ភ្នំពេញៈ ប្រទេស​ឥណ្ឌា​ បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ​ឥតសំណង​ចំនួន ១,៥ លាន​ដុល្លារ​ ដល់​កងយោធពល​ខេមរភូមិន្ទ សម្រាប់​ទិញ​ឧបករណ៍​ដោះមីន​ពី​ប្រទេស​ឥណ្ឌា​។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​អគារ មិត្តភាព​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​រវាង​លោកស្រី ម៉ានីកាជេន ឯកអគ្គ​រដ្ឋទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​អចិន្រៃ្តយ៍​ក្រសួង​ការពារជាតិ​តំណាង​រដ្ឋាភិបាល​រៀងៗ​ខ្លួន ក្រោម​អធិបតីភាព​របស់​លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ឥណ្ឌា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា​៖ «​កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​មាន​ភាពស៊ីជម្រៅ​នាពេល​ថ្មីៗ​នេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ខែ​មិថុនា ឆ្នាំ​ ២០១៨ គំនិត​ផ្តួចផ្តើម​ថ្មីៗ​ជាច្រើន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិ​ត្រូវបាន​បង្កើតឡើង​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​ការចូលរួម​ការពារ​ជាតិ​ទ្វេភាគី​រួមមាន​ការបណ្តុះបណ្តាល​មន្ត្រី ការផ្លាស់ប្តូរ​អ្នកជំនាញ កិច្ចសហប្រតិបត្តិការ​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ ការផ្លាស់ប្តូរ​អ្នកជំនាញ ឬ​ជំនួយ​ក្នុង​ប្រតិបត្តិការ​ដោះមីន​ និង​ដំណើរ​ទស្សនកិច្ច​តាម​នាវា​ជាប្រចាំ​»​។

ជំនួយ​ក្នុង​ការដោះមីន​បន្ត​ក្លាយ​ជា​ចំណុច​សហប្រតិបត្តិការ​ដ៏សំខាន់​រវាង​ប្រទេស​ទាំង​ ២​។ ជំនួយ​ឥតសំណង​បច្ចុប្បន្ន​ចំនួន​ ១,៥ លាន​ដុល្លារ​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការជួយ​បង្កើន​សមត្ថភាព​ដោះមីន​របស់​កងយោធពល​ខេមរភូមិន្ទ​។ ប្រទេស​ឥណ្ឌា​ បាន​ផ្តល់​សុនខ​ហិត​គ្រឿងផ្ទុះ​ចំនួន​ ១៥ ​ក្បាល​ ទៅ​ដល់​​កងយោធពល​ខេមរភូមិន្ទ​កាលពី​ខែធ្នូ​ ឆ្នាំ​ ២០១៦​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​។

លោកស្រី ម៉ានីកាជេន ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ពី​ម្សិលមិញ​ថា កិច្ចសហប្រតិបត្តិការ​ការពារជាតិ​រវាង​ប្រទេស​ទាំង​ ២ កំពុង​ពង្រឹង​ និង​ពង្រីក ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ក៏កំពុង​តែ​បន្ត​ដើម្បី​លើក​កម្ពស់​វិសាលភាព និង​សក្តានុពល​នៃ​ការចូលរួម​ជាមួយ​គ្នា​នាពេល​អនាគត​។ លោក ទៀ បាញ់​ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ឥណ្ឌា​ផង​ដែរ​ចំពោះ​ជំនួយ​នេះ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ឥណ្ឌា​គឺជា​ប្រទេស​សេរី​ទី​ ១ ​ដែល​មាន​គុណ​ដល់​កម្ពុជា និង​មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​កម្ពុជា​ក្នុង​អំឡុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។

លោក​បន្តថា បើទោះបី​ជា​ប្រទេស​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​មិនធំ​ដុំ​ក៏ដោយ ក៏​ឥណ្ឌា​បង្ហាញ​កាយវិការ​ល្អ​មក​លើ​ប្រទេស​កម្ពុជា​តាមរយៈ​ជំនួយ​នេះ ដោយសារ​តែ​កម្ពុជា​ក៏​បញ្ជូន​ទ័ព​មួក​ខៀវ​ទៅ​ចូលរួម​ការរក្សា​សន្តិភាព​នៅ​ប្រទេស​ផ្សេងទៀត​ផងដែរ​៕