ភ្នំពេញៈ សាលាឧទ្ធរណ៍ពីម្សិលមិញបានជំនុំជម្រះក្រុមចោរប្លន់ដាវសាមូរ៉ៃ ៤ នាក់ក្នុងចំណោម ៦ នាក់ដែលប្រព្រឹត្តនៅម្តុំវត្តមហាមន្ត្រីរាជធានីភ្នំពេញកាលពីឆ្នាំ ២០១៦ ជាសំណុំរឿងដែលតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់គុកម្នាក់ពី ៣ ដល់ ៥ ឆ្នាំ។
តាមអង្គហេតុបង្ហាញថាកាលពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០១៦ វេលាម៉ោងជាង ១០ យប់ថ្ងៃខែឆ្នាំដដែល ក្រុមចោរប្លន់បានជិះម៉ូតូ ៣ គ្រឿងហើយពេលដល់ម្តុំវត្តមហាមន្ត្រី ស្រាប់តែពួកគេបានដកដាវសាមូរ៉ៃ ១ ដើមគំរាមប្លន់យកម៉ូតូសេ ១២៥ ពីជនរងគ្រោះម្នាក់។ ប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ចក៏ស្រាវជ្រាវចាប់បាន ៦ នាក់នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រួមមាន ទី ១- ឈ្មោះ ជំនិត សុខៈឧត្តមសំណាង អាយុ ២៣ ឆ្នាំ ទី ២- ឈ្មោះ ឆយ សុវណ្ណម៉ូលី ហៅប៉ូលី អាយុ ១៩ ឆ្នាំ ជាសិស្ស , ទី ៣- ឈ្មោះ អ៊ុង មាស អាយុ ២១ ឆ្នាំ ទី ៤-ឈ្មោះ គៀង ផាយុទ្ធ អាយុ ២០ ឆ្នាំ ទី ៥-ឈ្មោះ កុល និង ទី ៦-ឈ្មោះ វ៉ាត (គេចខ្លួន)។
សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០១៧ ឱ្យឈ្មោះ ឆយ សុវណ្ណម៉ូលី និង ឈ្មោះ ជំនិត សុខៈឧត្តមសំណាង ជាប់គុកម្នាក់ៗ ៥ ឆ្នាំ,ឈ្មោះ អ៊ុង មាស,គៀង ផាយុទ្ធ ជាប់គុកម្នាក់ៗ ៤ ឆ្នាំចោទពីបទ «លួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា»។
ជនជាប់ចោទទាំង ៤ នាក់បានឆ្លើយក្នុងសវនាការកាលពីម្សិលមិញថា មុនកើតហេតុពួកគេបានបបួលគ្នាដើរលេងនៅវិមានឯករាជ្យ។ លុះម៉ោងប្រហែល ១០ យប់ក៏នាំគ្នាជិះម៉ូតូមកផ្ទះវិញ។ ប៉ុន្តែពេលមកដល់ចំណុចកើតហេតុស្រាប់តែឈ្មោះ វ៉ាត ជិះម៉ូតូកៀរម៉ូតូជនរងគ្រោះឈ្មោះ ចាន់ ណា ហើយក៏ដកដាវសាមូរ៉ៃគំរាមប្លន់យកម៉ូតូពីជនរងគ្រោះហើយឈ្មោះ កុល យកម៉ូតូជិះគេចខ្លួនបាត់។
ក្រុមជនជាប់ចោទថា៖ «ពួកខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ប៉ុន្តែពួកខ្ញុំទទួលស្គាល់ថាបានជិះម៉ូតូជាមួយពួកគេក្នុងពេលធ្វើសកម្មភាពមែន។ ពួកខ្ញុំសុំតុលាការបន្ថយទោសផង»។
លោកព្រះរាជអាជ្ញា សរ យសថាវរៈ តំណាងមហាអយ្យការសន្និដ្ឋានថា៖ «រឿងនេះហាក់ស្មុគស្មាញព្រោះកាលពីកើតហេតុ ជនជាប់ចោទខ្លះត្រូវនគរបាលហៅសួរហើយដោះលែងវិញហើយក៏ចាប់មកវិញទៀត។ ប៉ុន្តែខ្ញុំយល់ថា អង្គហេតុពិតជាកើតមានមែន។ ដូច្នេះដើម្បីយុត្តិធម៌សូមក្រុមប្រឹក្សាជំនុំជម្រះវិនិច្ឆ័យទៅតាមការយល់ឃើញចុះ»។
លោក ឃឹម សៀកឡុង មេធាវីចាត់តាំងការពារសិទ្ធិឲ្យជនជាប់ចោទសន្និដ្ឋានថានៅយប់ថ្ងៃនោះពិតជាមានអំពើប្លន់កើតឡើងមែន ប៉ុន្តែកូនក្តីលោកទាំង ៤ នាក់នេះមិនបានចូលរួមធ្វើសកម្មភាពទេ គឺគ្រាន់តែរួមដំណើរជាមួយប៉ុណ្ណោះ។
លោកថា៖ «រឿងនេះមានវិមតិសង្ស័យច្រើន ហើយតាមមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញវិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ ខ្ញុំសូមតុលាការដោះលែងពួកគេឲ្យមានសេរីភាពវិញ»។
ក្រោយជំនុំជម្រះលោកចៅក្រម ញូង ធុល ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីកានេះនឹងប្រកាសនៅថ្ងៃទី ១៧ ខែឧសភា ខាងមុខ៕