ភ្នំពេញៈ អ្នកវិភាគនិយាយថា ចិនអាចជួយកម្ពុជាបាន ក្នុងករណីមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអឺរ៉ុប ប៉ុន្តែអាចជួយបានក្នុងកម្រិតណានោះ នៅតែជាសំណួរនៅឡើយ។
លោក វ៉ាន់ ហ៊ូនីង សមាជិកគណៈអចិន្រៃ្តយ៍នៃការិយាល័យនយោបាយនិងជាលេខាធិការ នៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន បានថ្លែងប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ថា ចិននឹងជួយដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហានានា រួមទាំងបញ្ហាពាក់ព័ន្ធនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ទីភ្នាក់ងារ AKP កាលពីថ្ងៃអាទិត្យថា៖ «ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ភាគីចិនបានសិក្សាពីផលប៉ះពាល់នៃការដក EBA របស់សហភាពអឺរ៉ុបពីប្រទេស កម្ពុជា តែមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ហើយចិននឹងរិះរកវិធីផ្សេងៗជួយដល់កម្ពុជា»។
ការប្ដេជ្ញាជួយដល់កម្ពុជាពីភាគីចិន ធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នៅទីក្រុងប៉េកាំង ប្រទេស ចិន រយៈពេល ៥ ថ្ងៃ។
កាលពីខែកុម្ភៈ សហភាពអឺរ៉ុបបានប្រកាសថា ខ្លួនបានចាប់ផ្ដើមជាផ្លូវការនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកម្ពុជា ដោយលើកឡើងពីហេតុផលថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
សហភាពអឺរ៉ុបបញ្ជាក់ថា ការនាំចេញពីកម្ពុជាចូលទៅទីផ្សារអឺរ៉ុប លើផលិតផលស្បែកជើង អាហារត្រៀម និងអង្ករ កង់មានទំហំ ៩៧ ភាគរយ នៃការនាំចេញទាំងអស់ទៅកាន់ទីផ្សារអឺរ៉ុបនៅឆ្នាំ ២០១៨។ ក្នុងចំនួននេះទឹកប្រាក់ប្រមាណ ៥,៤៧ ពាន់លានដុល្លារ ឬស្មើនឹង ៩៩ ភាគរយ នៃការនាំចេញខាងលើ ស្ថិតនៅក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ EBA។
ក្នុងពេលជួបជាមួយនាយករដ្ឋមន្ត្រីចិន លី កេឈាង កាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនសម្រាប់ការជួយដល់កម្ពុជាពាក់ព័ន្ធនឹងការដក EBA។
លោកបានស្នើឲ្យនាយករដ្ឋមន្ត្រីចិន ជំរុញឲ្យក្រុមហ៊ុនចិន មកធ្វើវិនិយោគទុននៅកម្ពុជា និងបើកទីផ្សារចិន ដើម្បីទទួលយកផលិតផលពីកម្ពុជាកាន់តែច្រើន។ សំណើសុំនេះត្រូវបាននាយករដ្ឋមន្ត្រីចិនថា លោកនឹងពិនិត្យលើលទ្ធភាពដែលអាចធ្វើបាន។
ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី បានសរសេរកាលពីថ្ងៃចន្ទម្សិលមិញថា៖ «សម្ដេច ហ៊ុន សែន នឹងបន្តធ្វើកំណែទម្រង់ខាងក្នុងកាន់តែស៊ីជម្រៅ ដើម្បីពន្លឿនសេដ្ឋកិច្ចកម្ពុជា»។
លោក ហ៊ុន សែន ក៏បានស្នើដល់ភាគីចិន ឲ្យជួយអភិវឌ្ឍនៅខេត្តព្រះសីហនុ ជាពិសេសលើវិស័យទឹកស្អាត និងការអភិវឌ្ឍជនបទ ដើម្បីធ្វើឲ្យខេត្តនេះក្លាយជា «គំរូនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ»។
ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី បានសរសេរបន្ថែមថា៖ «ឯកឧត្តម (លី កេឈាង) បន្តថា ចិនមានឆន្ទៈច្បាស់លាស់ក្នុងការជួយដល់ប្រទេស កម្ពុជា ពិសេសពាក់ព័ន្ធទៅនឹងក្រុមហ៊ុនចិន ដែលកំពុងធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ រដ្ឋាភិបាលចិន នឹងជំរុញនិងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងនោះបង្កើនខ្សែចង្វាក់ផលិតបន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា បើទោះបីជាមានបញ្ហាអ្វីក៏ដោយ គឺមិនអាចបំបែកចំណងមិត្តភាពដ៏រឹងមាំ រវាងចិននិងកម្ពុជាបានឡើយហើយចិន បន្តជួយដល់កម្ពុជាលើគ្រប់ផ្នែកទាំងអស់»។
