ដែល​អាច​យកលុយ​ទៅ​ទិញ​កន្លែង​ថ្មី​បាន​នៅ​អ៊ីចឹង​ទៅ មិន​ចង់​បាន​អ្វី​ហួសហេតុ​ពេក​ទេ​» ។

លោក​បន្ថែម​ថា ពលរដ្ឋ​ខ្លួនឯង​មិនអាច​រក​ដំណោះស្រាយ​អ្វី​ល្អ​ទេ មាន​តែ​ពឹង​លើ​អាជ្ញាធរ ឬ​ថ្នាក់ដឹកនាំ​ខាងលើ​ជួយ​ទើប​អាច​រក​ច្រកចេញ​បាន​។

រីឯ​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​រស់នៅ​ទីនោះ​ជិត​ ៣០ ​ឆ្នាំ​គឺ​លោក ហួស សុគន្ធា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ ២ កញ្ញា​ដែរ​ថា លោក និង​ក្រុមគ្រួសារ​បារម្ភ​ពី​សុវត្ថិភាព​​ជាខ្លាំង ពិសេស​ពេល​ភ្លៀង​ម្តងៗ​គឺ​តែង​​មាន​ថ្ម​ពិតាន​ធ្លាក់​មក​ទាំង​ដុំៗ​។

លោក​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​មាន​ការជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ៗ អាច​ថា​ដូច​ការដោះស្រាយ​នៅ​អគារ​ប៊ុលឌីង​ក៏បាន ឬក៏​ថា មាន​កន្លែង​មួយ​ដោះដូរ​ឲ្យ​ពួក​ខ្ញុំ​អាច​ទៅ​រស់នៅ​ធ្វើ​ការងារ​ប្រកបរបរ​រកស៊ី​អី​បាន​ក៏​ល្អ​ដែរ​»​។

ចំណែក​បុរស​វ័យ​ ៦៥ ​ឆ្នាំ​ម្នាក់​ដែល​ថា បាន​មក​រស់នៅក្នុង​អគារ​នោះ​តាំងពី​ឆ្នាំ​ ១៩៩០ គឺ​លោក ជ័យ ជា បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា បើ​មាន​ការសម្រួល​ណា​​មួយ លោក​ចង់​បាន​ជា​ថវិកា​សមរម្យ​ដែល​អាច​យកទៅ​ទិញ​ដី​ធ្វើ​ផ្ទះ និង​ទិញ​របស់​ប្រើប្រាស់​ផង​។

លោក​ថា​៖ «​ប្រសិន​បើ​មាន​ការសម្រួល​ឲ្យ​ទៅ​នៅ​កន្លែង​ផ្សេង ខ្ញុំ​មិន​ព្រម​ទេ ខ្ញុំ​សុំ​តែ​ថវិកា​មួយ​ក្នុង​ទំហំ​សមរម្យ​ខ្ញុំ​ចេញ​ហើយ ព្រោះ​អាហ្នឹង កាលណា​យើង​មាន​ថវិកា​យើង​ចង់ទៅ​ឆ្ងាយ​ក្រុង​ក៏បាន ជិត​ក្រុង​ក៏បាន​អែបៗ​ហ្នឹង​ក៏បាន​ស្រួល​ជាង​លំនៅ​ដែល​គេ​ប្តូរ​ឲ្យ​»​។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ ២ កញ្ញា ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានកំពុងរកវិធីដោះស្រាយជូនប្រជាពលរដ្ឋនៅទីនោះ ប៉ុន្តែមិនទាន់ឯកភាពជ្រើសរើសជម្រើសណាមួយ ដើម្បីដាក់ចេញជាដំណោះស្រាយនៅឡើយទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្វីដែល​សំខាន់​ចម្បង​នាពេល​នេះ​មាន​ ២ ​ចំណុច ទី​ ១ ​គឺ​ផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព​នៃ​ភាពចាស់​ទ្រុឌទ្រោម​នៃ​អគារ​ថា វា​ដល់​កម្រិត ហើយ​ពលរដ្ឋ​មិនគួរ​ស្នាក់នៅ​បន្តទៀត​ទេ​។ យើង​​ការពារ​អាយុជីវិត​ពលរដ្ឋ ក្រែង​លោ​ពេល​មាន​ឧបទ្ទវហេតុ​អី​កើតឡើង​។ ​ទី​ ២ ​ចូលរួម​គិត​ជាមួយ​គ្នា ដែល​ជា​ទូទៅ​យើង​ផ្តល់​​អាទិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការផ្តល់​គំនិត ឬក៏​ជ្រើសរើស​នៃ​ការដោះស្រាយ​ណាមួយ​ក្រៅពី​ពួកគាត់​បាន​ពិគ្រោះ បាន​ឯកភាព​គ្នា​ហើយ ទើប​យើង​គិតគូរ​​យក​មក​ដោះស្រាយ​រួមគ្នា​បន្តទៀត​»​។

កាលពី​ចុង​ខែ​មុន អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​អញ្ជើញ​ពលរដ្ឋ​ដែល​រស់នៅ​លើ​អគារ​នោះ​ជិត​ ១០០ ​នាក់​ឲ្យ​មក​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​ណាមួយ​។

លោក​បញ្ជាក់ថា​៖ «​អ្វី​ដែល​ជា​គោលបំណង​ពិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​​ក្នុង​ទីតាំង​នេះ​ជាមួយ​ការប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​បែប​សព្វថ្ងៃ​នេះ​ទេ​»៕

វីដេអូ៖