ភ្នំពេញៈ ប្រមុខ​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​មាន​ទីប្រឹក្សា​ផ្ទាល់ ​និង​ជំនួយការ​ចំនួន ១០១​ រូប​ តាមរយៈ​ការតែងតាំង​ពី​ប្រមុខ​រដ្ឋស្តីទី ​លោក​សាយ​ ឈុំ ​ដែល​អ្នក​វិភាគ​អះអាង​ថា​ ជាការ​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​និង​ធនធាន​ជាតិ។

យោងតាម​ព្រះ​រាជក្រឹត្យ​មួយ ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ​សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា ​ក្នុងនាម​ប្រមុខរដ្ឋ​ស្តីទី ​កាលពី​ថ្ងៃទី ១៨​ ខែកញ្ញា ​ឆ្នាំ ២០១៨​ គឺ​ បានបង្ហាញ​នូវ​ឥស្សរជន​ចំនួន៤៦​រូប​ត្រូវ​បានតែងតាំង​ជាទីប្រឹក្សា​ផ្ទាល់ ​និង​ជំនួយ​ការ​ចំនួន៥៥​រូប ​ដែលការតែងតាំង​នេះ​ធ្វើ​ឡើង​តាម​សំណើរបស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បន្ទាប់ពី​លោក​បាន​បញ្ចប់ ​តំណែង​ទីប្រឹក្សា​ផ្ទាល់​និង​ជំនួយការ​កាលពី​អា​ណត្តិ​មុន។

ព្រះរាជ​ក្រឹត្យ​បានចែង​ថា​៖«យើង​ត្រាស់​បង្គាប់​តែងតាំង​ទីប្រឹក្សា​ផ្ទាល់​និង​ជំនួយការ​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន​ នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​»។

ទីប្រឹក្សា​ផ្ទាល់​របស់​លោក​ហ៊ុន សែន​ ដែលត្រូវបាន​តែងតាំង​ថ្មីនេះ ​រួមមាន​ លោក នុត​ ឈឿម ​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ លោក រស់ ​ចន្ត្រា​បុត្រ ​មាន​ឋា​នៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​បន្ថែម​មុខងា​របច្ចុប្បន្ន​ លោកស្រី ​ខ្លូត ធីតា​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី លោក​អ៊ុក​ ចាន់​ មានឋានៈ​ស្មើ​រដ្ឋមន្ត្រី ​លោកកង​ កេង ​មានឋានៈ​ស្មើ​រដ្ឋមន្ត្រី​…។

ដោយឡែក ​ជំនួយការ​ រួមមាន​ លោកនុត បូ​ពិ​ណ្ណា​រ៉ា​មាន​ឋា​នៈ​ស្មើ​រដ្ឋលេខា​ធិការ​ លោក មិន ​ចណ្ឌី​ណា​វុ​ធ មាន​ឋា​នៈ​ស្មើ​រដ្ឋលេខា​ធិការ​បន្ថែម​មុខងារ​បច្ចុប្បន្ន ​លោក ​រាល ​ម៉ា​រ៉ាវី ​មាន​ឋានៈ​ស្មើ​រដ្ឋលេខា​ធិការ ​លោកអ៊ាង​ សុផល្លែត ​មានឋានៈ​ស្មើ​រដ្ឋលេខា​ធិការ​…។

ជាមួយ​គ្នានេះ​ដែរ ​ប្រមុខ​រដ្ឋ​ស្តីទី​ក៏បាន​សម្រេច​តែងតាំង​លោក​​ សំហេង ​បុរស​ ជា​រដ្ឋលេខា​ធិការ​ ក្រសួង​សង្គមកិច្ច​ អតីត​យុវជន​ និង​យុវ​នីតិ​សម្បទា ​លោក ​ចាន់ សុ​វុ​ដ្ឍ ​រដ្ឋលេខា​ធិការ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ ​លោក លេង​ ផា​លី​ ​ជា​រដ្ឋ​លេខ​ធិ​ការ​ក្រសួង​ផែនការ​ លោក​ សុខ​ សប្បាយ​ណា ​អនុរដ្ឋ​លេខាធិការ​ ក្រសួង​អប់រំ ​យុវជន​និង​កីឡា ​និង​ លោក​សាន​ វឌ្ឍ​នា ​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​អប់រំ ​យុវជន​និង​កីឡា។

ក៏ប៉ុន្តែ លោក​ សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ បាន រិះគន់​ ការតែងតាំង​ទីប្រឹក្សា​ផ្ទាល់​ជំនួយ​ការ​ និង​ការតែងតាំង​ ថ្នាក់​ដឹកនាំ​បន្ថែម​ទៅក្នុង​ក្រសួង​មួយចំនួននេះ ​ដោយលោក​ថា ​ជាការតែងតាំង​តាមសែ​ស្រឡាយ​និង​បក្ខ​ពួក​ខ្លួន ​ហើយ​ថា​នាំឲ្យ​មាន​ការ​ខាតបង់​ថវិកា​ជាតិ​ និង​ធនធាន​ជាតិ។​

លោក​ សន​ ជ័យ​ បាន​ថ្លែង​ថា​៖ «យើង​មិន​លើក​ទឹក​ចិត្ត​ទេ​ការតែងតាំង​ទីប្រឹក្សា​ច្រើន​ ហើយការ​តែងតាំង​ទីប្រឹក្សា​បើ​ជា​សែ​ស្រឡាយ ​ដោយ​សារ​វា​ធ្វើ​ឲ្យ​ខាតលុយ​ជាតិ​»។

លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ការពារ​ការតែងតាំង​ទីប្រឹក្សា​ផ្ទាល់​និង​ជំនួយការ​ខាងលើ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ ដោយថា​ការតែងតាំង​នេះ​គឺ​ជា​រឿង​ត្រឹមត្រូវ​ទៅ​តាមច្បាប់​ ហើយ​គឺជា​ការចាំបាច់​របស់​រដ្ឋា​ភិបាល ​ហើយ​ថា​ការចោទ​ថាខាតបង់​ថវិកា​និង​ធនធាន​ជាតិ​គឺជា​ក្រុម​ប្រឆាំង។

លោក​បបញ្ជាក់​ថា​៖«វា​ស្ថិត​នៅ​លើ​សំណូមពរ​និង​ភារ​កិច្ចន​យោបាយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​មានសិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើទៅ​ព្រះ​កុរណា​ដើម្បី​ធ្វើ​ការ​តែងតាំង​ស្រប​ទៅ​តាម​សំណូម​ពរ​និង​ការ​ចាំ​បាច់​នៃ​ការ​ងារ​ហើយ​ត្រង់​អ្នក​ណា​ថា​អី​ថា​ទៅ»។​

លោកប​ន្ថែមថា​៖«ហើយ​នេះ​គឺ​ជា​សិទ្ធិ​ផ្តាច់​មុខ​របស់​គណបក្ស​ឈ្នះ​ឆ្នោត​ក៏ដូច​ជា​នាយក​រដ្ឋមន្ត្រី​នៃ​រាជរ​ដ្ឋាភិបាល​… ធ្វើ​ម៉េច​ក៏​មិន​ពេញចិត្ត​ពួក​អ្នក​ប្រឆាំង​ដែរ​ឲ្យ​គាត់​ថា​ទៅ​តែយើង​នៅ​តែ​ធ្វើ​ទៅ​តាម​ការងារ​ចាំបាច់​ ដែលត្រូវ​ធ្វើ​របស់​យើង»។