បន្ទាយមានជ័យៈ មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ទី​ ៧ កក្កដា ថា បុរស​ ២ ​នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ពី​ល្ងាច​ថ្ងៃ​ចន្ទ ខណៈ​ពួកគេ​កំពុង​ចុះ​មើល​​ក្រុម​ការងារ​រៀបចំ​ពុះ​ដីឡូត៍​ធ្វើ​ផ្ទះល្វែង​នៅ​ភូមិ​ថ្មី សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដែល​ករណី​នេះ​ធ្វើឲ្យ​ចំនួន​អ្នកស្លាប់​ដោយ​រន្ទះបាញ់​កើន​ដល់ ៣១ ​នាក់ គិតពី​ដើម​ឆ្នាំ​មក​។

លោក ផាត់ វណ្ណី នាយ​នគរបាលប៉ុស្តិ៍​ស្ដីទី​សង្កាត់​ទឹកថ្លា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនរងគ្រោះ​ឈ្មោះ សៀក ជីឆូវ អាយុ​ ៣៤ ​ឆ្នាំ​ មាន​លំនៅ​ក្នុង​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដៃគូ​រកស៊ី​ពុះ​ដីឡូត៍​សង់ផ្ទះ​ល្វែង​របស់គាត់​ម្នាក់​ទៀត​ឈ្មោះ យ៉ាង លី អាយុ ៣៣ ​ឆ្នាំ​ មាន​លំនៅ​ក្នុងភូមិ​ ៤ សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ​បាន​ស្លាប់​តាមផ្លូវ​ពេល​ក្រុមការងារ និង​សាច់ញាតិ​កំពុង​ដឹក​ទៅ​មន្ទីរពេទ្យក្រុង​សិរីសោភ័ណ​។

លោក វណ្ណី បាន​បន្តថា មុនពេល​កើតហេតុ​ផ្ទៃមេឃ​មាន​សភាព​អួអាប់ និង​មាន​ធ្លាក់​ខ្យល់ ប៉ុន្តែ​មិន​ខ្លាំង​នោះទេ​។ បន្ទាប់មក​គេ​ឃើញ​ជនរងគ្រោះ​ទាំង​ ២ ​នាក់ និង​ក្រុមការងារ​ ៣ ​នាក់​ផ្សេងទៀត​បាន​នាំគ្នា​ចុះ​ទៅ​ពិនិត្យ និង​វាស់វែង​ទីតាំង​ដីឡូត៍​ដើម្បី​ពុះ​ជា​ឡូត៍​តូចៗ​សម្រាប់​សាងសង់​ផ្ទះល្វែង​លក់​។

លោក វណ្ណី បាន​បញ្ជាក់ថា​៖ «​ពេល​កំពុង​ទាញ​ខ្សែ​ចាក់​វាស់វែង​នោះ​ក៏​ស្រាប់​តែមាន​ផ្លេកបន្ទោរ​ព្រាកៗ និង​មាន​ភ្លៀងរលឹម លាយឡំ​នឹង​រន្ទះបាញ់​ព្រម​គ្នា​តែម្ដង​បណ្ដាល​ឲ្យ​ឈ្មោះ សៀក ជីឆូវ ស្លាប់​នៅនឹង​កន្លែង ហើយ​ឈ្មោះ យ៉ាង លី បាន​ដួលសន្លប់ និង​បាន​ស្លាប់​នៅ​ពាក់កណ្ដាល​ផ្លូវ​ក្នុង​គ្រា​ដែល​ក្រុម​គ្រួសារ និង​កម្មករ​បាន​ដឹក​ទៅ​មន្ទីរពេទ្យក្រុង​សិរីសោភ័ណ​»​។

លោក​បាន​បន្តថា សព​ជនរងគ្រោះ​ទាំង​ ២ ​ត្រូវ​បាន​ក្រុមគ្រួសារ​នាំយក​ទៅ​​រៀបចំ​ពិធីបុណ្យ​នៅ​គេហដ្ឋាន​រៀងៗ​ខ្លួន​។

ដោយឡែក​នៅឯ​ឃុំ​ឃ្លាំងមាស ស្រុក​បវេល ខេត្ត​បាត់ដំបង​វិញ​មាន​ផ្ទះ​ពលរដ្ឋ​ជាង​ ២០ ​ខ្នង​បាន​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​ដោយសារ​ករណី​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ថ្ងៃ​ចន្ទ​។ ​នេះ​បើតាម​មន្ត្រី​នគរបាល​មូលដ្ឋាន​កាលពី​ថ្ងៃទី​ ៧ ខែកក្កដា​។

