លោក សម រង្ស៊ី ថ្លែងថា អតីតគណបក្សសង្គ្រោះជាតិរបស់លោកទទួលបានជ័យជម្នះ ៧០ ភាគរយហើយ ក្នុងការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា។ ប៉ុន្តែអ្នកវិភាគយល់ថា ៣០ ភាគរយដែលនៅសល់អាចចំណាយពេលយូរជាង ហើយការប្រកាសវិលត្រឡប់ថ្ងៃទី៩ វិច្ឆិកា គឺគ្រាន់តែជាការស្ទាបស្ទង់ស្ថានការណ៍។
មុនពេលឡើងជិះយន្តហោះពីព្រលានយន្តហោះ Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានថ្លែងអំណរគុណចំពោះការលះបង់ពីសំណាក់អ្នកគាំទ្ររបស់លោក។ លោកហៅការលះបង់នោះថា ជាដើមទុននយោបាយដ៏ធំសម្រាប់ស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា។
លោកថ្លែងថា៖ «ជោគជ័យរបស់គណបក្សយើងនឹងបានសម្រេច១០០ភាគរយ យើងបានសម្រេច៧០ភាគរយយ៉ាងតិច ដោយសារការខំប្រឹងប្រែងរបស់បងប្អូនកូនក្មួយ អ្នកតស៊ូទាំងអស់។ ដើមទុននយោបាយកាន់តែកើន គឺជ័យជម្នះនយោបាយកាន់តែជិត អ៊ីចឹងហើយមិនយូរមិនឆាប់ ឥឡូវយើងបាន៧០ភាគរយ មិនយូរមិនឆាប់យើងគង់តែឈានដល់ ១០០ ភាគរយជាមិនខាន។
អ្នកនយោបាយបក្សប្រឆាំងរូបនេះបានរស់នៅនិរទេសខ្លួនកាលពីឆ្នាំ២០១៥ ដើម្បីគេចចេញពីបណ្ដឹងជាច្រើនករណីនៅតុលាការ។ លោកប្រកាសវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកា ប៉ុន្តែដំណើរវិលត្រឡប់របស់លោកត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាផែនការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល ដោយសារតែលោក រង្ស៊ី បានប្រកាសចូលមកចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអំពាវនាវឲ្យកងទ័ពបែចុងកាណុងទៅលោកនាយករដ្ឋមន្ត្រីជាដើម។
ពាក់ព័ន្ធនឹងការអះអាងពីភាពជោគជ័យរបស់ខ្លួន អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ ថ្លែងថា៖ «អ្វីដែលគួរឲ្យសរសើរដល់លោក សម រង្ស៊ី មកដល់ពេលនេះគឺថា គាត់បានប្រែក្លាយខ្លួនគាត់ឲ្យទៅជាតួអង្គមួយសម្រាប់ការផ្លាស់ប្ដូរសម្រាប់ពលរដ្ឋក្នុងប្រទេសរបស់គាត់ ដែលចង់បានការផ្លាស់ប្ដូរការគ្រប់គ្រងប្រទេស បើទោះបីជាការខំប្រឹងប្រែងរបស់គាត់ធ្វើឡើងតែម្នាក់ឯង ហើយពីបរទេសទៀត»។
លោក ឡៅ ម៉ុងហៃ បន្តថា លោក សម រង្ស៊ី បានសម្រេចក្នុងការរក្សានិងពង្រឹងបំណងរបស់គាត់ និងប្រជាប្រិយភាពរបស់គាត់ផ្ទាល់ ហើយសព្វថ្ងៃនេះលោកបានក្លាយជាមនុស្សអស្ចារ្យ (ចម្លែក)។
ទោះយ៉ាងណាលោក ម៉ុងហៃ យល់ថា វានៅតែជាសំណួរថាតើលោក រង្ស៊ី នៅទីបញ្ចប់អាចសម្រេចគោលដៅក្នុងការវិលត្រឡប់មកកម្ពុជា ហើយយកអំណាចបានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទទួលបានការគាំទ្រទាំងស្រុងពីកងទ័ព និងកងកម្លាំងសន្តិសុខឬយ៉ាងណា។
