ភ្នំពេញៈ សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ពីម្សិលមិញបានលើកបណ្តឹងទាស់បុរសនីហ្សេរីយ៉ាម្នាក់មកជម្រះរឿងជួញដូរមេតំហ្វេតាមីន ១០០,១ ក្រាមបន្ទាប់ពីតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់គុក ៨ ឆ្នាំ។
តាមអង្គហេតុបានបង្ហាញថាបុរសជាប់ចោទឈ្មោះ IHENWE ODERAH FRANCIS អាយុ ៣២ ឆ្នាំជាកីឡាករបាល់ទាត់នៅកម្ពុជាដោយពីថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៦ ត្រូវបាននារីខ្មែរម្នាក់ទូរស័ព្ទឲ្យគាត់យកកញ្ចប់គ្រឿងញៀនឲ្យម៉ូយដោយឲ្យ ៥០ ដុល្លារ។ ប៉ុន្តែនៅពេលបុរសជាប់ចោទទៅដល់ទីតាំងណាត់ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បន្ទាប់មកសមត្ថកិច្ចក៏បន្តឃាត់ខ្លួនបុរសជាតិនីហ្សេរីយ៉ា ២ នាក់ និងស្ត្រីខ្មែរម្នាក់ទៀតផងដែរ។
សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសក្នុងឆ្នាំ ២០១៦ ដាក់ពន្ធនាគារ ៨ ឆ្នាំ និងពិន័យ ៤០ លានរៀល។
ជនជាប់ចោទបានឆ្លើយក្នុងសវនាការពីម្សិលមិញថាបានជាគាត់ធ្វើបែបនេះព្រោះគាត់ជួបការខ្វះលុយបង់ថ្លៃបន្ទប់ជួល និងទិញអាហារហូបចុក។ លោកសូមឲ្យតុលាការបន្ថយទោស។
លោកព្រះរាជអាជ្ញា ឃុត សុភាង តំណាងមហាអយ្យការសន្និដ្ឋានថា ជនជាប់ចោទបានសារភាព តែសមត្ថកិច្ចចាប់បានជាក់ស្ដែង។ ដូច្នេះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះត្រឹមត្រូវតាមច្បាប់ហើយ ខ្ញុំសូមតម្កល់សាលក្រមទុកជាបានការដដែល»។
លោក តេង បូរ៉ា មេធាវីចាត់តាំងការពារសិទ្ធិឲ្យជនជាប់ចោទសន្និដ្ឋានថា កូនក្តីលោកមានការសោកស្តាយ និងបានសារភាពនៅគ្រប់ដំណាក់កាល។
លោកថ្លែងថា៖ «គាត់សោកស្តាយហើយគាត់ប្រព្រឹត្តបែបនេះដោយសារតែគាត់ជួបបញ្ហាជីវភាព។ សូមក្រុមប្រឹក្សាជំនុំជម្រះបន្ថយទោសដល់គាត់នៅត្រឹម ៤ ឆ្នាំបានហើយ»។
ក្រោយជំនុំជម្រះលោកស្រីចៅក្រម ទិត្យសុទ្ធី បូរ៉ាលក្ខណ៍ ថ្លែងថាសាលដីកានេះប្រកាសនៅថ្ងៃ ២ មីនា ខាងមុខ៕