ភ្នំពេញៈ រយៈពេល ២០ សប្ដាហ៍ក្នុងឆ្នាំ ២០១៩ នេះ អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមបានកើនដល់ ២១ នាក់ ស្របពេលអ្នកឈឺដោយជំងឺនេះបានកើនឡើងជាង ១ ម៉ឺន ២ ពាន់នាក់។ តួលេខនេះ ត្រូវបានមន្ត្រីជំនាញអះអាងថាបានកើនឡើងប្រហែល ៣ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដែលមានអ្នកកើតជំងឺគ្រុនឈាម ប្រហែល ៣ ពាន់នាក់។
លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្ររបស់ក្រសួងសុខាភិបាល បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមគឺមាននៅក្នុងខេត្ត-ក្រុងចំនួន ៦ ដូចជានៅភ្នំពេញ និងខេត្តក្រចេះជាដើម។
ក្នុងចំណោមអ្នកស្លាប់ទាំងអស់ គឺដោយសារមូលហេតុទៅព្យាបាលជាមួយគ្រូពេទ្យតាមគ្លីនិកឯកជនតូចៗដែលអសមត្ថភាពគ្មានឧបករណ៍ និងជំនាញពិតប្រាកដ ដូចមន្ទីរពេទ្យរដ្ឋឬតាមមណ្ឌលសុខភាពនានា។
លោកបញ្ជាក់ថា៖ «ការទៅពេទ្យរដ្ឋគឺមិនមានករណីស្លាប់ទេ ហើយក្នុងករណីស្លាប់នោះ គឺគាត់ចំណាយពេលអត់ប្រយោជន៍ទៅទទួលសេវាព្យាបាលនៅគ្លីនិកឯកជនតូចៗហ្នឹងអត់មានសមត្ថភាព ធ្វើឱ្យគាត់ខកខាន។ ពីព្រោះការវិវឌ្ឍជំងឺគ្រុនឈាម គឺលឿនណាស់ អ៊ីចឹងខ្លះ (ពេទ្យឯកជន) ដែលអត់ជំនាញព្យាបាល ហើយចេះតែដាក់ថ្នាំ និងសេរ៉ូមលើស និងចេះតែដាក់ៗទៅ។ អ៊ីចឹងវាធ្វើឱ្យស្លាប់ដោយសារសេរ៉ូមហ្នឹងច្រើនពេក»។
លោកវេជ្ជបណ្ឌិតបន្តថា ស្ថានភាពផ្ទុះឡើងជំងឺគ្រុនឈាមនៅទូទាំងប្រទេសនាពេលនេះ មិនទាន់ថយចុះនៅឡើយទេ ស្របពេលក្រសួងសុខាភិបាលក៏កំពុងបង្កើនល្បឿនដើម្បីចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យចូលរួមកម្ចាត់ជម្រកសត្វមូសខ្លាញី និងចេះស្វែងរកសេវាព្យាបាលឱ្យបានត្រឹមត្រូវ។
មន្ត្រីដដែលនេះបន្ថែមទៀតថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏ទើបអំពាវនាវឱ្យគ្រប់មន្ទីរសុខភាពខេត្ត ចុះបង្រៀនអំពីរបៀបធ្វើរោគវិនិច្ឆ័យទៅគ្រូពេទ្យឯកជននៅទូទាំងប្រទេសដែលពុំមានជំនាញព្យាបាលជំងឺគ្រុនឈាម ដោយឱ្យពួកគេយល់ដឹង និងបញ្ឈប់ការព្យាបាលពលរដ្ឋ ប្រសិនបើដឹងថា ខ្លួនគ្មានឧបករណ៍ឬជំនាញពិតប្រាកដ។ បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងផ្លូវច្បាប់ នៅពេលពួកគេនៅតែបន្តព្យាបាលធ្វើឱ្យអ្នកជំងឺស្លាប់តទៀត។
