ភ្នំពេញៈ ក្រុមអ្នកវិភាគ​ផ្នែក​ប្រព័ន្ធ​ទន្លេមេគង្គ​ថ្លែងថា ការប្រកួត​ប្រជែង​ជា​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋអាមេរិក និង​ចិន បូករួម​ទាំង​ការប្រែប្រួល​អាកាសធាតុ​បាន​ធ្វើឱ្យ​ប្រទេស​នៅ​អាង​ទន្លេមេគង្គ​ក្រោម ជួប​ប្រឈម​នឹង​ក្ដីបារម្ភ​ជាច្រើន ដែល​រួមបញ្ចូល​ទាំង​ប្រពៃណី សង្គម សេដ្ឋកិច្ច និង​បរិស្ថាន​។

នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ស្ដីពី «​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​អនាគត​នៃ​អនុតំបន់​មេគង្គ​» កាលពី​ថ្ងៃទី​ ២៦ ខែតុលា លោក ពូ សុធីរៈ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព​ថ្លែង​ថា ទន្លេមេគង្គ​ត្រូវបាន​គេ​ស្គាល់​ជា​ទន្លេ​នៃ​ជីវិត​។ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៧០ ​លាន​នាក់​រស់នៅ​ពឹង​ផ្អែកលើ​ធនធាន ដែល​មាន​នៅក្នុង​ប្រព័ន្ធ​ទន្លេ​នេះ​ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ប្រជាជន​កម្ពុជា​ជាង​ ១ ​លាន​នាក់​ដែល​រស់នៅ​ពឹងផ្អែក​ទៅ​លើ​ធនធាន​ត្រី ដែល​មិនចេះ​រីងស្ងួត​នៅក្នុង​បឹង​ទន្លេសាប​ផងដែរ​។ ទោះយ៉ាងណា មិនមែន​គ្រប់គ្នា​សុទ្ធ​តែមាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការទទួល​បាន​អត្ថប្រយោជន៍​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការផ្លាស់ប្តូរ​សក្ដានុពល​ភូមិសាស្ត្រ​នយោបាយ ដែល​កើតចេញពី​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាន​បង្ក​ឱ្យ​បណ្ដា​ប្រទេស​ក្នុង​អនុតំបន់​អាង​ទន្លេមេគង្គ​ដែល​រួមមាន​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​ថៃ រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​»​។

បើតាម​លោក សុធីរៈ ភាព​រាំងស្ងួត​បាន​ធ្វើឱ្យ​កម្ពស់​ទឹកទន្លេ​មេគង្គ​មាន​កម្រិត​ទាប​ជាមួយ​នឹង​និន្នាការ​កើនឡើង​ដែល​អាច​បង្ក​ហានិភ័យ​ជាច្រើន​ដល់​ឯករាជភាព​សេដ្ឋកិច្ច ទឹក ថាមពល សន្តិសុខ​ស្បៀង និង​ជីវចម្រុះ​នៅ​ទូទាំង​អនុ​តំបន់​មេគង្គ​។ តាម​ទស្សនវិស័យ​នានា​ក្នុង​អនុតំបន់ ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​ថៃ​នៅ​តែ​បន្ត​ប្រឈមមុខ​នឹង​បញ្ហា​ដែលមាន​ជា​យូរ​មកហើយ​ដូចជា​ការគ្រប់គ្រង​ទន្លេមេគង្គ​សមាហរណកម្ម​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន​។