លោក ឡៅ ម៉ុងហៃ និយាយថា៖ «៣០ភាគរយទៀតនៃដំណើររបស់លោក (រង្ស៊ី) ប្រហែលជាត្រូវការពេលវេលាច្រើនជាងអ្វីដែលបានសម្រេច៧០ភាគរយដែលលោកបានអះអាង»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាយល់ថា លោក សម រង្ស៊ី មិនត្រឡប់មកកម្ពុជាក្នុងស្ថានការណ៍បច្ចុប្បន្ននេះទេ ហើយអ្វីដែលលោកកំពុងធ្វើគឺដើម្បីឲ្យមានរលកនយោបាយប៉ុណ្ណោះ។ លោកថាបើលោក សម រង្ស៊ី ចង់មកកម្ពុជាវិញមែននោះ លោកអាចហោះហើរផ្ទាល់មកកម្ពុជាពីតៃវ៉ាន់ ជប៉ុន ឬកូរ៉េ។
លោកថ្លែងថា៖ «ប៉ុន្តែយើងដឹងហើយថា សម រង្ស៊ី ធ្វើកាយវិកានេះគឺគាត់មិនមកទេ។ អ៊ីចឹងគាត់ធ្វើម៉េចឲ្យមានរលកនយោបាយ គឺបញ្ហាសេដ្ឋកិច្ច ធ្វើម៉េចឲ្យប្រជាជនភ័យបារម្ភ ធ្វើឲ្យមានអ្នកខ្លះមិនចង់ចេញរកស៊ីដោយអះអាងថាដោយសារស្ថានភាពនយោបាយ ហើយមានវិបត្តិសេដ្ឋកិច្ច»។
លោកបន្តថា រលកនយោបាយបន្ទាប់គឺលោក សម រង្ស៊ី ចង់ឲ្យរដ្ឋាភិបាលទប់ស្ថានភាពមិនបាន ហើយត្រូវរកដំណោះស្រាយ។ លោកថា ការដោះលែងលោក កឹម សុខា ថ្ងៃបុណ្យអុំទូកនេះក៏អាចត្រូវបានលោក សម រង្ស៊ី អះអាងដើម្បីយកពិន្ទុកដែរថា នោះគឺថា «បើគ្មាន សម រង្ស៊ី រើបម្រះទេ កឹម សុខា ក៏មិនរួចដែរ»។
លោក សុខ ទូច បញ្ជាក់ថា៖ «សកម្មភាពរបស់លោក សម រង្ស៊ី ចង់ស្ទាប់ស្ទង់មើលថាតើស្ថានការណ៍នយោបាយវាយ៉ាងដូចម្ដេច។ រឿងសម រង្ស៊ី មកពេលនេះគឺមិនអាចទេ ខ្ញុំថាមិនមកទេ ព្រោះ សម រង្ស៊ី មិនដើរចូលគុកទេ ដាច់ខាតមិនដើរចូលគុក»។
លោក សម រង្ស៊ី នាពេលនេះកំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី។ លោកនឹងជួបជាមួយសមាជិកសភាម៉ាឡេស៊ីនៅថ្ងៃអង្គារនៅអាគាររដ្ឋសភាមឡាស៊ី តបតាមការអញ្ជើញរបស់សមាជិកសភា លោកស្រី Nurul Izzah Anwar។ លោកស្រី Nurul Izzah Anwar បានអញ្ជើញលោកនិងភរិយាដើម្បីពិភាក្សាអំពីមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍសង្គមដ៏ប្រសើរ សម្រាប់ម៉ាឡេស៊ី និងកម្ពុជា។
កម្ពុជាបានស្នើសុំឲ្យប្រទេសសមាជិកអាស៊ានចាប់បញ្ជូនអ្នកដែលមានដីការចាប់ខ្លួន រួមមានទាំងលោក សម រង្ស៊ី ផងដែរ។ លោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិត្រូវបានឃាត់ខ្លួនមួយរយៈពេលកាលពីថ្ងៃពុធដោយអាជ្ញាធរម៉ាឡេស៊ី។
ក៏ប៉ុន្តែលោក Datuk Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានថ្លែងប្រាប់សារព័ត៌មានថា ម៉ាឡេស៊ីមិនចាប់ខ្លួនហើយធ្វើបត្យាប័នថ្នាក់ដឹកនាំអតីតបក្សប្រឆាំងទាំងនោះទេព្រោះពួកគាត់មិនប្រើប្រាស់លិខិតឆ្លងដែនខ្មែរទេ។
លោក Datuk Saifuddin Abdullah បានថ្លែងថា៖ «យើងមិនធ្វើតាមការស្នើសុំរបស់កម្ពុជាដែលចង់ឲ្យយើងបញ្ជូនពួកគេត្រឡប់ទៅវិញបើពួកគេមកដល់ទីនេះ។ ពួកគេមកទីនេះមិនមែនជាពលរដ្ឋកម្ពុជាទេ។ ដូច្នេះ តើឲ្យខ្ញុំធ្វើយ៉ាងម៉េច? យើងឲ្យពួកគេចូល ប៉ុន្តែខ្ញុំសង្ឃឹមថា ពួកគេនឹងមិនយកប្រទេសម៉ាឡេស៊ីធ្វើជាវេទិកាប្រមូលផ្ដុំចលនានយោបាយទេ»៕