ភ្នំពេញ: សាលា​ឧទ្ធរ​ណ៍គ្រោង​បើក​សវនា​ការ​សំណុំ​រឿង​អតីត​អ្នក​សារ​ព័ត៌​មាន​វិទ្យុ​អាស៊ី​សេរី (RFA) លោក ​អ៊ួ​ន ឈិន និង​លោក​ យាង សុធា​រិន្ទ ហៅ​ សុជា​មេត្តា នៅ​ថ្ងៃទី​ ២១ ​មិថុនា​ខាង​មុខ​នេះ​ ពាក់​ព័ន្ធ​បទ​ចោទ ​«ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌​មា​ន​​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ» ខណៈ​សាមី​ខ្លួន​ស្នើ​ឲ្យ​ទម្លាក់​ បទ​ចោទ​ចោល​ទាំងអស់។

តាម​លិខិត​អញ្ជើញ លោក សំ ចំរើន មេធាវី​ការពារ​ក្ដី​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ដែល​ចុះហត្ថលេខា​ដោយ​លោក​សាយ​ សុខហឿង ក្រឡាបញ្ជី​សាលា​ឧទ្ធ​រណ៍​ចុះ​ថ្ងៃទី​ ១៦ ​មិថុនា​ ​បាន​ឲ្យ​ដឹង​ថា​៖ «សូម​ជម្រាប​មក​មេធាវី​ សំ ចំរើន ​(មេធាវីការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​​ចោទ​​ឈ្មោះ អ៊ួ​ន ឈិន និង​ យាង សុធា​រិន្ទ ហៅ​ យាង សុជា​មេត្តា) ដើម្បី​ជំនុំ​ជម្រះ​រឿង​ប្រ​គល់​ឲ្យ​រដ្ឋ​បរ​ទេស​នូវ​ព័ត៌​មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្ត​រាយ​ការការ​ពារ​ជាតិដែល​ត្រូវ​ប្រព្រឹ​ត្ត​ទៅ​​នៅ​ថ្ងៃ​ទី​ ២១ ​មិថុនា ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ៨ ព្រឹកនៅ​បន្ទប់​សវនាការ​ទី​ ៣។

លោក យាង សុជា​មេត្តា អតីត​អ្នកសារព័​ត៌មាន​វិទ្យុ​អាស៊ី​សេរី ​(RFA) បាន​ថ្លែង​​ពី​ម្សិល​មិញ​ថា នៅ​ថ្ងៃទី ២១ មិថុនា​ សាលា​ឧទ្ធរណ៍​នឹង​បើក​សវ​នាការ​​លើ​សំណុំរឿ​ង​ចំនួន​ ២ គឺ​រឿង​លោក​ទាំង​២​នាក់​ស្នើសុំ​ឲ្យ​តុលា​ការ​បញ្ឈប់​ការ​ដាក់​ពួក​លោក​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការនិង​បណ្ដឹង​ទាម​ទារ​យក​សម្ភារ​ដែ​ល​​តុលា​ការបានរឹប​អូស​នោះ​មក​វិញ។

លោក​បន្ត​ថា ការ​ស្នើ​បែប​នេះដើម្បី​បង្កល​ក្ខណៈ​ងាយ​ស្រួល​ដល់​ពួក​លោក​ក្នុង​ការរក​ការងារ​ធ្វើសម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាពប្រចាំ​ថ្ងៃ និង​មាន​ឱ​កាស​អាច​ទៅ​រៀន​សូត្រ​នៅ​ក្រៅ​ប្រទេស​ផ​ងដែរ។សម្រាប់​លោក អ៊ួ​ន ឈិន ចង់បាន​ឧបករ​ណ៍​ទាំង​អ​ស់​ដែល​តុលាការ​បាន​រឹប​អូស​នោះ​មក​វិញ​ដើម្បីបង្កើត​មុខរបរ​រកស៊ី​ចិញ្ចឹម​ជីវិត។

លោក​ សុជា​មេត្តា បាន​បញ្ជា​ក់ថា៖ «ខ្ញុំ​គិតថា បើ​តុលា​ការគិត​យល់​ពី​ស្ថានភាព​ពួក​ខ្ញុំ​ជាក់​ស្ដែងគឺ​គួរតែ​ទម្លាក់​ចោល​ការ​ត្រួត​ពិ​និ​ត្យ​​ទាំង​អស់​ហ្នឹង​ទៅ ហើយបើ​តុលា​ការបន្ត​ការ​ស៊ើប​អង្កេត ក៏​បន្ត​ស៊ើប​ទៅ ហើយ​យើង​នឹង​បន្ត​សហ​ការ​ជាមួយ​តុ​លា​ការ​​ជា​រៀង​រហូត​ទេ តុលា​ការ​ត្រូវ​ការពេ​លណាៗអី​នោះ គឺ​យើង​នឹង​ទៅ​បង្ហាញ​ខ្លួន​រហូត​ទេ»។

