សហរដ្ឋអាមេរិក៖ អ្នកសារព័ត៌មានចំនួន ២៤ នាក់មកពី ២៤ ប្រទេសផ្សេងៗគ្នាក្នុងពិភពលោកដែលរួមមានទាំង កម្ពុជា ផងដែរ បាននឹងកំពុងតែធ្វើការស្វែងយល់ និង ទស្សនកិច្ចរាយការណ៍ព័ត៌មានជាលក្ខណៈអន្តរជាតិមួយនៅសហរដ្ឋអាមេរិក ស្តីពី ការប្រយុទ្ធប្រឆាំងនឹងការផ្តល់ព័ត៌មានមិនពិត និង ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ វ៉ាស៊ីនតោន (FPC) តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំប្រទេសនីមួយៗក្រោមប្រធានបទ «ចំណេះដឹងសារព័ត៌មាន និង ការប្រយុទ្ធប្រឆាំងនឹងការផ្តល់ព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយ ដោយបានចាប់ផ្តើមពីថ្ងៃទី ២៥ ខែ កញ្ញា ដល់ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៨ នេះនៅក្នុងរដ្ឋ Washington, Philadelphia និង New York។
ទស្សនកិច្ចរាយការណ៍ជាលក្ខណៈអន្តរជាតិនេះផ្តោតលើនិន្នាការ និងបច្ចេកទេសជាច្រើន ដើម្បីយល់ដឹង និងឆ្លើយតបទៅនឹងព័ត៌មានភូតកុហក, ព័ត៌មានលំអៀង ឬក៏ ព័ត៌មានបោកប្រាស់ និងដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្តល់ព័ត៌មានខុស។
អ្នកសារព័ត៌មាន នឹងមានឱកាសជួបនិងជជែកជាមួយអ្នកជំនាញ ជាច្រើនស្ថាប័នស្តីពីប្រធានបទនេះក៏ដូចជា វិធីសាស្រ្តក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលកំពុងតែកើតមាននៅក្នុងពិភពលោកក៏ដូចជា នៅ កម្ពុជា ផងដែរ។
លើសពីនោះ ពួកគេនឹងអាចធ្វើសេចក្តីរាយការណ៍ពីកិច្ចខិតខំប្រឹងប្រែងនៅក្នុងសហរដ្ឋ អាមេរិក ដើម្បីធ្វើការអប់រំសារធារណជនពីបញ្ហានេះ ក៏ដូចជា លើកទឹកចិត្ត និង លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានដែលមានការទទួលខុសត្រូវ និង វិជ្ជាជីវ និង ដើម្បីប្រឆាំងទៅនឹងការផ្តល់ព័ត៌មានមិនត្រឹមត្រូវ ដែលរួមមានទាំងព័ត៌មានបែបឃោសនា និងការផ្តល់ព័ត៌មានខុសដែលឧបត្ថម្ភដោយស្ថាប័នរដ្ឋ។
លើសពីនេះ ទស្សនកិច្ចនេះ នឹងបង្ហាញពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ដែលការផ្តល់ព័ត៌មានខុស ចោទជាបញ្ហាចំពោះប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ និងសារធារណជនមូលដ្ឋាន និង ចំពោះកម្មវិធីផ្សេងៗ ដែលលើកកម្ពស់ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
លោក Benjamin Weber នាយកមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិវ៉ាស៊ីនតោន FPC ប្រចាំរដ្ឋ Washington និង New York នៃនាយកដ្ឋានរដ្ឋរបស់សហរដ្ឋអាមេរិកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីម្សិលមិញថា FPC បានរៀបចំទស្សនកិច្ចបែបនេះជាច្រើនមកហើយ។
លោកថា ប្រធានបទឆ្នំានេះ ដែលស្តីពីចំណេះដឹងសារព័ត៌មាន និង ការប្រយុទ្ធប្រឆាំងនឹងការផ្តល់ព័ត៌មានមិនពិត និង ព័ត៌មានក្លែងក្លាយនេះ គឺជាឱកាសមួយសម្រាប់អ្នកសារព័ត៌មាន បានចូលរួម ដើម្បីបង្កើនការជជែកអំពីបញ្ហានេះ ដែលវាជាកង្វល់របស់សាធារណជន និងវិជ្ជាជីវសារព័ត៌មាន។
លោកបានបន្តថា ពាក្យព័ត៌មានក្លែងក្លាយនេះ (Fake News) ត្រូវបានប្រើប្រាស់ និងឃើញមានវត្តមានជាច្រើនឆ្នាំមកហើយ គឺប្រហែលជាតាំងពីឆ្នាំ ១៨៩៨ មកម៉្លេះ។
លោក Benjamin បានបញ្ជាក់ថា៖ «ខ្ញុំគិតថា វាតែងតែជាបញ្ហាប្រឈមមួយសម្រាប់អ្នកសារព័ត៌មាន ដើម្បីទទួលបានការពិត និង ក៏ជាការលំបាកមួយសម្រាប់សាធារណជនផងដែរ ក្នុងការស្វែងរកប្រភពព័ត៌មានដែលគួរឲ្យជឿជាក់បាន។
អ្នកសារព័ត៌មានដែលមានវិជ្ជាជីវត្រឹមត្រូវ គឺដើរតួនាទីសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មានគួរឲ្យទុកចិត្តដល់សាធារណជន»។
លោកជឿជាក់ថា ការចូលរួមកម្មវិធីនេះ អាចជួយពួកគេឲ្យមានលទ្ធភាពបំពេញការងារបានល្អប្រសើរជាងមុន ហើយការលើកទឹកចិត្ត ការគាំទ្រ និង ផ្តល់ជាកិត្តយសដល់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវត្រឹមត្រូវ គឺជារឿងសំខាន់ដែលត្រូវធ្វើ៕