លោក មាស នី អ្នកវិភាគនយោបាយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាទូទៅទំនាក់ទំងរវាងរដ្ឋាភិបាលចិន-កម្ពុជា លើកនេះបានបង្ហាញពីទំនាក់ទំនងស្អិតរមួត ហើយមានការប្តេជ្ញាចិត្តរឹងមាំជាងពេលមុនៗ។ ទាំងកម្ពុជា និងចិនហាក់ដូចជាបានទទួលយកគ្នាធ្វើជាដៃគូសម្រាប់ពេលខាងមុខច្បាស់លាស់ជាងពេលមុនៗទៅលើទាំង ផ្នែកនយោបាយ និងសេដ្ឋកិច្ច។
លោកស្រី Kohe Hasan អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ នៃក្រុមហ៊ុន Reed Smith ក្នុងប្រទេស សិង្ហបុរី ដែលមានបទពិសោធលើទីផ្សារថ្មី ដូចជាប្រទេស កម្ពុជា និងស្រីលង្កា បានថ្លែងថា ទីផ្សារអឺរ៉ុបជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ក្នុងទំហំទឹកប្រាក់ ៥,៨ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ។
លោកស្រីថ្លែងថា ដើម្បីកាត់បន្ថយការប៉ះពាល់ឲ្យនៅតូចបំផុតកើតចេញពីការដក EBA កម្ពុជាត្រូវកំណត់ទីផ្សារថ្មី ឬត្រូវពង្រីកទីផ្សារដែលមានស្រាប់នោះឲ្យកាន់តែធំសម្រាប់ទំនិញនាំចេញរបស់ខ្លួន។
លោកស្រីថ្លែងថា៖ «អាស៊ាន និងចិនជាឧទាហរណ៍នៃទីផ្សារទាំងនោះ ដែលផលិតផលកម្ពុជាដូចជាផលិតផលកសិកម្មអាចនាំចេញទៅទីនោះ។ ខ្ញុំកត់សម្គាល់ឃើញផងដែរថា ការជំរុញដែលកើតចេញពីការគំរាមដក EBA ធ្វើឲ្យមានការប្រកាសអំពីការធ្វើកំណែទម្រង់សេដ្ឋកិច្ចជាច្រើន។ កំណែទម្រង់នេះ ប្រសិនធ្វើដោយពេញលេញ ហើយត្រូវបានអនុវត្តយ៉ាងល្អប្រសើរនោះ នឹងមានអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង»។
ទោះយ៉ាងណាលោកស្រីបន្តថា ក្នុងចរន្តដូចគ្នានេះ ប្រទេស កម្ពុជា គួរតែស្វែងរកធុរកិច្ចចិន ដូចជា ក្រុមហ៊ុនផលិតកង់ ឬម៉ូតូ ហើយផ្ទេរក្រុមហ៊ុនបង្គំទាំងនោះ មកប្រទេស កម្ពុជា ដែលមានតម្លៃផលិតកម្មទាបជាងប្រទេស ចិនឆ្ងាយ។
លោកស្រីថ្លែងថា៖ «ធ្វើដូច្នេះ កម្មករកម្ពុជា មានលទ្ធភាពពង្រីកជំនាញរបស់ខ្លួន ហើយចាកចេញពីឧស្សាហកម្មដែលចង្អៀតនិងទាមទារជំនាញទាប ដូចជាវិស័យកាត់ដេរ និងផលិតកម្មស្បែកជើង»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានថ្លែងថា ប្រទេស ចិន អាចជួយកម្ពុជាបាន នៅក្រោយ ការដក EBA ប៉ុន្តែជួយបានក្នុងកម្រិតណានោះ វានៅតែជាសំណួរនៅឡើយ។
លោកថ្លែងថា៖ «ខ្ញុំខ្លាចថា សមត្ថភាពជួយនោះ មានកម្រិតខ្លាំង បើយើងនិយាយអំពីទីផ្សារជំនួស។សហភាពអឺរ៉ុបដែលជាប្លុកមួយនោះ នៅតែជាទីផ្សារធំសម្រាប់យើង ដូច្នេះអ្វីដែលសំខាន់បំផុតនោះ គឺត្រូវរក្សាវាឲ្យបាន ហើយ GMAC កំពុងដើរតួនាទីរបស់ខ្លួន ក្នុងការធ្វើឲ្យប្រធានគណៈកម្មការពាណិជ្ជកម្មសហភាពអឺរ៉ុប ពិចារណាករណីនេះឲ្យបានដិតដល់ ដោយផ្អែកលើភាពប្រសើរឡើង នៃសិទ្ធិការងារ និងលក្ខខណ្ឌការងារ»។
លោកថ្លែងបន្តថា អ្វីដែលសំខាន់ដូចគ្នានោះ គឺស្ថិតនៅលើគោលនយោបាយកំណែទម្រង់ដែលត្រូវធ្វើឲ្យចេញជារូបរាងឡើងឲ្យបានឆាប់ ដើម្បីធ្វើឲ្យមានការប្រកួតប្រជែងកម្រិតខ្ពស់នៃសេដ្ឋកិច្ចកម្ពុជា ទោះបីជាមាន ឬគ្មាន EBA។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ បានថ្លែងថា ចិនមានសមត្ថភាពជួយដោះស្រាយបញ្ហាកម្ពុជាបាន។ «ប៉ុន្តែឧស្សាហកម្មដែលពឹងផ្អែកលើ EBA និងពលរដ្ឋដែលធ្វើការក្នុងឧស្សាហកម្មនេះប្រហែលមិនងាយស្រួលនឹងទទួលបានការគាំទ្រ (របស់ចិនទេ) យ៉ាងហោចណាស់ក្នុងរយៈពេលខ្លី ប្រសិនបើ EBA ត្រូវបានដក»៕