ភ្នំពេញៈ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពីការផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតមិនបង់ថ្លៃដល់និស្សិតនៅក្នុងប្រទេសអាស៊ានចំនួន ១ ពាន់នាក់ ដើម្បីផ្សព្វផ្សាយទៅដល់តំណាងសាកលវិទ្យាល័យប្រហែល ១០ នៅក្នុងទីក្រុងភ្នំពេញ ខណៈដែលការទទួលពាក្យស្នើសុំអាហារូបករណ៍ក្នុងវគ្គទី ២ នឹងចាប់ផ្តើមចាប់ពីខែធ្នូ ឆ្នាំ ២០១៩ នេះតទៅ។
កិច្ចពិភាក្សានេះបានធ្វើឡើងបន្ទាប់ពីលោក Shri Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី ២៥ នៅក្នុងទីក្រុងញូវដែលីកាលពីខែមករា ឆ្នាំ ២០១៨ ស្ដីពីការផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតសម្រាប់និស្សិតអាស៊ានទាំង ១០ ប្រទេស ដើម្បីសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាដេលី (IIT) ដែលជាវិទ្យាស្ថានដ៏លេចធ្លោមួយនៅក្នុងប្រទេសឥណ្ឌា។
លោក Nomesh Bolia សាស្ដ្រាចារ្យផ្នែកវិស្វកម្ម មេកានិកនៅវិទ្យាស្ថាន (IIT) បានលើកឡើងថា ការផ្ដល់អាហារូបករណ៍ទាំង ១ ពាន់នាក់នេះគឺមិនបានកំណត់ថា ប្រទេសនីមួយៗក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ត្រូវជ្រើសយកនិស្សិតប៉ុន្មាននាក់ឡើយ ប៉ុន្តែអាស្រ័យលើការចាប់អារម្មណ៍ក្នុងការដាក់ពាក្យពីសំណាក់និស្សិតក្នុងប្រទេសទាំងនោះ ហើយការដាក់ពាក្យស្នើសុំអាហារូបករណ៍ត្រូវធ្វើតាមប្រព័ន្ធអនឡាញ http://asean.iitd.ac.in ។
លោកបន្តថា មុខវិជ្ជាដែលមាននៅក្នុងអាហារូបករណ៍ទាំងនោះមានដូចជា មុខវិជ្ជាបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) ការគ្រប់គ្រង សេដ្ឋកិច្ច ទស្សនវិជ្ជា និងនយោបាយជាដើម។ លោកបន្ថែមថា របៀបដាក់ពាក្យស្នើសុំអាហារូបករណ៍ គឺមានរូបថត ជីវប្រវត្តិ ប្រវត្តិការសិក្សា ប្រតិបត្តិពិន្ទុ និងលិខិតណែនាំពីសាស្ដ្រាចារ្យសាកលវិទ្យាល័យ ប៉ុន្តែមិនទាមទារពិន្ទុ IL ឡើយហើយបេក្ខជនដាក់ពាក្យនឹងត្រូវសម្ភាសតាមអនឡាញ។
លោកថា៖ «វាគឺជាលើកទី ១ ដែលរដ្ឋាភិបាលឥណ្ឌាផ្ដល់អាហារូបករណ៍នេះមកឱ្យ IIT សម្រាប់និស្សិតថ្នាក់បណ្ឌិតមកពីប្រទេសអាស៊ាន។ ឥណ្ឌាគឺជាប្រទេសមានភាពល្បីល្បាញខាង IT (បច្ចេកវិទ្យាព័ត៌មាន)។ ហេតុដូច្នោះហើយយើងបានផ្ដោតលើ IT ប៉ុន្តែកម្មវិធី (អាហារូបករណ៍) របស់យើង គឺបានបើកទទួលសម្រាប់គ្រប់មុខវិជ្ជាទាំងអស់»។
វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា ដេលី បានអះអាងថាខ្លួនបានបណ្ដុះបណ្ដាលអតីតនិស្សិតរបស់ឥណ្ឌាប្រហែល ៥ ម៉ឺននាក់ឱ្យក្លាយជាវិស្វករអ្នកបច្ចេកវិទ្យា អ្នកវិទ្យាសាស្ដ្រ អ្នកគ្រប់គ្រង និងសហគ្រិន ហើយត្រូវរដ្ឋាភិបាលឥណ្ឌា ប្រកាសទទួលស្គាល់ជាវិទ្យាស្ថានដ៏លេចធ្លោមួយកាលពីឆ្នាំ ២០១៨។ លោក Nomesh Bolia បញ្ជាក់ថាដំណើរការទទួលពាក្យស្នើសុំអាហារូបករណ៍ក្នុងវគ្គទី ២ គឺចាប់ពីអំឡុងខែធ្នូ ឆ្នាំ ២០១៩ នេះរហូតដល់ខែមីនា ឆ្នាំ ២០២០។
លោក Addarsh Kumar Mishra លេខាទី ២ ទទួលបន្ទុកផ្នែកអប់រំ និងពាណិជ្ជកម្មនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានលើកឡើងដែរថា តាមរយៈការផ្ដល់អាហារូបករណ៍ពីរដ្ឋាភិបាលឥណ្ឌានេះនឹងជួយពង្រឹងទំនាក់ទំនងរដ្ឋាភិបាលឥណ្ឌា និងអាស៊ានបន្ថែមទៀត។
លោកថា៖ «ទី ១ យើងចង់បង្កើនការកសាងសមត្ថភាពដល់សិស្ស និស្សិតក្នុងប្រទេសអាស៊ានទាំង ១០ ហ្នឹងដែលទទួលបានអាហារូបករណ៍ទៅសិក្សា ហើយត្រឡប់មកដើម្បីជួយអភិវឌ្ឍប្រទេសរបស់ពួកគេវិញ។ ទី ២ យើងអាចពង្រឹងទំនាក់ទំនងរវាងប្រទេសឥណ្ឌាជាមួយប្រទេសអាស៊ានទាំង ១០»៕