ភ្នំពេញៈ ស្របពេលមេដឹកនាំនយោបាយកំពូល ២ រូបបានបែរខ្នងប្រកាសមិនខ្ចីនិយាយរកគ្នាកាលពីពេលថ្មីៗនេះ ដោយមិនដឹងថ្ងៃណាបែរមុខមករកគ្នាឡើងវិញ ដើម្បីរួមគ្នាកសាង និងលើកមុខមាត់កិត្តិយសប្រទេសជាតិនោះ អ្នកវិភាគក៏បានទូលសុំព្រះមហាក្សត្រយាងធ្វើជាអាជ្ញាកណ្តាលសម្របសម្រួលក្នុងជម្លោះនយោបាយនេះដូចដែលអតីតព្រះមហាក្សត្របរមរតនកោដ្ឋនរោត្តម សីហនុ ធ្លាប់បានធ្វើ។
ក្រុមអ្នកវិភាគមើលឃើញថា ព្រះមហាក្សត្រនរោត្តម សីហមុនី បច្ចុប្បន្ន ព្រះអង្គក៏អាចជួយផ្សះផ្សាជាតិតាមរយៈធ្វើជាអាជ្ញាកណ្តាលសម្របសម្រួលមេដឹកនាំនយោបាយកំពូលគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បានដែរដោយកោះហៅមេដឹកនាំទាំង ២ នេះឲ្យមកចូលតុចរចា ក្រោយពីមេដឹកនាំទាំង ២ បានប្រកាសម៉ឺងម៉ាត់ថ្មីៗនេះថាមិនជួបចរចាគ្នា។
ការបំពេញព្រះរាជតួនាទីបែបនេះរបស់ព្រះអង្គ គឺស្របទៅតាមរដ្ឋធម្មនុញ្ញដែលបានចែងអំពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រក្នុងការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិនៅពេលមានវិបត្តិនយោបាយ។
អ្នកវិភាគនយោបាយលោក មាស នី និង លោក ព្រាប កុល ដែលក៏ជានាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាផងដែរនោះបានលើកឡើងស្រដៀងគ្នាថា ស្ថានភាពពេលនេះព្រះមហាក្សត្រដែលមានព្រះរាជតួនាទីផ្សះផ្សាជាតិនោះ ព្រះអង្គអាចជួយដោះស្រាយវិបត្តិនយោបាយដែលកំពុងកើតឡើងនេះ តាមរយៈការធ្វើជាអាជ្ញាកណ្តាលសម្របសម្រួល។ ដូច្នេះព្រះអង្គគួរតែធ្វើយ៉ាងណាសម្របសម្រួលឲ្យលោក ហ៊ុន សែន និងលោក សម រង្ស៊ី ឈានមួយជំហានម្នាក់បែរមុខរកគ្នា និងនិយាយគ្នា ដើម្បីបញ្ចប់នូវជម្លោះនយោបាយខ្មែរ និងខ្មែរ។
លោក មាស នី ថ្លែងថា៖ «រដ្ឋធម្មនុញ្ញបានចែងច្បាស់ហើយ ព្រះករុណាមានតួនាទីជានិមិត្តរូបនៃការផ្សះផ្សាជាតិនៃការបង្រួបបង្រួមជាតិ។ អ៊ីចឹងនៅពេលដែលមានវិបត្តិជាប់គាំងនយោបាយ អ្នកនយោបាយឈ្លោះគ្នាមានតែតួអង្គព្រះករុណាទេដែលជាអ្នកចេញមុខមកក្នុងការសម្របសម្រួលហ្នឹង»។
លោកក៏បានសំដៅទៅដល់អតីតព្រះមហាក្សត្រនរោត្តម សីហនុ ព្រះអង្គក៏ធ្លាប់បំពេញព្រះរាជតួនាទីខ្លះៗដែរក្នុងការសម្របសម្រួលជម្លោះនយោបាយនេះ។
ស្ថិតក្នុងស្ថានភាពជម្លោះនយោបាយបែបនេះលោក មាស នី ថ្លែងថាប្រទេសនីមួយៗតែងតែមានយន្តការមួយដើម្បីដោះស្រាយបញ្ហានេះ ហើយបើមិនមាននោះទេ វាធ្វើឲ្យអ្នកមានអំណាចធ្វើអ្វីតាមតែអំពើចិត្ត។
លោកបន្ថែមថា៖ «បើសិន [នៅមាន] សកម្មភាពបែបនេះ ប្រទេសខ្មែរយើងមានវិបត្តិនយោបាយរកច្រកអត់ចេញ ឈ្លោះគ្នាទាល់តែអស់ដៃអស់ជើងរៀងខ្លួន។ ឈ្លោះគ្នាមែនទែនទៅលែងគិតពីប្រជាធិបតេយ្យ អព្យាក្រឹតអីអស់រលីងហើយគឺថាធ្វើម៉េចឲ្យតែបានរស់ទៅខាងណាក៏ទៅសិនដែរ ហើយអាហ្នឹងវាជាគ្រោះថ្នាក់សម្រាប់សង្គមជាតិមួយនេះ បើសិនជាអ្នកដឹកនាំខ្មែរយើងធ្វើរបៀបនេះ»។
ដោយឡែកលោក ព្រាប កុល ដែលធ្លាប់ព្រលយថាលោកធ្លាប់ជួបនិយាយគ្នាជាមួយតួអង្គអ្នកនយោបាយសំខាន់ៗនាពេលកន្លងមកក្នុងអំឡុងស្ថានភាពនយោបាយមិនល្អនេះក៏បានលើកឡើងដែរថា ការផ្សះផ្សាជាតិជាប្រធានបទដ៏សំខាន់សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន ហើយកិច្ចការនេះអាចធ្វើទៅបានតាមរយៈការស្ម័គ្រចិត្តចរចាដោយភាគីជម្លោះដោយផ្ទាល់ ដោយតម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