លោក សំ ចំរើន មេ​ធាវី​ការ​ពារ​ក្ដី​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា បាន​ថ្លែង​ថា លោក​នឹង​ចូល​រួម​ក្នុង​សវនា​ការ​នេះ ហើយ​ខំប្រឹង​ឲ្យ​អស់​ពី​លទ្ធ​ភាព​ដើម្បី​កូន​ក្ដី​លោក​មាន​សេរី​ភាព​ពេញ​លេញ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​មាន​យោប​ល់​អ្វី​ច្រើន​ទេ ប៉ុន្ដែ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ជួយ​ពួក​គាត់​ឲ្យ​មាន​សេរីភាព​ពេញ​លេញ​ឡើង​​វិញ​។ ខ្ញុំ​ក៏​ជំរុញ​ឲ្យ​តុលា​ការ​យើង​កែត​ម្រូវឬ​លុប​ចោល​បទ​ចោទ​ហ្នឹង​ទាំង​ស្រុង ព្រោះ​សព្វ​ថ្ងៃនេះ ​គាត់​មាន​បញ្ហា​ផ្នែក​ជីវភាព ​រស់​នៅ​ប្រចាំ​ថ្ងៃ»។

ក្រុម​ការ​ងារ​សហ​ប្រជា​ជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃទី​ ៣​ ខែ មិថុនា​ កន្លង​មក​នេះ បា​នចេញ​សេចក្ដី​​ថ្លែងការ​ណ៍​មួយ​ថា អ្នក​ទាំង​ ២​ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំក្រោ​ម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ​កាលពី​ថ្ងៃទី​ ២១​ ខែ សី​ហា ឆ្នាំ​ ២០១៨ ដោ​យ​​ត្រូវ​បាន​ឃុំ​ខ្លួន​រយៈ​ពេល​ជាង ​៩ ​ខែ ដោយ​គ្មាន​សវនាការ។

សេចក្ដី​ថ្លែង​ការ​ណ៍​បន្ត​ថា​ ក្រុម​ការ​ងារ​បាន​ស្នើ​សុំ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ឲ្យ​ដោះ​លែង​អ្នក​ទាំង​ ២​ ដោយ​គ្មាន​លក្ខ​ខណ្ឌ ផ្តល់​សិទ្ធិ​ឲ្យ​ពួកគេ​ទាមទារ​សំណង​ និង​ការជួស​ជុល​សំណង​ និង​សុំ​កែប្រែ​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទ​ណ្ឌ (បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌​មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការ​ពារ​ជាតិ) ដើម្បី​ធ្វើ​ឲ្យ​មាត្រា ៤៤៥ នេះ ស្រប​នឹង​កាតព្វកិច្ច​សិទ្ធិ​​មនុស្ស​របស់​ខ្លួន។

លោក អ៊ួ​ន ឈិន អតីត​អ្នក​គ្រប់គ្រង​ផ្នែក​វីដេអូ និង​លោក យាង សុធា​រិន្ទ ហៅ​ យាង សុជា​មេត្តា អតីត​បុគ្គលិក​​អា​ស៊ី​សេរី ត្រូវបាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​ពាក់ក​ណ្ដាល​ខែ ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ ​ហើយ​ត្រូវ​បាន​តំណាង​អយ្យ​ការ​អម​សា​លា​ដំបូង​រាជភ្នំ​ពេញ​ចោទ​ប្រកាន់​ពីបទ «ផ្តល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័​ត៌មាន​ជា​អាទិ៍​ដែល​នាំ​ឲ្យ​អន្ត​រាយ​ដល់​ការ​ការពា​រជា​តិ» ​តាម​មាត្រា​ ៤៤៥​ នៃ​ក្រម​ព្រហ្មទណ្ឌ។

បន្ទាប់ពី​​អ្នកវិ​ភាគ​នយោ​បាយ​ និង​សកម្ម​ជន​ដីធ្លី​សហ​គមន៍​បឹងកក់​ត្រូវបាន​ដោះ​លែង​ជា​បន្តប​ន្ទាប់​នោះ អ្ន​ក​ទាំង​ ២ នា​ក់​​នេះក៏ត្រូ​វ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដែរ​កាលពី​យប់​ថ្ងៃទី​ ២១ ​សីហា​ ឆ្នាំ ២​០១៨​ តាម​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​ជា​ប​ណ្ដោះ​អាស​ន្ន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ៕