ជាមួយ​នេះ​លោក Kavi Chongkittavorn អ្នកជំនាញការ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សន្តិសុខ និង​ការសិក្សា​ស្រាវជ្រាវ​ជា​អន្តរជាតិ​ក្នុង​ប្រទេស​ថៃ លើកឡើង​ថា ការសាងសង់​ទំនប់​វារីអគ្គិសនី​នៅលើ​តួ​ទន្លេមេគង្គ​គឺជា​បញ្ហា​ប្រឈម​ដ៏ធំ​បំផុត សម្រាប់​បណ្ដា​ប្រទេស​ដែល​ស្ថិតនៅ​ខ្សែទឹក​ខាងក្រោម​នៃ​តំបន់​អាង​ទន្លេ​មេគង្គ​។ សំណង់​ទំនប់​វារីអគ្គិសនី​នៅលើ​តួ​ទន្លេមេគង្គ​បាន​ធ្វើឱ្យ​មាន​ការប្រែប្រួល​ជា​អវិជ្ជមាន​នៃ​របប​ទឹកទន្លេ​មេគង្គ​នៅ​ខ្សែទឹក​ខាងក្រោម ដែល​បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គុណភាព​ទឹក បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ដង​ទន្លេ​នេះ​។ ក្រៅពីនេះ​ក៏មាន​ផលប៉ះពាល់​ដល់​ធនធាន​ត្រី និង​ជីវចម្រុះ​ជាច្រើន​ទៀត​នៅក្នុង​ប្រព័ន្ធ​ទន្លេ​នេះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ចាំបាច់​ត្រូវមាន​ការសិក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​អំពី​ផលប៉ះពាល់​សង្គម និង​បរិស្ថាន និង​ត្រូវ​ស្ដាប់​រាល់​មតិយោបល់​របស់​អ្នក​ពាក់ព័ន្ធ​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​ដែល​ស្ថិត​នៅ​ក្នុង​ និង​ជាប់​តំបន់​អភិវឌ្ឍន៍​គម្រោង​»​។

លោក ឡេង ធារិទ្ធិ នាយកមជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ថ្លែង​ថា ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ចាំបាច់​ត្រូវ​មាន​ការគ្រប់គ្រង​ធនធាន​ទាំងអស់​ទាំង​ផ្នែក​បច្ចេកទេស​សម្ភារ និង ហិរញ្ញវត្ថុ​។ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ធនធាន​នៅមាន​កម្រិត​នៅឡើយ ចាំបាច់​ត្រូវ​ស្វែងរក​ជំនួយ​គាំទ្រ​ពី​បណ្ដា​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​នានា ទាំង​ផ្នែក​បច្ចេកទេស សម្ភារ និង​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ឆ្ពោះ​ទៅរក​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​។

លោក​ថា​៖ «​យើង​ត្រូវការ​ការគាំទ្រ​ពី​គ្រប់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​និរន្តរភាព ប៉ុន្តែ​យើង​មិន​ត្រូវការ​ការគាំទ្រ ដែល​បង្កប់​នូវ​ការគំរាមកំហែង ឬ​លក្ខខណ្ឌ​បែប​បង្គាប់បញ្ជា​ឱ្យ​យើង​ធ្វើ​តាមបែប​នេះ ឬ​បែប​នោះ​ពី​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ណាមួយ​ឡើយ​»​។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែល​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Online នេះ​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នកចូលរួម បើក​កិច្ចពិភាក្សា​ឱ្យបាន​ទូលំទូលាយ​ទៅលើ​ប្រធានបទ​ចំនួន​ ២ រួមមាន «​ភាព​ជា​ដៃគូ មេគង្គ​សហរដ្ឋអាមេរិក​នៅក្នុង​ស្ថាប័ន​ដែលមាន​ការប្រកួតប្រជែង​» និង «​ភាពជា​ដៃគូ មេគង្គ​សហរដ្ឋអាមេរិក​ក្នុង​បរិបទ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​» ដោយ​លោក​រំពឹងថា លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​នឹងត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង​ក្របខ័ណ្ឌ​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ការប្រកួតប្រជែង​ក្នុង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព សម្រាប់​បណ្ដា​ប្រទេស​ក្នុង​អនុតំបន់​ទន្លេមេគង្គ​។

កិច្ចប្រជុំ​តាម​អនឡាញ​ស្ដីពី​ «​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​អនាគត​នៃ​អនុតំបន់​មេគង្គ​» នេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព​ក្រោម​កិច្ចសហការ​គាំទ្រ​ដោយ​ក្រសួង​ការបរទេស​អាមេរិក​មាន​រយៈពេល​ ២ ​ថ្ងៃ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ២៦ ដល់​ ២៧ ខែតុលា ឆ្នាំ​ ២០២០​។ របាយការណ៍​បូកសរុប​លទ្ធផល​នៃ​កិច្ចពិភាក្សា​នេះ​នឹងត្រូវ​ផ្សព្វផ្សាយ​នៅ​ដំណាច់ខែ​វិច្ឆិកា​៕