លោកបន្ថែមថា៖ «ក្នុងករណីដែលភាគីជម្លោះមិនអាចចាប់ផ្តើមការសន្ទនា ឬការចរចាដោយខ្លួនឯងបានព្រះមហាក្សត្រគួរបំពេញព្រះរាជតួនាទីដោយសម្របសម្រួលឲ្យមានការផ្សះផ្សាជាតិដូចដែលព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ធ្លាប់បានបំពេញព្រះរាជកិច្ចនាពេលកន្លងទៅ»។
លោកបានបន្តថា៖ «មធ្យោបាយមួយទៀតគឺអាចពឹងពាក់ដល់ប្រទេសជាមិត្ត ដូចជាជប៉ុន ឬប្រទេសនៅទ្វីបអឺរ៉ុប ដើម្បីជួយសម្របសម្រួល»។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចលោក សុខ ឥសាន បញ្ជាក់ថាស្ថានភាពនយោបាយជាមួយបក្សប្រឆាំង ទោះបីពឹងផ្អែកលើព្រះមហាក្សត្រក៏មិនអាចទៅរួចដែរ ពីព្រោះថាព្រះមហាក្សត្រមានព្រះរាជតួនាទីសម្របសម្រួលនយោបាយ ដើម្បីធានានិរន្តរភាព និងស្ថិរភាពនៃដំណើរការកិច្ចការរបស់រដ្ឋ។ ម្យ៉ាងទៀតនោះគឺថាអតីតបក្សប្រឆាំងមានបញ្ហាត្រូវប្រឈមមុខច្បាប់ ហើយដោះស្រាយតាមគោលការណ៍ច្បាប់រួចទៅហើយ។
លោកថ្លែងថា៖ «បើចង់ដោះស្រាយ ដោះស្រាយមុនគោលការណ៍ច្បាប់ ឥឡូវយើងអនុវត្តច្បាប់រួចទៅហើយ អ៊ីចឹងមិនអាចព្រះរាជតួនាទីរបស់ព្រះករុណាហ្នឹងរំលោភលើច្បាប់បានទេ»។
លោកបន្ថែមថាលោក សម រង្ស៊ី មិនមានតួនាទីអ្វីដែលជាតំណាងឲ្យអតីតបក្សប្រឆាំងត្រូវមកចរចាជាមួយគណបក្សកាន់អំណាចនោះទេ ព្រោះលោកកំពុងប្រឈមនឹងផ្លូវច្បាប់។
លោកថា៖ «ជំហររបស់ទណ្ឌិត សម រង្ស៊ី បានប្រកាសជាចំហហើយ គាត់មិនចរចាជាមួយគណបក្សប្រជាជនជាមួយរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ទេទុកឲ្យអន្តរជាតិចរចា អ៊ីចឹងគឺជូនតាមសំណូមពររបស់គាត់»។
នៅពេលសួរថា តើក្រៅពីលោក សម រង្ស៊ី គណបក្សកាន់អំណាចអាចចរចាជាមួយមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងបានដែរឬយ៉ាងណានោះ លោក ឥសាន បញ្ជាក់ថាក្រៅពីថ្នាក់ដឹកនាំចំនួន ១១៨ រូបដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរបស់បក្សប្រឆាំងនោះគឺមិនមានមន្ត្រីណារបស់បក្សនេះអាចមកចរចាជាមួយបក្សលោកបានឡើយ។
លោកចំអកថា មានតែរង់ចាំដល់ឆ្នាំ ២០២៣ តែប៉ុណ្ណោះដែលគណបក្សប្រឆាំងមួយនេះអាចទទួលបាននីតិសម្បទាឡើងវិញ ដោយស្វ័យប្រវត្តិមិនចាំបាច់ចរចា។
ទោះជាយ៉ាងណាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងលោក អ៊ូ ច័ន្ទរ័ត្ន គាំទ្រឲ្យមានការយាងធ្វើជាអាជ្ញាកណ្តាលពីព្រះមហាក្សត្រស្របតាមព្រះរាជតួនាទីរបស់ព្រះអង្គក្នុងការសម្របសម្រួលរវាងមេដឹកនាំទាំង ២ នេះ។
លោក ច័ន្ទរ័ត្ន ថ្លែងថា៖ «បើសិនជាថ្នាក់ដឹកនាំនយោបាយនៅតែបោះសម្តីទៅវិញទៅមករបៀបនេះមិនអាចនឹងរកដំណោះស្រាយបានទេ។ យើងអត់ព្រមទទួលស្គាល់ថា បើសិនជាមិនព្រមដោះស្រាយរវាងខ្មែរ និងខ្មែរទេគ្មានអ្នកណាគេអាចជួយដោះស្រាយយើងបានទេ។ គេគ្រាន់តែអន្តរាគមន៍ម្តងម្កាល ដើម្បីឲ្យយើងត្រូវគ្នាវិញ ដើម្បីឲ្យយើងជជែកគ្នា។ ប៉ុន្តែរឿងចរចា នៅទីបំផុតគឺត្រូវតែចរចារវាងខ្មែរ និងខ្មែរហ្នឹងឯង»៕