
គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវនាពេលកន្លងមក។ រូបថត អគ្គស្នងការដ្ឋាននគរបាល
ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សចំនួន ១៧៣៦ នាក់ស្លាប់នៅលើដងផ្លូវដោយសារគ្រោះថ្នាក់ចរចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេល ៩ ខែក្នុងឆ្នាំនេះ បើប្រៀបធៀបចំនួនអ្នកស្លាប់រយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ មានចំនួន ១៧៨០ នាក់ស្ថិតិនេះបានបង្ហាញឲ្យដឹងថា អត្រាអ្នកស្លាប់បានថយចុះ ៣ ភាគរយស្មើនឹង ៤៤ នាក់។
យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍បានឲ្យដឹងថាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៧ កន្លងទៅមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១ ៧៨០ នាក់បើធៀបទៅនឹងឆ្នាំ ២០១៦ មានចំនួន ១៧១៧ នាក់ ខណៈឆ្នាំ ២០១៨ នេះមានអ្នកស្លាប់ចំនួន ១៧៣៦ នាក់។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រីមាសទី ៣ ឆ្នាំ ២០១៨ កាលពីថ្ងៃទី ៣១ ខែតុលា។ លោក ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ និងអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអះអាងថាដោយមានការខិតខំយកចិត្តទុកដាក់រួមគ្នារក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព ចរាចរណ៍បានល្អប្រសើរពីកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានាបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល ៩ ខែ ឆ្នាំ ២០១៨ នេះ។
លោក ហ៊ឹម យ៉ាន ថ្លែងថា៖ «គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមយូរអង្វែងដែលមានអ្នកស្លាប់ និងរបួសរៀងរាល់ថ្ងៃច្រើនជាងគ្រោះថ្នាក់សង្គមផ្សេងទៀត និងមានផលប៉ះពាល់អវិជ្ជមានដល់សង្គមដែលត្រូវយកចិត្តទុកដាក់គ្រប់ពេលវេលា»។
លោកបានបង្ហាញថាក្នុងការចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពចំនួនអ្នកស្លាប់ និងរបួសគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានផ្តោតលើការអប់រំផ្សព្វផ្សាយច្បាប់ការរឹតបន្តឹងច្បាប់ ការសង្គ្រោះជនរងគ្រោះ ការកែលម្អ និងថែទាំផ្លូវថ្នល់ ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ។ ខណៈស្ថានភាពដែលមធ្យោបាយយានយន្ត និងប្រជាពលរដ្ឋមានកំណើនជាលំដាប់។
ទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិលនៅតែព្រួយបារម្ភចំពោះចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែមានអ្នកស្លាប់ជិត ២ ពាន់នាក់ក្នុង ១ ឆ្នាំ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា (AIP Foundation) ថ្លែងថា៖ «ទោះបីជាចំនួននៃគ្រោះថ្នាក់មានការធ្លាក់ចុះប៉ុណ្ណឹងក្ដី ប៉ុន្ដែយើងមើលឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះនៅតែជាបញ្ហាដែលព្រួយបារម្ភ ពីព្រោះប្រទេសកម្ពុជាយើងបានប្ដេជ្ញាចិត្ដកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះឲ្យបានរហូតដល់ ៧៣៥០ នាក់ ក្នុងរយៈពេល ១០ ឆ្នាំ។ គិតដោយសាមញ្ញដល់ត្រឹមឆ្នាំ ២០២០ យើងចង់បន្ទាបចំនួនអ្នកស្លាប់ឲ្យនៅត្រឹម ១៦០០ នាក់ប៉ុណ្ណោះ»។
លោកបានអះអាងថាចំពោះចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ បើគិតតាំងពីឆ្នាំ ២០១៧ មកក្នុង ១ ឆ្នាំមានអ្នកស្លាប់រហូតដល់ជាង ១៩០០ នាក់ ហើយនៅខ្វះតែ ២ ឆ្នាំទៀតប៉ុណ្ណោះនឹងដល់ឆ្នាំ ២០២០ ហើយ តែចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅតែមានចំនួនជិត ២ ពាន់នាក់នៅឡើយ។
លោកនាយកអង្គការដដែលនេះបានថ្លែងថា៖ «យើងអាចទាញឲ្យចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះនៅសល់ត្រឹម ១៦០០ នាក់ក្នុង ១ ឆ្នាំ គឺមានការលំបាក ដូច្នេះយើងត្រូវមានការខិតខំប្រឹងប្រែងជួយដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះឲ្យបានខ្លាំងក្លាបន្ថែមទៀត បើគិតពីចំនួនអ្នកស្លាប់ប្រចាំឆ្នាំគឺនៅតែឡើងខ្ពស់ដែលចំនួននេះ មិនមែនជារឿងល្អទេ»៕