បើតាមលោកវេជ្ជបណ្ឌិត លាង ឫទ្ធា ថ្វីដ្បិតឆ្នាំ ២០១៩ នេះ គឺជាឆ្នាំផ្ទុះឡើងជំងឺគ្រុនឈាមខ្លាំងបំផុតដែលកើតឡើងក្នុងរយៈពី ៦ ទៅ ៧ ឆ្នាំម្ដងក្ដី ប៉ុន្តែក្រសួងសុខាភិបាលបានត្រៀមខ្លួនគ្រប់គ្រាន់ហើយទាំងការព្យាបាលដល់ពលរដ្ឋ និងវិធានការទប់ស្កាត់មូសខ្លា។ លោកថា ដូចជាការត្រៀមសេរ៉ូមព្យាបាលជិត ៧ ម៉ឺនប្លោក ថ្នាំអាបែត ១៧២ តោន និងថ្នាំបាញ់កម្ចាត់សត្វមូស ៧ ពាន់លីត្រ ដែលទឹកថ្នាំនេះ គឺជម្រើសចុងក្រោយត្រូវយកទៅបាញ់នៅទីតាំងណាដែលកំពុងប្រឈមខ្លាំងបំផុតនឹងជំងឺគ្រុនឈាម។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ ក្រសួងសុខាភិបាលក៏បានជូនព័ត៌មានមួយដើម្បីឱ្យពលរដ្ឋរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាមដែរ ស្របពេលអះអាងថា ជំងឺនេះអាចឆ្លងទៅដល់មនុស្សគ្រប់វ័យទាំងអស់។ សត្វមូសខ្លាដែលជាប្រភពចម្លងជំងឺនេះ គឺវាកើតឡើងនៅក្នុងទឹកថ្លាស្អាត និងចូលចិត្តរស់នៅជិតមនុស្ស។
ក្រសួងបញ្ជាក់ថា ដើម្បីគេចផុតពីសេចក្ដីស្លាប់ដោយសារជំងឺគ្រុនឈាម គឺប្រជាពលរដ្ឋត្រូវសម្អាតទីធ្លាក្នុងផ្ទះនិងខាងក្រៅឱ្យបានស្អាតដើម្បីឱ្យទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់។ ធ្វើ ការលុបបំបាត់ជម្រករបស់សត្វមូសដែលជាសម្បកកង់ឡានឬម៉ូតូដែលទុកពាសវាលពាសកាល លុបបំបាត់កន្លែងទឹកដក់ដែលមានដង្កូវទឹក និងត្រូវសម្អាតពាងទឹក និងអាងទឹកជាដើមឱ្យបាន ១ សប្ដាហ៍ម្ដង។
ជាពិសេសប្រសិនបើក្ដៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់ទៅពិនិត្យ និងទទួលការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដូចជាមណ្ឌលសុខភាពដែលនៅជិតបំផុត កុំឱ្យយឺតជាង ៧២ ម៉ោង និងមិនត្រូវសាកល្បងការព្យាបាលដោយខ្លួនឯង ឬទៅរកការព្យាបាលជាមួយពេទ្យឯកជនដែលគ្មានសមត្ថភាពឡើយ។
ក្នុងឆ្នាំ ២០១៩ នេះ ជំងឺគ្រុនឈាមដែលកំពុងផ្ទុះឡើងខ្លាំង គឺមិនមែនមានតែក្នុងប្រទេសកម្ពុជាឡើយ ប៉ុន្តែនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានដូចជាប្រទេស ហ្វីលីពីន មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម ៣០៣ នាក់ក្នុងចំណោមអ្នកឈឺសរុប ៧ ម៉ឺន ២ ពាន់នាក់។ ប្រទេស ថៃ មានអ្នកជំងឺជាង ៧ ម៉ឺននាក់ ស្លាប់ ៧០ នាក់ ប្រទេស ម៉ាឡេស៊ី មានអ្នកជំងឺជាង ៥ ម៉ឺននាក់ ស្លាប់ ៧០ នាក់ និងប្រទេស វៀតណាម មានអ្នកជំងឺជាង ៤ ម៉ឺននាក់ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត លាង ឫទ្ធា៕