ភ្នំពេញៈ មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ​១៩ បាន​កើនឡើង​ដល់​ចំនួន​ ៧ ​នាក់​កាលពី​ម្សិលមិញ ក្រោយពី​ការឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ដោយហេតុតែ​ការវាយលុក​លឿន​នៃ​ជំងឺ​នេះ​ធ្វើឱ្យ​សួត​របស់​អ្នកជំងឺ​រលាក​ធ្ងន់ធ្ងរ និង​ខ្សោយ​ខ្លាំង​ដែល​ក្រុម​គ្រូពេទ្យ​មិន​អាចជួយ​សង្គ្រោះបាន​។

ជាក់ស្តែង​នៅ​ថ្ងៃ​ម្សិលមិញ អ្នកជំងឺ​កូវីដ​ ១៩​ ចំនួន​ ២ ​នាក់​ទៀត​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​នោះ​មាន​បុរស​ជនជាតិខ្មែរ អាយុ​ ៣៨ ​ឆ្នាំ ​រស់នៅក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ និង​ម្នាក់ទៀត​ជា​ជនជាតិ​ចិន​អាយុ​ ៤៣ ​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​យ៉ុងយ័ន​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល ដែល​ពួកគាត់​ទាំង​ ២ ​នាក់​នេះ​បាន​ឆ្លង​វីរុស​កូវីដ​ ១៩ កាលពី​ថ្ងៃទី​ ១៦ និង​ទី​ ១១ ខែមីនា ឆ្នាំ ២០២១ កន្លងមក​។

យោងតាម​របាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​បាន​ឱ្យ​ដឹងថា អ្នកជំងឺ​ដែលជា​ជនជាតិ​ខ្មែរ​បានដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ Great Duke បន្ទាប់ពី​តេស្ត​វិជ្ជមាន​កូវីដ​-១៩ ហើយ​រហូតដល់​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ​ ២០២១ ដោយសារ​មាន​អាការ​ហត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​។

ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព និង​ធ្វើ​ការថត​សួត​របស់គាត់​បង្ហាញ​ថា​គាត់​មាន​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ​ខ្លាំង និង​ខ្សោយ​សួត​ខ្លាំង និង​បាន​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម​នៅ​ថ្ងៃ​ដដែល​នោះ រហូត​មក​ដល់​ថ្ងៃ​ចុងក្រោយ​នេះ​។ ប៉ុន្តែ​ដោយសារ​ការរលាក​សួត​ទាំង​សងខាង​ធ្ងន់ធ្ងរ​ខ្លាំង​ទៅៗ និង​ខ្សោយ​សួត​ខ្លាំង​ទៅៗ អ្នកជំងឺ​បាន​បាត់បង់​ជីវិត ទោះជា​មាន​ការខិតខំ​ប្រឹង​ប្រែង​យកចិត្ត​ទុកដាក់​អស់ពី​សមត្ថភាព​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ក៏ដោយ​។

របាយការណ៍​ដដែល​បាន​បន្តថា បុរស​ជនជាតិ​ចិន​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ បន្ទាប់ពី​តេស្ត​វិជ្ជមាន​កូវីដ ​១៩ រហូត​ដល់​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ​ ២០២១ អាការ​បុរស​នេះ​មាន​សភាព​ហត់​ខ្លាំង​ជាមួយ​នឹង​លទ្ធផល​ពី​ក្រុមគ្រូពេទ្យ ពិនិត្យ​ឃើញ​ថា មាន​ការថយចុះ​នូវ​អុកស៊ីហ្ស៊ែន​សម្រាប់​ការដកដង្ហើម​ខ្លាំង​ក៏​បាន​បញ្ជូនបន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​នៅ​ថ្ងៃទី​ ១៨ ខែមីនា ឆ្នាំ​ ២០២១ ប៉ុន្តែ​ស្ថានភាព​របស់គាត់​ធ្ងន់ធ្ងរ​ដូច​​នឹង​អាការ​របស់​អ្នកជំងឺ​ជនជាតិខ្មែរ​ខាងលើ​ដែរ​។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ថា​៖ «​ជា​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ បុរស​ទាំង​ ២ ខាងលើ គឺ​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូវីដ​១៩ វាយលុក​លឿន​ធ្វើឱ្យ​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ និង​ខ្សោយ​សួត​ខ្លាំងពេក​»​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​កាលពី​សប្តាហ៍​មុន​ថា នៅមាន​អ្នកជំងឺ​ដែលមាន​សភាព​ធ្ងន់ធ្ងរ​ជាច្រើនរូប​ទៀត ដែល​ក្រុមគ្រូពេទ្យ​កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​ដោយ​លោកស្រី​ធ្វើការ​អំពាវនាវ​ដោយ​ការអង្វរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា ចៀសវាង​ឱ្យបាន​នូវ​ការឆ្លង​នូវ​វីរុស​កូវីដ​ ១៩​ នេះ​។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត វ៉ាន់ មិច ឯកទេស​ព្យាបាល​ជំងឺ​សួត ជំងឺហឺត និង​អាលែ្លកហ្ស៊ី​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​បាន​លើកឡើង​ថា លោក​មាន​បទពិសោធ​ជាង​ ១ ​ឆ្នាំ​ក្នុង​ការគ្រប់គ្រង និង​ព្យាបាល​ជំងឺ​កូវីដ​ដោយ​គ្មាន​ការភ័យខ្លាច​ ឬ​តក់ស្លុត​ឡើយ ប៉ុន្តែ​ក្នុង​រយៈពេល​ ១ ​ខែ​ចុងក្រោយ​នេះ​គឺ​ចាប់ពី​ថ្ងៃទី​ ២០ ខែកុម្ភៈ លោក​បែរ​ជា​មាន​ភាពភ័យខ្លាច​។

លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​លោក​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍ ភ័យខ្លាច និង​ព្រួយបារម្ភ​ណាស់ ពីព្រោះ​វា​ជា​ប្រភេទ​មេរោគ​ប្រែ​រូប​ថ្មី (variant virus strain) ដែល​ក្នុង​រយៈពេល​តែ​ ២ ​ទៅ​ ៥ ​ថ្ងៃ វា​វាយលុក​ចូល​សួត​ធ្វើឱ្យ​រលាក​សួត​ធ្ងន់ធ្ងរ​ទាំងសងខាង​»​។

លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច បាន​បន្តថា មេរោគ​នេះ​គ្មាន​ថ្នាំ​ណា​អាច​សម្លាប់​វា​បានទេ គឺ​មាន​តែ​អនុវត្ត​ឱ្យបាន​ដាច់ខាត​តាម​ប្រសាសន៍​របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន គឺ​ ៣ ​កុំ និង​ ៣ ​ការពារ​ទើប​អាច​ទប់ស្កាត់​ ឬ​កាត់បន្ថយ​ការឆ្លង​រាតត្បាត​នៃ​មេរោគ​នេះ​បាន​។

គួរបញ្ជាក់​ផងដែរ​ថា អ្នកជំងឺ​ចំនួន​ ៧ ​នាក់ ​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ​១៩​ក្នុងនោះ​មាន បុរស​ជនជាតិ​ខ្មែរ អាយុ​ ៥០ ​ឆ្នាំ​ស្លាប់​កាលពី​ថ្ងៃទី​ ១១, ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​ ៦២ ​ឆ្នាំ​ បាន​ស្លាប់​នៅ​ថ្ងៃទី​ ១៩, បុរស​ជនជាតិខ្មែរ អាយុ​ ៤៦ ​ឆ្នាំ​ បាន​ស្លាប់​នៅ​ថ្ងៃទី​ ១៩, បុរស​ជនជាតិខ្មែរ អាយុ​ ៧៥ ​ឆ្នាំ បាន​ស្លាប់​នៅ​ថ្ងៃទី​ ២១, ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​ ៦២ ​ឆ្នាំ​ បាន​ស្លាប់​នៅ​ថ្ងៃទី​ ២៤ និង​ ២ ​នាក់​ចុងក្រោយ​បុរស​ជនជាតិ​ខ្មែរ អាយុ​ ៣៨ ​ឆ្នាំ និង​បុរស​ជនជាតិ​ចិន អាយុ​ ៤៣ ​ឆ្នាំ ដែល​បាន​ស្លាប់​នៅ​ថ្ងៃទី​ ២៥ ខែមីនា ឆ្នាំ​ ២០២១​។

ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​នៅ​ថ្ងៃ​ម្សិលមិញ​មាន​រហូតដល់ ៥៥ ​នាក់ ​ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​រហូត​ទៅដល់ ១ ៣៤៨ នាក់ ខណៈ​ថ្ងៃនេះ​ក៏មាន​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២៣ ​នាក់​ផងដែរ​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ ក្រសួង​សុខាភិបាល​បាន​រកឃើញ​អ្នក​ដែល​ឆ្លង​ថ្មី​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​មាន​ចំនួន​ ៥៥ ​នាក់​ក្នុង​នោះ​នៅ​ទីក្រុង​ភ្នំពេញ​មាន​រហូតដល់ ៥០ ​នាក់ ខណៈ​ខេត្ត​ចំនួន​ ៥ ផ្សេងទៀត​មាន​អ្នក​ឆ្លង​តែ ១ ​នាក់​ប៉ុណ្ណោះ​ក្នុង​ ១ ​ខេត្ត គឺ​ខេត្ត​សៀមរាប ត្បូងឃ្មុំ កណ្តាល ព្រះសីហនុ និង​ខេត្តកំពង់ធំ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៥ ខែមីនា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​សរុប​ចំនួន ១ ៨៧២ ​នាក់​ក្នុង​នោះ​អ្នក​ដែល​បានជា​សះស្បើយ​ចំនួន ១ ០៥៦ ​នាក់​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៨០៩ ​នាក់ និង​មាន​អ្នកស្លាប់​ចំនួន ៧ ​នាក់​។

ដោយឡែក​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យមាន​ការពង្រឹង​វិធានការ​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​តាម​បណ្តា​គោលដៅ​ចត្តាឡីស័ក​ទាំងអស់​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។

លោក​ថា​៖ «​គ្រប់​គោលដៅ​ចត្តាឡីស័ក​ទាំងអស់ គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ក្រុមការងារ​គ្រប់គ្រង​ទីតាំង​ចត្តាឡីស័ក​ត្រូវដាក់​កម្លាំង​ប្រចាំការ​ ២៤ ​ម៉ោង​»​។

លោក​ ឃួង ស្រេង បាន​បន្តថា ចំពោះ​ពេលវេលា​ដែល​អាច​អនុញ្ញាត​ឱ្យ​នាំចូល​នូវ​កញ្ចប់​អាហារ​ ឬ​សម្ភារ​ផ្សេងៗ​ជូន​ដល់​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ត្រូវបាន​កំណត់​ទៅតាម​របប​អាហារ​ ៣ ​ពេល​។ ទន្ទឹមគ្នា​នោះដែរ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​បាន​ស្នើឱ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​នានា ការថែរក្សា​សុខភាព និង​អនាម័យ​ចំពោះ​ជន​ជាប់ឃុំ ដើម្បី​បង្ការ ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​ ១៩ ដល់​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​ជន​ជាប់ឃុំ​ទាំងអស់​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​នានា​ទូទាំង​ប្រទេស​៕