ភ្នំពេញៈ ឧត្តមស្នងការសិទ្ធិមនុស្ស និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានគូសបង្ហាញអំពីសេរីភាពនយោបាយ និងសង្គមស៊ីវិល ដែលមានលក្ខណៈរួញតូចជាងមុននៅក្នុងរបាយការណ៍មួយពីមុនកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្តីពីកម្ពុជានៅក្នុងខែមីនានេះ។
របាយការណ៍ស្តីពីជំនួយបច្ចេកទេស និងការកសាងសមត្ថភាពដែលចុះហត្ថលេខាកាលពីថ្ងៃទី ២ ខែកុម្ភៈ និងចុះផ្សាយកាលពីថ្ងៃចន្ទបានគូសបង្ហាញអំពីសកម្មភាពរបស់ការិយាល័យ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាចន្លោះពីថ្ងៃទី ១ ខែកក្កដា និងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧។
ពួកគេសរសេរថា៖ «រយៈពេលរាយការណ៍បានរកឃើញមានការបន្តភាពតានតឹងនយោបាយខ្លាំងឡើង និងការទប់ស្កាត់សេរីភាពសង្គមស៊ីវិល»។ ពួកគេសរសេរថាការកើនឡើងភាពតានតឹងនេះរួមមានការចាប់ខ្លួនលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងកាលពីខែកញ្ញា និងការរំលាយគណបក្សសង្គ្រោះជាតិ និងការបំភិតបំភ័យអ្នកនយោបាយ និងសង្គមស៊ីវិល។
របាយការណ៍នេះបានបន្តថា៖ «អតីតសមាជិកមួយចំនួននៃគណបក្សសង្គ្រោះជាតិបានជម្រាបជូនការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សថា ពួកគេកំពុងត្រូវបានបំភិតបំភ័យដោយនគរបាល ហើយអ្នកខ្លះត្រូវបានគំរាមកំហែងថានឹងត្រូវចាប់ខ្លួន»។
ជាងនេះទៀត «ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានទទួលរបាយការណ៍ជាច្រើនអំពីការបំភិតបំភ័យអង្គការសង្គមស៊ីវិល និងការភិតភ័យក្នុងចំណោមបុគ្គលិករបស់ពួកគេ»។
ការពិភាក្សាអំពីកម្ពុជានៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាថ្ងៃទី ២១ មីនា ដែលជាពេលរបាយការណ៍នឹងត្រូវបង្ហាញ។ ក្រុមប្រឹក្សាបានធ្វើការពិភាក្សាអំពីបញ្ហាកម្ពុជាតាំងពីថ្ងៃទី ២៦ ខែមករា។ ក្នុងអំឡុងកិច្ចប្រជុំនៃរដ្ឋាភិបាលឋានៈខ្ពស់របស់ប្រទេសសមាជិក និងតំណាងប្រទេសនៅក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីសប្តាហ៍មុន។
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Manabu Horii ក៏បានលើកឡើងដោយសង្ខេបផងដែរអំពីស្ថានភាពក្នុងប្រទេសកម្ពុជា។ លោកថ្លែងថា៖ «ក្នុងប្រទេសកម្ពុជា វាសំខាន់ណាស់ដែលត្រូវរៀបចំការបោះឆ្នោតទូទៅនាខែកក្កដានេះក្នុងលក្ខណៈមួយដែលឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាជន»។
លោកបញ្ជាក់ថា៖ «ជប៉ុននឹងឃ្លាំមើលស្ថានការណ៍ដោយយកចិត្តទុកដាក់បំផុត ឬបន្តជួបជាមួយរដ្ឋាភិបាលកម្ពុជា ប្រសិនបើចាំបាច់។ ពីពេលនេះតទៅជប៉ុននឹងខិតខំជានិច្ចក្នុងការបង្កើតតម្លៃមូលដ្ឋានដូចជា សិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុងតំបន់»។
លោក Tariq Ahmad រដ្ឋមន្ត្រីរបស់អង់គ្លេសទទួលបន្ទុកនៅអង្គការសហប្រជាជាតិបានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍ «អាចនឹងធ្វើឲ្យមានហានិភ័យ ប្រសិនបើសេរីភាពនយោបាយ និងសង្គមស៊ីវិលសឹករេចរឹល» ដោយលោកបានចង្អុលបង្ហាញទៅលើការរំលាយគណបក្សសង្គ្រោះជាតិ និងការអភិវឌ្ឍតំបន់ដទៃៗទៀត។
លោកបានលើកឡើងថា៖ «យើងសង្ឃឹមថាប្រទេសថៃ កម្ពុជា និងម៉ាឡេស៊ីនឹងអាចធ្វើឲ្យមានការពិភាក្សាដោយសេរី និងកិច្ចពិភាក្សានយោបាយដោយចំហ មុនការបោះឆ្នោតរបស់ខ្លួនដែលបង្ហាញថា ប្រជាធិបតេយ្យក្នុងតំបន់នៅរស់ និងល្អ»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានថ្លែងថា៖ «ខាងកម្ពុជាមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីពន្យល់អំពី [ការចាប់ខ្លួនលោក កឹម សុខា] និងការរំលាយ [គណបក្សសង្គ្រោះជាតិ]»។
លោក ស៊ីផាន បានបង្វែរសំណួរបន្ថែមទៅលោក កែវ រ៉េមី ដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលលោកថ្លែងថា គួរតែបង្កើតនូវការិយាល័យទំនាក់ទំនងសមស្រប។
លោក ផៃ ស៊ីផាន បានថ្លែងសំដៅទៅសហការីរបស់លោកថា៖ «ប្រាប់ការពិតអំពីអ្វីដែលកំពុងកើតមាន ហេតុអ្វីអ្នកខ្លាចប្រព័ន្ធផ្សព្វផ្សាយ? ប្រាប់ពួកគេនូវរាល់អ្វីៗទាំងអស់។ នោះហើយជាវិធីសាស្ត្ររបស់ខ្ញុំ»។
លោក កែវ រ៉េមី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេនៅត្រឹមម៉ោងចុះផ្សាយព័ត៌មានកាលពីយប់មិញ៕ PS