លោក​ សុខ សារិន អធិការនគរបាល​ស្រុក​បវេល​បាន​ថ្លែងថា​៖ «​បាតុភូត​ភ្លៀង​​លាយឡំ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​កាលពី​រសៀល​ថ្ងៃ​ចន្ទ​បាន​បង្ក​ការខូចខាត​ផ្ទះ​ពលរដ្ឋ​សរុប​ ២៥ ​ខ្នង និង​ងាប់​គោ​អស់​ ២ ​ក្បាល ប៉ុន្តែ​បាន​ជួយសង្គ្រោះ​ស្រូវ​ពលរដ្ឋ​ជិត​ ១០០ ​ហិកតា ដែល​រង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត​នាពេល​​កន្លងមក​ឲ្យ​ស្រស់បំព្រង​ឡើងវិញ​»​។

លោក​ កែវ វី ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការស្លាប់​របស់​អ្នករកស៊ី​ពុះ​ដីឡូត៍​សាងសង់​ផ្ទះល្វែង​ ២ ​នាក់​ក្នុង​ក្រុង​សិរីសោភ័ណ​ខាងលើនេះ​បាន​ធ្វើឲ្យ​ចំនួន​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​រន្ទះបាញ់​កើន​ដល់​ ៣១ ​នាក់ និង​ ២១ ​នាក់​ទៀត​រងរបួស​គិត​ត្រឹម​ថ្ងៃទី​ ៧ ខែ​កក្កដា នៅ​ឆ្នាំនេះ​។

លោក កែវ វី បាន​ថ្លែងថា គិត​ត្រឹម​ ៦ ​ខែ ឆ្នាំ​ ២០២០ បាតុភូត​រន្ទះបាញ់​បាន​បណ្ដាល​ឲ្យ​មនុស្ស​ ២៩ ​នាក់​ស្លាប់ និង ២១ ​នាក់​ទៀត​រងរបួស ស្លាប់​គោ ក្របី ៤៥ ​ក្បាល និង​ខូចខាត​ផ្ទះ​ ៩ ​ខ្នង​។ ចំណែក​បាតុភូត​ខ្យល់​កន្ត្រាក់​បាន​បង្ក​ឲ្យ​មនុស្ស​ ៤ ​នាក់​ស្លាប់ និង​ ៤៣ ​នាក់​ទៀត​រងរបួស និង​ខូចខាត​ផ្ទះ​ពលរដ្ឋ​ទាំងស្រុង​ចំនួន​ ៧១១ ​ខ្នង និង ៤ ៥០៥ ​ខ្នង​ទៀត​ខូចខាត​មធ្យម​។ ក្រៅពី​នោះ​ក៏បាន​ធ្វើឲ្យ​​ខូចខាត​ដំបូល​សាលារៀន និង​អគារ​​រដ្ឋបាល​សាធារណៈ​របស់​រដ្ឋ​សរុប​ ៤៨ ​ខ្នង​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​តួលេខ​នេះ​បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​»​។

យោងតាម​របាយការណ៍​បូកសរុប​​រយៈពេល​ ៦ ​ខែ ឆ្នាំ​ ២០១៩ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គ្រោះធម្មជាតិ​រន្ទះបាញ់​បាន​បង្ក​ឲ្យ​មនុស្ស​ ៦២ ​នាក់​ស្លាប់ និង​ ៦០ ​នាក់​ទៀត​រងរបួស​ព្រម​ទាំង​ងាប់​គោ ក្របី​ចំនួន​ ៨០ ​ក្បាល​។ ចំណែក​ខ្យល់​កន្ត្រាក់​បាន​បង្ក​ឲ្យ​មនុស្ស​ ៤ ​នាក់​ស្លាប់ និង​ ៧៧ ​នាក់​ទៀត​រងរបួស ព្រមទាំង​បង្ក​ឲ្យ​ផ្ទះ​ពលរដ្ឋ​ចំនួន ១ ១៩៣ ​ខ្នង ដួលរលំ និង​ផ្ទះ​ចំនួន ៩ ៨១៩ ​ខ្នង​ទៀត​រួមទាំង​អគារ​រដ្ឋបាល​សាធារណៈ​សរុប​ ៦២ ​ខ្នង​ផង​បាន​ប៉ើងរបើក​ដំបូល​៕